នៅ​ព្រំដែន កងទ័ព​ខ្មែរ​ត្រៀម​ប្រយុទ្ធ​ការពារ​ទឹក​ដី​

ដោយ សួន សុផលមុន្នី

2011-07-02
កងទ័ព​រដ្ឋាភិបាល​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​សភាព​ប្រុង​ជើងការ​ខ្ពស់​ក្នុង​ការ​ត្រៀម​ប្រយុទ្ធ​ ការពារ​ទឹក​ដី​នៅ​តាម​​ខ្សែ​បន្ទាត់​ព្រំដែន នៅ​ពេល​ដែល​ប្រទេស​ថៃ បាន​បញ្ជូន​កងទ័ព​សំខាន់ៗ​ទាំង​បី​អង្គភាព និង​​គ្រឿង​សព្វាវុធ រួម​ទាំង​យន្តហោះ​ចម្បាំង​ទំនើបៗ​មក​ដាក់​ពង្រាយ​នៅ​តាម​ខ្សែ​បន្ទាត់​ ព្រំដែន​ថៃ ជាប់​ជាមួយ​ព្រំដែន​​កម្ពុជា។
RFA/Hang Savyouth
កងទ័ព​កម្ពុជា ត្រៀម​ប្រយុទ្ធ​នៅ​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ រូបថត​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១១។ កងទ័ព​កម្ពុជា និង​ថៃ បាន​ប៉ះទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១១ នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ។

