កម្ពុជាស្នើ អង្គការ IRM ជួយសម្រួលថ្លៃ ធ្វើដំណើរជូន ពលករខ្មែរ៧នាក់ នៅម៉ាឡេស៊ី

Saturday, 09 July 2011 13:27   

ដោយ៖ សេង ផល្លាភ


ភ្នំពេញ៖ កម្ពុជាបានដាក់សំណើរសុំទៅអង្គការ IRM ដើម្បីឲ្យអង្គការនេះ ជួយសម្រួលថ្លៃធ្វើដំណើរជូនពលករខ្មែរ៧នាក់ ដែលកំពុងនៅក្នុងប្រទេសម៉ាឡេស៊ី ឲ្យឆាប់បានវិលមកប្រទេសកម្ពុជាវិញ ហើយពលករខ្មែរ៥នាក់ផ្សេងទៀត ដែលត្រូវបានថៅកែនៅប្រទេសម៉ាឡេស៊ី ធ្វើបាបរាងកាយ និងបង្ខំឲ្យធ្វើការ​ដោយឲ្យ​ប្រើថ្នាំញៀននោះ អាជ្ញាធរខ្មែរកំពុងតែស្វះស្វែងជួយអន្តរាគមន៍ ឲ្យមានសេរីភាពផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័តមានដើមអម្ពិលនៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១១ ថា មន្រ្តីស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី
បានធ្វើលិខិតបើកផ្លូវរួចរាល់អស់ហើយសម្រាប់ជនរងគ្រោះទាំង៧នាក់នោះ គឺនៅរង់ចាំតែការឆ្លើយតបរបស់អង្គការ IRM ដែលជាអង្គការមួយជួយពលរដ្ឋ ដែលទទួលរងនៅការជួញដូរលើសំណើរ ដែលកម្ពុជាបានស្នើសុំឲ្យជួយសម្រួលសំបុត្រយន្តហោះតែប៉ុណ្ណោះ។
ជាមួយគ្នានេះមន្រ្តីស្ថានទូតខ្មែរនៅម៉ាឡេស៊ី និងអាជ្ញធរម៉ាឡេស៊ី រួមពលករទាំង៧នាក់ បានសហការណ៍គ្នាយ៉ាងសកម្ម ក្នុងការស្រាវជ្រាវរកពលករខ្មែរ ៥នាក់ផ្សេងទៀត ដើម្បីឲ្យពួកគាត់បានវិលត្រលប់មកស្រុកកំណើតវិញគ្រប់ៗគ្នា។
លោក កុយ គួង បន្តថា «យើងបានកត់ត្រាពីអត្តសញ្ញានរបស់ពួកគាត់ បានត្រឹមត្រូវអស់ហើយ ក្នុងការឲ្យអង្គការនេះពិចារណា ដើម្បីជួយទិញសំបុត្រយន្តហោះ ដល់ពួកគាត់ ហើយបើអង្គការនេះទិញសំបុត្រយន្តហោះលឿនកាលណា ពួកគាត់ក៏បានមកកម្ពុជាវិញឆាប់ដែរ»។
លោក បញ្ជាក់ថា បច្ចុប្បន្នពលករទាំង៧នាក់ ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលអន្តោប្រវេសន៍ នៃប្រទេសម៉ាឡេស៊ី គឺមានសុខភាពល្អ ធម្មតាគ្មានអ្វីប្រែប្រួលទេ ព្រោះពួកគាត់រស់នៅទីនោះ ដោយមានសេរីភាព ហើយចំពោះពលរដ្ឋខ្មែរចំនួន៥នាក់ទៀតនោះ មន្រ្តីស្ថានទូតខ្មែរយើងកំពុងតែធ្វើការជាមួយអាជ្ញាធរនៅម៉ាឡេស៊ី ដើម្បីស្វែងរកជនរងគ្រោះទាំង៥នាក់នោះ។
សូមបញ្ជាក់ថា ពលករខ្មែរទាំង១២នាក់នោះ ត្រូវបានគេជួញដូរ ធ្វើជាកម្មករនៅទូកនេសាទសៀមចំនួនពីរ ហើយត្រូវបានគេវាយធ្វើបាបឥត​ឈប់ឈរ និងបង្ខំឲ្យប្រើថ្នាំញៀន។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះត្រូវបានអង្កការសិទ្ធិមនុស្ស ដូចជាមជ្ឈមណ្ឌល អប់រំច្បាប់សម្រាប់សហគមន៍នៅកម្ពុជា និងអង្គការTenanita ក្នុងប្រទេសម៉ាឡេស៊ី បានសហការជាមួយសមត្ថកិច្ចដែនសមុទ្រ និងនគរបាល បានជួយនៅរោងចក្រក្តារបន្ទះស្ថិតនៅខេត្តសារាកវាក។
មន្រ្តីស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ លោក អ៊ំ សំអាត ធ្លាប់មានប្រសាសន៍ថា កន្លងមកពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស ហើយថៅកែធ្វើបាប និងបានឃុំឃាំងនោះ អង្គការរបស់លោកបានអន្តរាគមន៍តាមរយៈនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងអនីតិជន របស់ក្រសួងមហាផ្ទៃ អាជ្ញាធរខេត្ត និងក្រសួងកាបរទេស និងអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត នៅក្នុងស្រុក ក្រៅស្រុក បានជួយអន្តរាគមន៍ ដើម្បីឲ្យពួកគាត់បានវិលត្រលប់មកស្រុកកំណើតវិញ។
លោកបន្តថា នៅដើមឆ្នាំ២០១១នេះ អង្គការលីកាដូរបស់លោក បានធ្វើការជួយសង្គ្រោះពលករដែលត្រូវបានថៅកែ ឬក៍ក្រុមហ៊ុនធ្វើបាប និងឃុំទុកបានចំនួន​ប្រហែលជា៣០នាក់ហើយ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น