ការ​វាយ​ស្គរ​ដាស់​ព្រលឹង​បុព្វ​បុរស​និង​វត្ថុ​សក្ដិសិទ្ធិ​នៅ​ប្រាសាទ​ព្រះវិហារ

ដោយ ហង្ស សាវយុត
2011-07-07
ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ជិត​ប្រាសាទ​ព្រះវិហារ ចង់​ឱ្យ​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ-ថៃ​ បញ្ចប់​ចាប់​ពី​ពេល​នេះ​តទៅ ដើម្បី​ទុក​ឱ្យ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​បាន​សុខ​សន្តិ​ភាព ​និង​​ការ​រីក​ចម្រើន។ ការ​ប្រាថ្នា​នេះ បាន​ធ្វើ​ឡើង​ក្នុង​ពេល​អបអរ​សាទរ​ចំពោះ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បេតិកភណ្ឌ​ពិភពលោក ខួប​គម្រប់ ៣ ឆ្នាំ​ ដែល​​គេ​ប្រារព្ធ​ធ្វើ​ជា​លើក​ដំបូង​នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ។ សំឡេង​ស្គរ​ដាស់​ព្រលឹង ត្រូវ​បាន​គេ​ប្រគំ ដើម្បី​ដាស់​ព្រលឹង​របស់​បុព្វបុរស​ខ្មែរ និង​វត្ថុ​សក្ដិសិទ្ធិ​ក្នុង​លោក ដែល​ជា​អ្នក​បាន​កសាង និង​ថែ​រក្សា​ប្រាសាទ​ព្រះវិហារ នៅ​
លើ​កំពូលភ្នំ​ដង​រែក​នៃ​ស្រុក​ជាំ​ក្សាន្ត នៅ​ក្នុង​ការ​ប្រារព្ធ​ធ្វើ​ពិធី​បួងសួង និង​អបអរសាទរ​នៃ​ការ​ចុះ​បញ្ជី​ដាក់​ប្រាសាទ​ព្រះវិហារ​ទៅ​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី ៧ ខែ​កក្កដា។ មន្ត្រី​រដ្ឋាភិបាល កង​ទាហាន ប្រជា​ពលរដ្ឋ និង​សិស្សានុសិស្ស​ប្រមាណ​ជិត ២.០០០ នាក់​បាន​ចូលរួម​ពិធី​នេះ ដោយ​បង្ហាញ​សេចក្ដី​សង្ឃឹម​ថា ប្រាសាទ​បុរាណ​នឹង​ទទួល​បាន​នូវ​ការ​អភិវឌ្ឍន៍​ឱ្យ​មាន​ចិរភាព​យូរ​អង្វែង​តទៅ​ទៀត​សម្រាប់​អនាគត។ មាន​របាំ​ប្រពៃណី​ជា​ច្រើន ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នាំ​យក​ទៅ​សម្ដែង​ជូន​ប្រជា​ពលរដ្ឋ​ទស្សនា ក្នុង​ពិធី​អបអរសាទរ​នេះ។ អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បាន​ឱ្យ​ដឹង​ថា ​ចាប់​តាំង​ពី​ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី ៧ ខែ​កក្កដា គឺ​នៅ​តាម​ទី​វត្ត​អារាម​ព្រះសង្ឃ​ពុទ្ធសាសនា​ទាំង​អស់​ទូទាំង​ខេត្ត​នេះ បាន​ទូង​ស្គរ​ដើម្បី​បន្ទរ និង​អបអរ​នូវ​ជោគជ័យ​ របស់​កម្ពុជា ដែល​សម្រេច​បាន​ការ​ដាក់​បញ្ចូល​ប្រាសាទ​បុរាណ​នៅ​ជាប់​នឹង​ព្រំដែន​ខ្មែរ-ថៃ​មួយ​នេះ​ ឱ្យ​ក្លាយ​ទៅ​ជា​របស់​មនុស្ស​ជាតិ​ទូទាំង​ពិភពលោក។ ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​កំពុង​រស់​នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ បាន​សម្ដែង​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង។ ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ធម្មជាតិ​សម្ដេច​តេជោ អ្នកស្រី ប៉ុញ សុខុម មាន​ប្រសាសន៍​ថា អ្នកស្រី​រីករាយ ដែល​បាន​មក​ចូលរួម​ពិធី​នេះ​ជា​លើក​ដំបូង ៖ «ព្រឹក​អារម្មណ៍​សប្បាយ​សប្បាយ​ខ្លាំង​ណាស់។ អរគុណ​ច្រើន​ហើយ​សប្បាយ​ទៀត។ ចង់​ឱ្យ​ប្រាសាទ​ព្រះវិហារ​ហ្នឹង​សុខសាន្ត​រហូត​ទៅ​ឱ្យ​រីក​ចម្រើន​ឱ្យ​សុខ កុំ​ឱ្យ​វា​មាន​ឈ្លានពាន​អី​ទៀត។ រត់​ប្រសេចប្រសាច​កូន​ចៅ​ពិបាក​ណាស់»។ មន្ត្រី​រដ្ឋាភិបាល​និង​មេទ័ព​ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ​ជា​ច្រើន បាន​ធ្វើ​ពិធី​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​បុព្វបុរស​ខ្មែរ និង​វត្ថុ​សក្ដិសិទ្ធិ​ក្នុង​លោក