ដោយ ទីន ហ្សាការីយ៉ា
2011-06-26
ភាពឥតការងារធ្វើ គឺជាក្ដីកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងខែត្រកំពង់ធំ ដែលធ្វើឲ្យពួកគាត់ប្រឈមនឹងបញ្ហាលំបាកផ្នែកជីវភាពប្រចាំថ្ងៃ និងបញ្ហាសុខភាពផ្សេងៗ។ក្នុងវ័យជាង ៣០ឆ្នាំ បុរសឈ្មោះ ម៉ម ពៅ នៅឃុំសណ្ដាន់ ស្រុកសណ្ដាន់ បានរៀបរាប់ថា សព្វថ្ងៃលោកគ្មានលុយគ្រប់គ្រាន់សម្រាប់ទិញសំលៀកបំពាក់ និងផ្ដល់លុយឲ្យកូនទៅរៀនគ្រប់គ្រាន់ទេ។ ដោយសារតែជីវភាពរបស់លោកខ្វះខាត កូនស្រីរបស់លោកអាយុជាង ១០ឆ្នាំ ដែលរៀននៅថ្នាក់ទី៤ បានទៅស៊ីឈ្នួលគេជម្រះស្មៅចម្ការគេនៅថ្ងៃសម្រាក ដើម្បីយកលុយទៅរៀន។
ទោះជាយ៉ាងណា លោក ម៉ម ពៅ បានសម្ដែងការព្រួយបារម្ភថា កូនរបស់លោកនឹងមិនបន្តការសិក្សាដល់ថ្នាក់វិទ្យាល័យទេ ដោយសារតែបញ្ហាជីវភាព ៖ "អាម្ហូបស៊ីមិនគ្រប់ ខោអាវកូនទៅរៀនទៀត លំបាកណាស់អាហ្នឹង"។
លោក ម៉េង នី អាយុ៤៧ឆ្នាំ នៅភូមិស្រែចង់ ស្រុកសណ្ដាន់ បាននិយាយថា សិស្សនៅតាមតំបន់ជនបទភាគតិចណាស់មានឱកាសក្នុងការសិក្សា ដោយសារតែកត្តាជីវភាពរបស់ឪពុកម្ដាយរបស់ពួកគេ គ្មានលទ្ធភាពឲ្យបន្តការសិក្សា កុំថាឡើយឲ្យបន្តការសិក្សាដល់ថ្នាក់មហាវិទ្យាល័យ សូម្បីរៀនត្រឹមថ្នាក់បឋមសិក្សា គ្រួសារមួយចំនួនស្ទើរតែគ្មានលទ្ធភាពឲ្យកូនរៀនចប់ថ្នាក់បឋម សិក្សាផង ៖ "ដល់ពេលសិស្សពេញវ័យចេះធ្វើការអីហើយ រត់ចោលសាលាច្រើន ចាប់ពីថ្នាក់ទី៥ ដល់ថ្នាក់ទី១២ រត់ចោលសាលាច្រើន"។
ការត្អូញត្អែររបស់ឪពុកម្ដាយសិស្សអំពីបញ្ហាខ្វះលទ្ធភាពឲ្យកូន របស់ពួកគាត់បន្តការសិក្សានេះ មិនមែនមានតែនៅស្រុកសណ្ដាន់នោះទេ គឺមានប្រជាពលរដ្ឋមួយចំនួនទៀតនៅស្រុកប្រាសាទសំបូរ ស្រុកបារាយណ៍ និងក្រុងស្ទឹងសែន ពួកគាត់បានលើកឡើងប្រហាក់ប្រហែលគ្នាអំពីបញ្ហាលំបាក ដោយសារតែពួកគាត់គ្មានមុខរបរធ្វើពិតប្រាកដ។
ស្ត្រីមួយរូបមានអាយុជាង ២០ឆ្នាំ ឈ្មោះ មិត្ត ភាង នៅភូមិស្រយូវ ឃុំគោល ស្រុកប្រាសាទសំបូរ រស់នៅផ្ទះខ្ទមតូចមួយធ្លុះធ្លាយជញ្ជាំង និងដំបូលប្រក់ស្បូវនៅតំបន់ដាច់ស្រយាលមួយ បានរៀបរាប់ទាំងក្ដីអស់សង្ឃឹមនៅក្នុងឆាកជីវិតរបស់អ្នកស្រីថា សព្វថ្ងៃ នាងមានកូនពីរនាក់គ្រប់អាយុទៅរៀនហើយ ប៉ុន្តែនាងគ្មានលទ្ធភាពទិញសំលៀកបំពាក់ឲ្យកូនរបស់នាងទៅរៀនទេ។
