ផល​ប៉ះពាល់​សេដ្ឋ​កិច្ច​ចេញ​ពី​ការ​ខូច​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់


ភ្នំពេញៈ អ្នក​ជំនាញ​និយាយ​ថា ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់ បាន​បង្ក​បញ្ហា​រង្គោះ​រង្គើ​ជា​បន្ត​បន្ទាប់​​ក្នុង​បណ្តាញ​ផ្លូវ​ថ្នល់ នៅ​កម្ពុជា និង​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។
ប៉ុន្តែ​បញ្ហា​នេះ​ អាច​នឹង​ត្រូវ​បាន​​ដោះ​ស្រាយ​បាន​ក្នុង​ពេល​ឆាប់​​ៗ​នេះ ​តាម​រយៈ​កមក្ម​វិធី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែល​ផ្តោត​ជា​សំខាន់​លើ​ការ​រឹត​បន្តឹង​ការ​ដឹក​ជញ្ជូន​របស់​រថយន្ត​ដឹក​​ ធ្ងន់​ៗ។

កម្ម​វិធី​ទប់​ស្កាត់​ការ​ដឹក​ជញ្ជូន​លើ​ផ្លូវ​ថ្នល់​ជា​ផ្នែក​មួយ​នៃ​ គម្រោង​ផ្តល់​ជំនួយ​បច្ចេក​ទេស ១​លាន​ដុល្លារ​របស់ ADB ក្នុង​គោល​បំណង​គាំទ្រ​ដល់​គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​​ស្តារ​ផ្លូវ ​ប្រវែង​ប្រហែល​១៥០​​​គីឡូ​ម៉ែត្រ។
គេ​នឹង​ឃើញ​មាន​ស្ថានីយ​ថ្លឹង​ទម្ងន់​៧​កន្លែង​នៅ​តាម​ផ្លូវ​សំខាន់​ៗ​ ក្នុង​ប្រទេស​កម្ពុជា ដើម្បី​កាត់​បន្ថយ​ការ​ខូច​ខាត​ផ្លូវ​បណ្តាល​ពី​រថយន្ត​ដឹក​ជញ្ជូន​ធ្ងន់​ ៗ។ ក្នុ​ង​ចំណោម​ស្ថានីយ​ទាំង​នោះ មាន ៦ បាន​ដំណើរ​ការ​ហើយ ​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​នេះ។
រថ​យន្ត​ដឹក​ហួស​កម្រិត នៅ​តែ​បន្ត​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត និង​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់​ផ្សេង​ៗ​ទៀត ក៏​ដូច​ជា​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ទាំង​មូល​ផង​ដែរ។ នេះ​បើ​តាម​លោក Shihiru Date អ្នក​ឯក​ទេស​ជាន់​ខ្ពស់​ខាង​មធ្យោ​បាយ​ធ្វើ​ដំណើរ​របស់ ADB បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ពី​ម្សិល​មិញ​។
លោក​ថ្លែង​ថា៖ «បញ្ហា​ដែល​បណ្តាល​ពី​ការ​ដឹក​ជញ្ជូន​លើស​កំណត់​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ គ្រប់​ៗ​គ្នា ប៉ុន្តែ​ការ​ទប់​ស្កាត់​ការ​ខូច​ខាត​អាច​ធ្វើ​ទៅ​បាន​​ បើ​យើង​​មាន​ប្រព័ន្ធ​ល្អ។ នេះ​ជា​វិធី​សាស្ត្រ​តែ​មួយ​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​បញ្ឈប់​បញ្ហា​នេះ​»។
លោក​អះអាង​ថា៖ «បច្ចុប្បន្ន​ ផ្លូវ​ជាតិ​ស្ទើរ​តែ​ទាំង​អស់ ត្រូវ​បាន​ក្រាល​កៅស៊ូ​ ក្នុង​ ហើយ​ដំណាក់​កាល​ទី​ពីរ គឺ​ការ​ផ្តោត​លើ​ផ្លូវ​នៅ​ខេត្ត និង​តំបន់​ជន​បទ ដែល​ក្នុង​នោះ​ផ្លូវ​នៅ​ខេត្ត​បាន​ក្រាល​កៅ​ស៊ូ​២៥​ភាគ​រយ និង ១​ភាគ​រយ​នៅ​ជន​បទ»។
លោក​បន្ត​ថា សេដ្ឋ​កិច្ច​នៅ​តំបន់​​ជន​បទ កំពុង​ពឹង​ផ្អែក​ខ្លាំង​លើ​បណ្តាញ​ផ្លូវ​ថ្នល់​។ ប៉ុន្តែ​​ចរាចរណ៍​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស រួម​ផ្សំ​នឹង​កង្វះ​ហិរញ្ញវត្ថុ និង​ការ​ថែ​ទាំ នៅ​តែ​ធ្វើ​ឲ្យ​ផ្លូវ​ទាំង​នោះខូច​ខាត​​បន្ត​បន្ទាប់​។
បណ្តាញ​ផ្លូវ​ថ្នល់​នៅ​កម្ពុជា ប្រហែល ៣៩ ៦០០​គីឡូ​ម៉ែត្រ​ មាន​ ២ ១០០​គីឡូម៉ែត្រ ជា​ផ្លូវ​ជាតិ និង ៩ ៥៩៩​គីឡូម៉ែត្រ​ ជា​ផ្លូវ​ក្នុង​ខេត្ត និងផ្លូវ​នៅ​ជន​បទ ២ ៨០០​គីឡូ​ម៉ែត្រ។
ទោះ​បី​ការ​បង្កើត​ស្ថានីយ​ថ្លឹង​រថយន្ត កំពុង​ត្រូវ​បាន​ស្វាគមន៍​ដោយ​មនុស្ស​ជា​ច្រើន​ថា ជា​ជំហាន​មួយ​តាម​ទិស​ដៅ​ត្រឹម​ត្រូវ ប៉ុន្តែ​អ្នក​ខ្លះ​ជឿ​ថា វា​នឹង​បង្ក​ការ​លំបាក​ដល់​ការ​ថែ​រក្សា​។
លោក សុខ ឈាង នាយក​ប្រតិ​បត្តិ​សមាគម​ដឹក​ទំនិញ​នៅ​កម្ពុជា​ឲ្យ​ដឹង​ថា៖ «យើង​គាំទ្រ​ការ​បង្កើត​ស្ថានីយ​ទាំង​នោះ ប៉ុន្តែ​ក្តី​បារម្ភ​របស់​យើង​គឺ​ថា វា​នឹង​បង្ក​ឲ្យ​​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ដោយ​លម្អៀង​ក្នុង​អាជីវកម្ម​ ដែល​​មិន​បាន​ចុះ​បញ្ជី»។ លោក​បន្ត​ថា៖ «មាន​តែ​អាជីវកម្ម​ដែល​បង្កើត​​ជា​ក្រុម​ហ៊ុន​ប៉ុណ្ណោះ ដែល​ត្រូវ​​បង់​ពន្ធ ហើយ​បញ្ហា​នេះ​គឺ​មិន​ស្មើ​ភាព​គ្នា​ដល់​ក្រុម​ហ៊ុន​ចុះ​បញ្ជី​»៕ CS

ไม่มีความคิดเห็น:

แสดงความคิดเห็น