ឱ្យ​សម្ដែង​ឫទ្ធិ​បារមី​ជួយ​ទ្រទ្រង់ និង​ការពារ​ប្រាសាទ​ព្រះ​វិហារ​ឱ្យ​បាន​គង់វង្ស ពីព្រោះ​ថា​ទម្រាំ​តែ​ប្រាសាទ​ព្រះវិហារ បាន​ចុះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក គឺ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ទាំង​ផ្លូវ​ច្បាប់ និង​នយោបាយ​ការ​ទូត ដើម្បី​ឱ្យ​ពិភពលោក​ទទួល​ស្គាល់​កេរ​ដំណែល​ដ៏​អស្ចារ្យ​មួយ​នេះ នៅ​ស្រប​ពេល​ដែល​ប្រទេស​ថៃ​បាន​ព្យាយាម​ជំទាស់ និង​រារាំង​យ៉ាង​ខ្លាំងក្លា​ដែរ​នោះ។ លោក អ៊ុំ ម៉ារ៉ា អភិបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ជា​សាធារណ​ក្នុង​ការ​ប្រារព្ធ​ទិវា​អបអរ​សាទរ​ឆ្នាំ​ទី ៣ នៃ​ការ​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ​ថា ប្រាសាទ​ព្រះវិហារ គឺ​ជា​វត្ថុ​ដ៏​មាន​តម្លៃ​មួយ ដែល​មិន​អាច​កាត់​ថ្លៃ​បាន នៅ​ក្នុង​ចំណោម​ប្រាសាទ​បុរាណ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក អ៊ុំ ម៉ារ៉ា ៖ «ប្រាសាទ​ព្រះវិហារ គឺ​ជា​និមិត្តរូប​នៃ​ភាព​កំពូល​នៃ​អារ្យធម៌​ខ្មែរ និង​ភាព​ឧស្សាហ៍​ព្យាយាម​របស់​ប្រជាជាតិ​ខ្មែរ ដែល​បាន​ប្រើប្រាស់​នូវ​បច្ចេកទេស​ដ៏​ទំនើប​នៅ​សម័យ​នោះ ដើម្បី​កសាង​នូវ​ប្រាសាទ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ឧទ្ទិស​ដល់​អាទិទេព គឺ​ព្រះសិវៈ។ ថ្ងៃ​នេះ គឺ​ជា​ទិវា​គម្រប់​ខួប​ឆ្នាំ​ទី ៣ ដែល​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​ឈ្មោះ​ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​នៃ​អង្គការUNESCO»។ លោក ហង្ស សុទ្ធ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ​មាន​ប្រសាសន៍​ថា ជា​មោទនភាព​មួយ ដែល​ប្រាសាទ​ព្រះវិហារ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ពីព្រោះ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការ​យ៉ាង​ស្វិតស្វាញ​បំផុត​ទើប​ឈាន​ទៅ​ដល់​គោលដៅ​ដែល​ចង់​បាន​នេះ។ លោក ហង្ស សុទ្ធ ៖ «យើង​ឆ្លង​កាត់​ការ​លំបាក​សព្វ​បែប​យ៉ាង​អស់​រយៈ​ពេល ៧ ឆ្នាំ​ទម្រាំ​បាន​ចូល​ ហើយ​ជិត​បាន​ចូល និង​បាន​ចូល​ហើយ​វា​ទទួល​នូវ​ភាព​អវិជ្ជមាន​ការ​បាន​ចូល​ទៀត។ ឧទាហរណ៍​ជាក់​ស្ដែង​បំណង​របស់​សៀម គឺ​គេ​មាន​ពិត​ប្រាកដ​របស់​គេ​ក្នុង​ការ​បំផ្លាញ ក្នុង​ការ​អូស​បន្លាយ ក្នុង​ការ​ប្រទាញ ក្នុង​ការ​គំរាម​ដល់​បេតិកភណ្ឌ​ប្រាសាទ​ព្រះវិហារ​របស់​យើង។ ដូចជា​នៅ​ខែ ២ ឆ្នាំ ២០០៧ គេ​បាន​បង្កើត​បញ្ហា​នៅ​មុខ​ជិត​ផ្សារ​ចន្លោះ​សំបុក​ឃ្មុំ​នេះ។ គេ​បាន​រើ​របង​លួស​បន្លា​យក​មក​រៀបចំ​លយ​ចូល​មក​យើង​លូន​ចូល​មក​យើង»។ គ្រាន់​តែ​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ ត្រូវ​បាន​គណៈកម្មការ​បេតិកភណ្ឌ​ពិភព​លោក​សម្រេច​ចុះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក នៅ​ក្នុង​កិច្ច​ប្រជុំ​នាទី​ក្រុង​កេបិច (Quebec) ប្រទេស​កាណាដា កាល​ពី​ថ្ងៃ​ទី ៧ ខែ​កក្កដា​ឆ្នាំ ២០០៨។ ប្រាំបី​ថ្ងៃ​ក្រោយ​មក​ប្រទេស​ថៃ​បាន​ចាប់​ផ្ដើម​បង្កើត​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា ដោយ​អះអាង​ថា ទឹក​ដី​ទំហំ ៤,៦ គីឡូម៉ែត្រ​ការ៉េ ដែល​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ជា​របស់​ថៃ។ ថៃ​បាន​បញ្ជូន​កងទ័ព​ឈុត​ខ្មៅ​របស់​ខ្លួន​ចំនួន​ប្រមាណ ៤០០ នាក់ ចូល​លុកលុយ​ទឹក​ដី​ខ្មែរ​ត្រង់​វត្ត​កែវ​សិក្ខា​គិរី​ស្វរៈ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៣០០ ម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ២០០៨។ ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ និង​ថៃ បាន​កើត​មាន​ជា​ច្រើន​លើក និង​បណ្ដាល​ឱ្យ​ទាហាន​ទាំង​សង្ខាង​ស្លាប់ និង​របួស​ជា​ច្រើន​នាក់។ ការ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​តានតឹង​រវាង​ទាហាន​ខ្មែរ និង​ថៃ នៅ​តាម​បន្ទាត់​ព្រំដែន ចាប់​ពី​ប្រាសាទ​ព្រះវិហារ​រហូត​ដល់​ប្រាសាទ​តា​មាន់​ធំ ប្រាសាទ​តា​ក្របី ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ និង​តំបន់​ដទៃ​ទៀត បាន​ចាប់​កើត​មាន​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ទាំង​ពីរ​លែង​ទុក​ចិត្ត​គ្នា រហូត​មិន​អាច​ជួប​ដោះស្រាយ​ជម្លោះ​ព្រំដែន​ដោយ​ទ្វេ​ភាគី​បាន​ទៀត​ផង។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ខ្លះ បាន​រំពឹង​ទុក​ថា ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ អាច​នឹង​ដោះស្រាយ​គ្នា​ជា​ថ្មី​បាន នៅ​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ​ឡើង​កាន់​អំណាច ហើយ​រដ្ឋាភិបាល​របស់​លោក អាប់ភិស៊ីត ដែល​ពោរពេញ​ទៅ​ដោយ​ភាព​សត្រូវ​បាន​បាត់បង់​អំណាច​ទៅ។ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា លោក​ឃើញ​លោកស្រី យីងឡាក់ ដែល​ជា​អនាគត​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ថៃ បាន​លើក​ឡើង​ក្នុង​អង្គប្រជុំ​ថា លោកស្រី​នឹង​ដោះស្រាយ​ជា​បន្ទាន់​ជា​អាទិភាព ដើម្បី​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​ឡើង​វិញ។ លោក ផៃ ស៊ីផាន ៖ «សារ​ដែល​ចេញ​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ថៃ គឺ​គេ​អត់​ជឿ​ហើយ​គេ​ដាក់​ទណ្ឌកម្ម​ទៅ​តាម​គេ​មិន​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ ដែល​ដឹកនាំ​ដោយ​អាប់ភិស៊ីត រហូត​ដល់​អាប់ភិស៊ីត​ខ្លួន​ឯង​លា​ចេញ​ពី​ដំណែង​នោះ ដោយ​គេ​យល់​ឃើញ​ថា អាប់ភិស៊ីត ជា​នាយករដ្ឋមន្ត្រី​បិសាច ដែល​បង្កើត​ឱ្យ​មាន​ភាព​ច្របូក​ច្របល់​ទាំង​ក្នុង​ស្រុក​របស់​គេ​ផង ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា»។ បើ​ទោះ​បី​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO និង​រង់ចាំ​ការ​អភិវឌ្ឍន៍​ឱ្យ​មាន​ចិរភាព​គង់វង្ស​យូរ​អង្វែង​ត​ទៅ​ទៀត​រយៈ​ពេល ៣ ឆ្នាំ​មក​ហើយ​ក៏​ដោយ ក៏​ប្រាសាទ​នេះ​បាន​ទទួលរង​ការ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​គ្រាប់​កាំភ្លើង​ធំ​របស់​ទាហាន​ថៃ ដែល​បាញ់​ចូល​ខឿន​ប្រាសាទ​បណ្ដាល​ឱ្យ​ថ្ម​ជា​ច្រើន​បែកបាក់ នៅ​ពេល​ប្រយុទ្ធ​គ្នា​ចុង​ក្រោយ​រវាង​ទាហាន​ខ្មែរ-ថៃ​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ក្នុង​រឿង​ជម្លោះ​ព្រំដែន ចាប់​ពី​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ​ឆ្នាំ ២០១១។ ប្រសាទ​ក៏​ប្រឈម​នឹង​ការ​ពុក​ផុយ​ខូចខាត ប្រសិន​បើ​ពុំ​មាន​គម្រោង​ជួសជុល​ឱ្យ​បាន​ទាន់​ពេល​វេលា​ទេ​នោះ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น