ដោយ ផន រីណា
2011-07-09
សន្ទុះនៃការនាំអង្គរចេញនៅកម្ពុជា បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៦ខែចុងក្រោយ នៅឆ្នាំ២០១១នេះ។ ការកើនឡើងនៃការនាំចេញនេះ មានចំនួន ៣៦៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ។លោក ឃួន សាវុធ ប្រធាននាយកដ្ឋានផ្នែកស្ថិតិនៃនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ចាប់តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១១នេះ កម្ពុជាបាននាំអង្ករចេញបាន ជិត ៩០.០០០តោន (ប្រាំបួនម៉ឺនតោន) ទៅកាន់ទីផ្សារប្រទេសអឺរ៉ុប និងប្រទេសឯទៀត បើប្រៀបធៀបទៅនឹងឆ្នាំចាស់កន្លងមក ដែលបានត្រឹមតែ ១៧.០០០តោន (មួយម៉ឺនប្រាំពីរពាន់តោន) តែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ហើយតម្លៃនៃការនាំចេញឡើងពី ១៣,៤លានដុល្លារអាមេរិកទៅដល់ ៤៥,៧លានដុល្លារអាមេរិក។
លោកបន្ថែមថា ការកើនឡើងដ៏ខ្លាំងក្លានេះ ដោយសារការលើកលែងពន្ធនាំចេញពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប និងការការកើនឡើងនូវគុណភាពនៃអង្ករផលិតនៅក្នុងស្រុកខ្មែរ និងដោយសារមានទឹកជំនន់ និងមានការរាំងស្ងួតកើតឡើងនៅក្នុងប្រទេសអឺរ៉ុប។
យោងតាមគេហទំព័រ LIVE TRADING NEWS របស់សហរដ្ឋអាមេរិក ចេញផ្សាយនៅថ្ងៃទី ៨ ខែកក្កដា ប្រទេសកម្ពុជា មានអង្ករបម្រុងទុកសម្រាប់នាំចេញចំនួន ២,៥លានតោនសម្រាប់ឆ្នាំ២០១១នេះ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น