ដោយ កែវ និមល
2011-07-14
អ្នកធ្វើដំណើរតាមម៉ូតូ និងរថយន្តមួយចំនួនបានលើកឡើងថា ប៉ូលិសចរាចរណ៍មួយចំនួនអាងអំណាចធ្វើបាបអ្នកក្រ អ្នកស្រែចម្ការ ប៉ូលិសខ្លះមានអាកប្បកិរិយាមិនសមរម្យជាអ្នកបម្រើប្រជាពលរដ្ឋ និងជាអ្នកអនុវត្តច្បាប់ឡើយ។ក្នុងចំណោមប្រជាពលរដ្ឋអ្នកតវ៉ាទាំងនោះ ប្រជាពលរដ្ឋមួយរូបឈ្មោះ ផន រស់នៅខណ្ឌសែនសុខ ជាយក្រុងភ្នំពេញ បានលើកឡើងថា គាត់ជិះម៉ូតូចាស់មួយមិនមានកញ្ចក់មើលក្រោយ និងមិនមានប័ណ្ណបើកបរម៉ូតូ ហើយត្រូវប៉ូលិសចរាចរណ៍នៅចំណុចជិតពោធិចិនតុងទារផាកពិន័យ។ ដំបូងទារលុយផាកចំនួន ១៥ម៉ឺនរៀល ក្រោយមកមានការតវ៉ាជាបន្តបន្ទាប់ ហើយចុងក្រោយនៅសល់ ៣ម៉ឺនរៀល ដោយមិនមានចេញវិក្កយបត្រឲ្យឡើយ។
ពលរដ្ឋដដែលបន្តថា ៖ «គាត់ទារគេហួសហេតុពេក។ ទី១ អត់មានប័ណ្ណបើកបរ ហើយទី២ គេថាយើងប្រើកាតគ្រីសេះហោះ ហើយបើក្នុងច្បាប់ពិន័យ ផាកម៉ូតូដែលបាក់បែក និងបាត់ផ្លាកលេខនោះតែ ៦.០០០រៀលទេ។ តែទារខ្ញុំពី ១៥ម៉ឺនចុះមក ១០ម៉ឺន ចុះមក ៨ម៉ឺន ចុះមក ៦ម៉ឺន ដល់ខ្ញុំពិបាកពេកយកខ្ញុំ ៣ម៉ឺនទៅ តែអត់ឲ្យវិក្កយបត្រខ្ញុំទៀត»។
មាននិស្សិតមួយរូបបានលើកឡើងពីការផាកពិន័យនេះដែរ។ និស្សិតរូបនោះដែលមិនចេញឈ្មោះបានលើកឡើងថា រូបលោកត្រូវប៉ូលិសចរាចរណ៍ឃាត់ម៉ូតូដោយមិនបានកិបខ្សែមួកការពារ ក្បាលឲ្យបានត្រឹមត្រូវ។ ក្រោយពេលចាប់បានម៉ូតូ ប៉ូលិសចរាចរណ៍បានដឹកម៉ូតូនោះទៅអធិការដ្ឋាននគរបាលខណ្ឌ ដោយមិនផាកពិន័យនៅកន្លែងកើតហេតុឡើយ។ ក្រោយពេលយកទៅដល់អធិការដ្ឋាននគរបាលខណ្ឌហើយ ប៉ូលិសបានផ្ដើមផាកសរុបលុយចំនួន ២៧.០០០រៀល ដោយសរុបការដឹកជញ្ជូនទៅខណ្ឌ និងតម្លៃមើលថែម៉ូតូក្នុងពេលរក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាល ផង។
លោក សន ជ័យ អ្នកសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី១៣ កក្កដា ថា នៅក្នុងច្បាប់ចរាចរណ៍មាត្រា៨៨ បានចែងយ៉ាងច្បាស់អំពីប្រភេទបទល្មើស និងចំនួនប្រាក់ដែលត្រូវផាកពិន័យ។