មិត្ត ភាង បានរៀបរាប់ស្ទើរតែស្រក់ទឹកភ្នែកថា សព្វថ្ងៃនេះកុំថាឡើយបញ្ជូនកូនទៅសាលា សូម្បីតែនាងចង់មានលុយបន្តិចបន្តូចទៅព្យាបាលជំងឺក៏គ្មានលុយទៅ ពេទ្យដែរ។ មិត្ត ភាង បញ្ជាក់ថានាងមានជំងឺខ្វះឈាម និងមានផ្ទៃពោះទៀត ដោយសារតែនាងខ្វះម្ហូបអាហារបរិភោគគ្រប់គ្រាន់ ៖ "លំបាកច្រើនណាស់ខ្ញុំ មិនដែលបានជាពីជំងឺ ហើយស្អីក៏ខ្វះហូបទាំងអស់ ឲ្យតែខានស៊ីឈ្នួលគេ អត់មានលុយចាយ អត់មានអីហូប"។
អ្នកភូមិនៅក្នុងខែត្រកំពង់ធំមួយចំនួនបានលើកឡើងថា ប្រាក់ចំណូលរបស់ពួកគាត់ប្រចាំថ្ងៃ ក្រៅពីធ្វើស្រែបានទិន្នផលស្រូវបន្តិចបន្តូច ពួកគាត់ដើរស៊ីឈ្នួលគេជម្រះស្មៅ នៅក្នុងចម្ការដំឡូងមីគេ ទាំងចាស់ទាំងក្មេង ក្នុងមួយថ្ងៃបាន ១ម៉ឺនរៀល។ ប្រាក់១ម៉ឺនរៀលនេះ ចំណាយលើការទិញម្ហូបស្ទើរតែមិនគ្រប់សម្រាប់គ្រួសារណាមានសមាជិក ច្រើន។ បើថ្ងៃណាឈឺ គឺពួកគាត់ប្រឈមនឹងបញ្ហាលំបាកគ្មានលុយព្យាបាលជំងឺ និងគ្មានលុយឲ្យកូនទៅរៀនជាដើម។
ប្រជាពលរដ្ឋរស់នៅឃុំស្រយូវ ក្រុងស្ទឹងសែន ឈ្មោះ ចំណាប់ បានបញ្ជាក់ថា កូនរបស់លោកឈប់រៀននៅថ្នាក់ទី៥ ដោយសារតែលោកគ្មានមុខរបរអ្វីធ្វើពិតប្រាកដ។ ចំណាប់ បានសម្ដែងការសោកស្ដាយថា ចំណេះវិជ្ជាមានសារសំខាន់សម្រាប់មនុស្សម្នាក់ៗ តែជាអកុសលលោកគ្មានលទ្ធភាពឲ្យកូនរៀនបន្តបាន ៖ "អាណិតកូន ឃើញកូនគេរៀនបានខ្ពស់ៗ ចេះដឹងទៅ ខ្ញុំខំរកដែរ តែវាមិនបានលំបាក"។
របាយការណ៍វិទ្យាស្ថានអភិវឌ្ឍន៍បរទេសរបស់ប្រទេសអង់គ្លេស (United Kingdom-based Oversea Development) បានចុះផ្សាយកាលពីថ្ងៃទី១៣ មិថុនា បង្ហាញថា អត្រាសិស្សបោះបង់ចោលសាលារៀនដ៏ច្រើន អត្រាសិស្សរៀនធ្លាក់ថ្នាក់ចំនួនច្រើន បញ្ហាគ្រូយកលុយសិស្សខុសច្បាប់ និងបញ្ហាប្រាក់ខែគ្រូតិច គឺជាកត្តាអវិជ្ជមានគួរឲ្យភ្ញាក់ផ្អើល ដែលបណ្ដាលឲ្យដំណើរការលើកតម្កើងគុណភាពខាងវិស័យអប់រំរបស់កម្ពុជា ស្រុតចុះ ដល់ចំណាត់ថ្នាក់ទាបបំផុតប្រៀបធៀបប្រទេសក្រីក្រដទៃលើសកលលោក។
ប្រធានមន្ទីរអប់រំខែត្រកំពង់ធំ លោក កឹម វិសុទ្ធ បានឲ្យដឹងនៅថ្ងៃទី២៥ មិថុនា ថាមកទល់ពេលនេះ លោកមិនទាន់មានរបាយការណ៍ពីនាយកសាលានីមួយៗ នៅក្នុងខែត្រកំពង់ធំ ថាមានសិស្សបោះបង់សាលាចំនួនប៉ុន្មាននាក់នៅឡើយ ៖ "មានបញ្ហាអីក៏យើងផ្សព្វផ្សាយតាមរយៈការប្រជុំផ្សេងៗ ហើយនាយកទាំងនោះក៏គេខំផ្សព្វផ្សាយឲ្យក្មេងៗចូលរៀនដែរ"។
សិស្សបោះបង់សាលាមិនមែនមានតែនៅតាមសាលាបឋមសិក្សាមួយចំនួននៃ ខែត្រកំពង់ធំនោះទេ គឺមានសិស្សសិក្សានៅថ្នាក់វិទ្យាល័យក៏បានបោះបង់ការសិក្សាដែរ ពួកគេមួយចំនួននោះបានធ្វើចំណាកស្រុកចោលការសិក្សាទាំងកណ្ដាលទី។
