​រថយន្ត​ដឹក​សំពីង​សំពោង​​លើ​ស​ចំណុះ​នៅ​តែ​បន្ត​​មាន​លើ​​ដង​ផ្លូវ​ជាតិ​លេខ​5

(ប្រុសកោះ)
ថ្ងៃព្រហស្បត្ត៏ ទី១៤ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១១:០២
រថយន្ត​ដែល​ដឹក​ហួស​ចំណុះ
កោះសន្តិភាព
រថយន្ត​ដែល​ដឹក​ហួស​ចំណុះ

ខេត្ត​បន្ទាយមានជ័យ ៖ ​​មួយ​រយៈ​កន្ល​ង​មក​នេះ ទោះ​បី​​ច្បាប់​ចរាចរណ៍​​ផ្លូវគោក​​ត្រូវ​បាន​គេ​មើល​ឃើញថា សមត្ថកិច្ច​​គ្រប់​ខេត្ត​-​ក្រុង​​​ពង្រឹង​​​ការ​ទប់ស្កាត់​គ្រប់បែបយ៉ាង​ ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​​​គ្រប់​រូប​យល់​ដឹង​ពី​ផ្លូវ​ច្បាប់​​ ពិសេស​​​បញ្ចៀស​​បានគ្រោះថ្នាក់​​​ដែល​អាច​នឹង​កើត​​ឡើង​​ជាយ​ថា​ហេតុក្តី ក៏នៅ​លើ​ដងផ្លូវជាតិ​លេខ​៥ ​​ពិសេស​ក្នុង​​​ភូមិ​សាស្ត្រ​​​ខេត្ត​បន្ទាយមានជ័យ រថ​យន្ត​​ដឹក​សំពីង​សំពោង​​​ និង​ផ្ទុកទំនិញ​ហួស​ចំណុះ ​​នៅ​តែ​បន្ត​មាននៅឡើយ ​។

ជាក់ស្តែង​​​ រថយន្ត ​​​ដឹក​ទំនិញ​​ចេញ​ពីក្រុង​ប៉ោយ​ប៉ែត​​ឆ្ពោះ​ទៅ​ទីរួម​ខេត្ត​បន្ទាយមានជ័យ ក៏ដូច​ជាទៅ​កាន់ខេត្ត​នានា​នា​ពេល​បច្ចុប្បន្ន​​​​
នៅ​តែ​​​ដឹក​ទំនិញ​ យ៉ាង​សំពីង​សំពោង​​ដដែល ។ សម្រាប់​​រថយន្ត​ប្រភេទ​​ទួ​រីស​​១២​កៅអី​​ ត្រូ​វ​បាន​គេ​ដោះ​​កៅអី​ចេញ​ផ្ទុក​ទំនិញ ​ខាង​ក្នុង​​ពេញណែន​​ មិន​តែប៉ុណ្ណោះ​ផ្នែក​​ខាង​លើ​ដំបូល​វិញ គេផ្ទុក​ទំនិញ​​ស្ទើរ​តែ​ធំ​ប៉ុន​តួ​រថយន្ត​ទៀត​ផង ចំណែក​ផ្នែក​ខាងក្រោយ​ ក៏​​ផ្ទុក​ទំនិញ ​ហួស​កំណត់​ដែរ ​ដែលតាម​ច្បាប់​​ចរាចរណ៍ ​ផ្លូវគោក​ គឺ​​មិន​មាន​ការ​អនុញ្ញាត​​ឱ្យ​មានការ​​ដឹក​ជញ្ជូន​​បែបនេះទេ ។ ​ចំណែក​ឯ​រថយន្ត​កាមរី  ក៏ដូច​​គ្នា​ដែរ ​បច្ចុប្បន្ន​​ត្រូវគេ​ផ្ទុកទំនិញ​ពេញ​ទាំង​ខាង​​ក្នុងនិង​ខាងលើ​​ដំបូលយ៉ាង ​ខ្ពស់​  រីឯ​រថ​យន្ត​ប្រភេទ​​នីស្សាន់​វិញ ​ត្រូវគេ​​ផ្ទុក​ទំនិញ​​​ពេញខ្ពស់ខុសប្រក្រតី  ហើយ​ថែម​ទាំង​​រៀប​ពីលើ​​ក្បាល​រថយន្ត​​ថែមទៀត ។
រថយន្ត​​ទាំងនេះ ​គេ​​ធ្វើ​សកម្ម​ភាព​​ដឹក​ទំនិញ តែពេល​យប់​ប៉ុណ្ណោះ ឯពេល​ថ្ងៃ​អ្នក​បើក​បរ​​មិន​ហ៊ាន​ទេ ។ ចំណែក​ឯ​ទំនិញ​​ដែល​ដឹកតាម​រថយន្ត​​​ទាំងនោះ​​ ជាទំនិញ​ចេញពី​ប្រទេស​​សៀម តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត​​​ដោយស្រប​ច្បាប់​មិន​មែន​ជា​ទំនិញ​ គេច​ពន្ធឡើយ ។
គេកត់សម្គាល់​ថា តាម​ដង​ផ្លូវ​ជាតិ​លេខ៥ ​ពី​ក្រុង​ប៉ោយ​ប៉ែត​​ទៅទីរួមខេត្ត​បន្ទាយមានជ័យ ​ពេល​យប់គេ​ឃើញ​​មានសមត្ថកិច្ច​ពង្រឹង​ការត្រួត​ពិនិត្យ​​ជាច្រើន​កន្លែង​ ដែរ ​ប៉ុន្តែ​ពុំដឹង​ថា ​​មាន​មូល​ហេតុ​អ្វី​នោះទេ បាន​ជា​រថយន្ត​ដែលដឹក​​សំពីង​សំពោង​ទាំង​នេះ​នៅ​តែ​បន្ត​មានរៀង​រាល់​យប់ ។ មន្ត្រី​ប៉ូលិស​​សេដ្ឋ​កិច្ច​មួយរូប​បានប្រាប់​តាមទូរ​ស័ព្ទ​​​ថា រថយន្ត​ដឹកសំពីង​សំពោង​​​បែបនេះ​ទាល់​តែ​​​​​ប៉ូលិសចរាចរណ៍​​​ទើបមានសិទ្ធិ​ ​ចាប់​ឯ សម្រាប់​ខាង​លោក​គ្មានសិទ្ធិ​​ទេ ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น