លោក សន ជ័យ បានមានប្រសាសន៍ឲ្យដឹងទៀតថា បើប្រជាពលរដ្ឋរូបណាត្រូវប៉ូលិសចរាចរណ៍ប្រើអំណាចផាកពិន័យមិន ត្រឹមត្រូវ ប្រជាពលរដ្ឋត្រូវធ្វើពាក្យប្ដឹងទៅស្ថាប័នមានសមត្ថកិច្ចនានា ដូចជាអង្គភាពប្រឆាំងអំពើពុករលួយជាដើម ដើម្បីដាក់ទោសប៉ូលិសចរាចរណ៍ដែលប្រព្រឹត្តមិនបានត្រឹមត្រូវ ៖ «អ៊ីចឹង រាល់ការផាកពិន័យទាំងឡាយណាដែលលើសការកំណត់របស់ច្បាប់ គឺជាអំពើពុករលួយហើយ។ ខ្ញុំគិតថា ចំណុចនេះប៉ូលិសចរាចរណ៍កំពុងតែអង្គុយលើច្បាប់ហើយ»។
លោកឧត្ដមសេនីយ៍ផ្កាយ៣ នគរបាល គៀត ច័ន្ទថារិទ្ធ ជាអ្នកនាំពាក្យរបស់នគរបាលជាតិ បានមានប្រសាសន៍នៅថ្ងៃទី១៣ កក្កដា ឲ្យដឹងថា មេបញ្ជាការប៉ូលិសជាតិមិនបានគាំទ្រចំពោះប៉ូលិសចរាចរណ៍ដែល ប្រព្រឹត្តខុសឆ្គងឡើយ ហើយកាលពីកន្លះខែមុន លោក នេត្រ សាវឿន អគ្គស្នងការប៉ូលិសជាតិ បានជួបប្រជុំជាមួយនគរបាលចរាចរណ៍ទូទាំងប្រទេស ចាប់ពីប្រធានផ្នែកឡើងទៅ ដើម្បីណែនាំឲ្យប៉ូលិសចរាចរណ៍អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ចៀសវាងបាតុភាពតវ៉ាពីប្រជាពលរដ្ឋអំពីការរំលោភបំពាននានា។
លោកមានប្រសាសន៍បន្ថែមថា ៖ «យើងត្រូវធ្វើអី គឺធ្វើឲ្យត្រឹមត្រូវតាមច្បាប់ ហើយកាយវិការអត្តចរិតរបស់នគរបាលត្រូវតែសមសួន ពិសេសយើងមិនមែនថា អាងតែមានច្បាប់យើងបោះបង់ការអប់រំប្រជាពលរដ្ឋទេ។ ជួនណាកន្លែងខ្លះប្រជាពលរដ្ឋលោកមានការខុសឆ្គងមែន តែលោកអត់ទាន់បានយល់។ យើងផាកៗ យើងអនុវត្តច្បាប់តែយើងត្រូវអប់រំប្រជាពលរដ្ឋឲ្យលោកយល់ដឹងច្បាប់ ផងដែរ ដើម្បីឲ្យលោកសប្បាយចិត្តទទួលយកកំហុសរបស់ខ្លួន»។
លោក គៀត ច័ន្ទថារិទ្ធិ បានមានប្រសាសន៍ថា ដើម្បីចូលរួមបំបាត់ភាពខុសឆ្គងនានាដែលប្រព្រឹត្តឡើងដោយនគរបាល ចរាចរណ៍ខ្លះដែលមិនត្រឹមត្រូវនោះ ប្រជាពលរដ្ឋអាចប្ដឹងបាន ដើម្បីអ្នកគ្រប់គ្រងនគរបាលចរាចរណ៍អាចដឹងអំពីទោសកំហុសនានា ដែលបានធ្វើ ហើយគេដាក់ទោសពិន័យចំពោះបុគ្គលនគរបាលរូបណាដែលខុសឆ្គងនោះ។
លោកបន្តដូច្នេះ ៖ «ប៉ុន្តែវិធានមួយ គឺសុំឲ្យប្រជាពលរដ្ឋនោះកត់ឈ្មោះ លេខអត្តសញ្ញាណគាត់នោះ គាត់មានពាក់អត្តលេខនៅនឹងខ្លួន ហើយនិងឈ្មោះសុំឲ្យកត់ ហើយពេលម៉ោងនោះ រឿងរ៉ាវអីអ៊ីចឹង ហើយសុំឲ្យដាក់ពាក្យប្ដឹងមកចុះ យើងនឹងពិនិត្យ។ អាចប្ដឹងទៅតាមអធិការ ឬស្នងការនគរបាលរាជធានីភ្នំពេញ ឬក៏មកអគ្គស្នងការក៏បានដែរ»។