ប្រធាន​គណៈ​បញ្ជាការ​កង​ឯកភាព​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុង អឿន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​​នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែ​កក្កដា ឆ្នាំ​២០១១ នេះ​ថា ប្រទេស​ថៃ មាន​ការ​ចល័ត​ទ័ព​របស់​ខ្លួន​ជា​ច្រើន​រយ​នាក់​នៅ​ពេល​យប់ ចូល​ទៅ​ក្នុង​បន្ទាយ​សឹក​រង​នៅ​ក្នុង​ភូមិសាស្ត្រ ខេត្ត​ស្រះកែវ រួច​ហើយ​មាន​ការ​ដឹក​ជញ្ជូន​បន្ត​ទៅ​តំបន់​ព្រំដែន ក្នុង​ខេត្ត​របស់​ថៃ ផ្សេង​ទៀត ជាប់​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ ប្រទេស​កម្ពុជា។
លោក​អភិបាល​ខេត្ត​បាន​បន្ត​ថា សកម្មភាព​ចល័ត​ទ័ព​របស់​ភាគី​ថៃ បាន​ចាប់​ផ្ដើម​កម្រើក​ខ្លាំងក្លា​នៅ​ពេល​ដែល​ថៃ គ្រោង​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ ចំណែក​ឯ​កងទ័ព​រដ្ឋាភិបាល​កម្ពុជា​វិញ បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​ការពារ​ខ្ពស់ បើ​ទោះ​បី​រយៈ​ពេល​ចុង​ក្រោយ​នេះ ស្ថានការណ៍​ព្រំដែន​ខ្មែរ-​ថៃ នៅ​ពុំ​ទាន់​មាន​ផ្ទុះ​អាវុធ​ជា​ថ្មី​ក៏ដោយ។
លោក អ៊ុង អឿន មាន​ប្រសាសន៍​បន្ថែម ៖ «បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ រាជរដ្ឋាភិបាល សម្ដេច​តេជោ លោក​ឲ្យ​ធ្វើ​ម៉េច​ដាស់​តឿន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ឥឡូវ​ទៅ​ដល់​ ថ្ងៃ​បោះ​ឆ្នោត និង​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​របស់​ប្រទេស​ថៃ ត្រូវ​តែ​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រយ័ត្ន និយាយ​រួម​ជា​និច្ចកាល​យើង​បាន​ត្រួត​ពិនិត្យ​ប្រចាំ​ថ្ងៃ​តែម្ដង»
ទាហាន​ការពារ​ព្រំដែន​ជួរ​មុខ​របស់​រដ្ឋាភិបាល​ខ្មែរ បាន​ថ្លែង​ឲ្យ​ដឹង​ថា សភាពការណ៍​នៅ​តាម​ខ្សែ​បន្ទាត់​​ព្រំដែន​ខ្មែរ-​ថៃ រហូត​មក​ដល់​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​នេះ នៅ​ពុំ​ទាន់​មាន​អ្វី​ប្រែប្រួល​ទេ ក៏​ប៉ុន្តែ​កងទ័ព​ជួរ​មុខ​របស់​កម្ពុជា នៅ​តែ​មាន​ការ​ប្រុង​ជើងការ​ខ្ពស់​ក្នុង​ការ​ការពារ​ទឹក​ដី​របស់​ខ្លួន ៖ «សភាពការណ៍ ​នៅ​ខាង​មុខ​ដែល​ខ្ញុំ​ក្ដាប់​បាន​វា​អត់​មាន​អី​ប្រែប្រួល​ទេ តែ​គ្រាន់​ថា យើង​នេះ​មាន​ការ​ប្រុង​ប្រយ័ត្ន យើង​ត្រៀម​លក្ខណៈ ដូច​ថា ទាហាន​ដែល​នៅ​តាម​មាត់​អូរ​ដាក់​ទាហាន​ប្រចាំ​នៅ​តែម្តង»
ប្រភព​ពី​កាសែត​បាងកក ប៉ុស្តិ៍ (Bangkok Post) នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១១​នេះ បាន​ដក​ស្រង​សម្ដី​ប្រភព​មន្ត្រី​យោធា​ថៃ មក​ចុះ​ផ្សាយ​ថា លោក ប្រាវីត វង់សូវ៉ាន់ (Prawit Wongsuwan) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ បាន​បញ្ជា​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​អង្គភាព​សំខាន់ៗ របស់​ថៃ ត្រៀម​ធ្វើ​ប្រតិបត្តិការ​ការពារ​ទឹក​ដី​របស់​ខ្លួន​នៅ​តាម​បណ្ដោយ​ខ្សែ​ បន្ទាត់​ព្រំដែន​ថៃ ជាប់​ជាមួយ​ព្រំដែន​ប្រទេស​កម្ពុជា។
កង​ទាហាន​ទាំង​នោះ មាន​កង​សូរ៉ាក់នារី​ថៃ (Suranaree Task Force) កង​ទាហាន​ជើង​ទឹក​ថៃ  នៅ​ក្នុង​ខេត្ត​ចាន់បុរី (Chanthaburi) និង​ខេត្ត​ត្រាត (Trat) ប្រទេស​ថៃ ត្រូវ​បាន​ដាក់​ពង្រាយ​ទៅ​កាន់​ខេត្ត​ក្នុង​ប្រទេស​ថៃ​ចំនួន​ពីរ ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​កម្ពុជា ដោយ​មាន​នាវា​ចម្បាំង​ថៃ ជា​ច្រើន​គ្រឿង​ទៀត​បាន​ដាក់​ត្រៀម​លក្ខណៈ​ជាមួយ​ផង។
ទន្ទឹម​គ្នា​នេះ​យន្តហោះ​ចម្បាំង (fighter jets) របស់​ថៃ ជា​ច្រើន​គ្រឿង ក៏​បាន​ធ្វើ​សកម្មភាព​ហោះហើរ​ល្បាត​នៅ​តាម​តំបន់​ព្រំដែន។ ចំណែក​ឯ​យន្តហោះ​ចម្បាំង​របស់​ថៃ ជា​ច្រើន​គ្រឿង​ទៀត ត្រូវ​បាន​ទទួល​បញ្ជា​ក្នុង​ការ​ត្រៀម លក្ខណៈ​សម្បត្តិ​ប្រយុទ្ធ​ដែរ។
មេបញ្ជាការ​យោធា​ភូមិ​ភាគ​ទី​១​ថៃ លោក ឧត្ដម ដេត ស៊ីតាបុត្រ (Udomdej Sitabutr ត្រូវ​បាន​កាសែត​បាងកក ប៉ុស្តិ៍ ដក​ស្រង់​សម្ដី​ថា កង​ថ្មើរ​ជើង​វរសេនា​ធំ​ទី​២ របស់​ថៃ ក៏​បាន​ត្រៀម​លក្ខណៈ​ការពារ​បូរណភាព​ទឹក​ដី​របស់​ខ្លួន នៅ​ក្នុង​ខេត្ត​ប្រាជិនបូរី (Prachin Buri) និង​ខេត្ត​ស្រះកែវ (Sa Kaeo) ដូច​នៅ​កងទ័ព​ថៃ ជា​ច្រើន​ទៀត ដែល​បាន​ដាក់​​ពង្រាយ​ការពារ​នៅ​ខ្សែ​បន្ទាត់​ព្រំដែន​ថៃ ជាប់​ជាមួយ​ព្រំដែន​ប្រទេស​កម្ពុជា។
អ្នក​វិភាគ​កត់​សម្គាល់​ថា ការ​បង្ហាញ​សាច់ដុំ​កងទ័ព​របស់​ប្រទេស​ថៃ មក​ដាក់​នៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​ថៃ ជាប់​ជាមួយ​ព្រំដែន​ប្រទេស​កម្ពុជា កើត​មាន​ឡើង​មួយ​សប្ដាហ៍​ក្រោយ​ពី​ប្រទេស​ថៃ បាន​ទទួល​បរាជ័យ​នៅ​ក្នុង​ការ​ប្រឆាំង​ជំទាស់​ផែនការ​ជួសជុល និង​អភិរក្ស​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា និង​ស្រប​ពេល​ដែល​ប្រទេស​ថៃ​ខ្លួន​ឯង គ្រោង​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ទី​៣ ខែ​កក្កដា ឆ្នាំ​២០១១​នេះ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น