គ្រូបង្រៀននៅវិទ្យាល័យស្រះបន្ទាយ នៅស្រុកបារាយណ៍ បានមានប្រសាសន៍ថា លោកមានការព្រួយបារម្ភ ចំពោះសិស្សបោះបង់ការសិក្សា ដោយសារតែកត្តាជីវភាពរបស់ពួកគេ។ លោកបញ្ជាក់ថា យុវជនគឺជាមូលដ្ឋានគ្រឹះ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ តាមរយៈធនធានចំណេះដឹង តែបើក្រឡេកមើលយុវជននៅតំបន់ជនបទ ឈប់រៀនច្រើនបែបនេះ វាជាក្ដីបារម្ភសម្រាប់សង្គមទាំងមូល ៖ "ដើមឆ្នាំអ៊ីចឹងដូចជា ថ្នាក់ទី៧ មាន៥ថ្នាក់ ក្នុងមួយថ្នាក់មានសិស្ស ៥០នាក់ ប៉ុន្តែដល់ចុងឆ្នាំនៅ ៥ថ្នាក់ដដែល តែសិស្សក្នុង ១ថ្នាក់ មាន២០នាក់ទេ បាត់៥០%"។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថាទោះបីជាកន្លងមករដ្ឋាភិបាលបាន ជំរុញឲ្យប្រជាពលរដ្ឋបញ្ជូនកូនទៅសាលារៀន និងធ្វើសាលារៀនស្ទើរតែគ្រប់ទីកន្លែងយ៉ាងណាក្ដី តែវាមិនមានផលវិជ្ជមានច្រើនទេ ប្រសិនបើរដ្ឋាភិបាលមិនបានកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋនៅតាម តំបន់ជនបទទេនោះ ៖ "មិនងាយរីកចំរើនទៅណា សម្រាប់អ្នកមានគេនៅតែមានកូនគេរៀន បានធ្វើធំសម្រាប់យើងអ្នកក្រនៅតែក្រ កូនមិនបានរៀនទេ មិនងាយទេ"។
យុវតីឈ្មោះ ទី លីដាង ដែលនាងបានឈប់រៀននៅថ្នាក់ ៦ បាននិយាយថា កត្តាក្រីក្របានរុញច្រាននាងឲ្យបង្ខំចិត្តឈប់រៀនទាំងនៅក្មេង វ័យ។ លី ដាង បានលើកហេតុផលថា វាមានមូលហេតុជាច្រើនបានបង្ខំចិត្តនាងបោះបង់ការសិក្សាដោយសារ តែសាលានៅឆ្ងាយ គ្មានលុយទិញសៀវភៅ នាងជាកូនកំព្រាឱពុក ៖ "ចង់រៀនដែរ តែរៀនមិនកើតទេ គិតច្រើន មិនចេះអានអក្សរទេ ឈប់រៀនយូរហើយ"។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជា ឯករាជ លោក រ៉ង់ ឈុន បានសម្ដែងការព្រួយបារម្ភថា បើសិនជារដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់សិស្សបោះបង់សាលាទេ កម្ពុជានឹងមិនអាចសម្រេចទិសដៅសិក្សាអភិវឌ្ឍន៍សហស្សវត្សឆ្នាំ២០១៥ បានទេ។
របាយការណ៍ពីសមាគមគ្រូបង្រៀនកម្ពុជាឯករាជបានសរសេរថា ក្មេងៗ ដែលស្ថិតក្នុងក្រុមគ្រួសារអ្នកក្រីក្រជាង ៣៦% នៅកម្ពុជាបច្ចុប្បន្ន បានបោះបង់ចោលការសិក្សាដោយសារតែឪពុកម្ដាយគ្មានប្រាក់ចំណូល គ្រប់គ្រាន់សម្រាប់ទិញអាហារ ក៏គ្មានប្រាក់ឯណាសម្រាប់ឲ្យកូនចៅចំណាយទិញសៀវភៅក្រដាសមេរៀន និងរៀនគួរជាដើម៕
ไม่มีความคิดเห็น:
แสดงความคิดเห็น