មាត្រា៨៨ នៃច្បាប់ចរាចរណ៍បានចែងថា បទល្មើសចរាចរណ៍ដែលជាបទលហុនោះ មាន ៤ថ្នាក់ គឺបទថ្នាក់លេខ១ ផាកពិន័យចំនួនពី ៣.០០០រៀល ទៅ ១០.០០០រៀល បទលហុថ្នាក់លេខ២ ផាកពិន័យពី ៤.០០០រៀល ទៅ ១៥.០០០រៀល បទលហុថ្នាក់ទី៣ ផាកពិន័យពី ៥.០០០រៀល ទៅ ២០.០០០រៀល និងបទលហុថ្នាក់ទី៤ ផាកពិន័យពី ៦.០០០រៀល ទៅ ២៥.០០០រៀល។
ចំពោះអ្នកបើកបរដែលមិនពាក់ខ្សែក្រវាត់ការពារ ឬមួកការពារសុវត្ថិភាព ត្រូវផាកពិន័យតាមបទល្មើសលហុថ្នាក់ទី១ ចំពោះម៉ូតូផាក ៣.០០០រៀល។ ចំពោះយានយន្តធុនស្រាលត្រូវផាកពិន័យចំនួន ៥.០០០រៀល។ ចំពោះការមិនមានកញ្ចក់មើលក្រោយ ក្នុងមាត្រា៨៨ មិនមានចែងបញ្ជាក់ពាក្យឲ្យច្បាស់លាស់ទេ តែបានចែងថា អំពើល្មើសទាក់ទងនឹងការរៀបចំតាក់តែងបរិធានបើកបរ ត្រូវមានទោសលហុថ្នាក់ទី២ ហើយត្រូវផាកពិន័យចំពោះម៉ូតូ គឺផាក ៤.០០០រៀល និងយានយន្តធុនស្រាលត្រូវផាក ៨.០០០រៀល។ ចំពោះការមិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ឬភ្លើងសញ្ញាភ្លឹបភ្លែត ដែលភាសាសាមញ្ញហៅថា ភ្លើងស្តុបនោះ ត្រូវមានទោសលហុថ្នាក់ទី៣ ហើយចំពោះម៉ូតូត្រូវផាកពិន័យ ៥.០០០រៀល និងចំពោះយានយន្តធុនស្រាលត្រូវផាកពិន័យ ១០.០០០រៀល។
ទាក់ទងនឹងការឃាត់យានយន្ត និងការផាកពិន័យដោយមិនមានចេញបង្កាន់ដៃឲ្យអ្នកបើកបរតាមច្បាប់ ចរាចរណ៍ជើងគោក មាត្រា៧២ បានចែងថា មន្រ្តី ឬភ្នាក់ងារនគរបាលទទួលបន្ទុកសណ្ដាប់ធ្នាប់ចរាចរណ៍ណាដែលប្រើសិទ្ធិ អំណាចដោយរំលោភក្នុងការដកហូតយកប័ណ្ណបើកបរ ផ្លាកលេខ ប័ណ្ណសម្គាល់យានយន្ត ឬឃាត់ទុកយានរបស់អ្នកបើកបរ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ ១ខែ ឬ/និង ពិន័យជាប្រាក់ពី ២៥.០០០រៀល ទៅ ២០០.០០០រៀល។
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ ឬ/និង ពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល ចំពោះមន្ត្រី ឬភ្នាក់ងារទទួលបន្ទុកសណ្ដាប់ធ្នាប់ចរាចរណ៍ណាដែលបង្ខំទារប្រាក់ ពិន័យមិនត្រឹមត្រូវតាមច្បាប់កំណត់ ទទួលប្រាក់ដោយការប្រើប្រាស់ក្បាលសៀវភៅសម្រាប់ពិន័យដែលមានគល់ បញ្ជីមិនត្រឹមត្រូវ ឬដោយមិនចេញបង្កាន់ដៃប្រាក់ពិន័យឲ្យអ្នកបើកបរដែលត្រូវពិន័យ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น