សម្ពោធ​បើក​ការ​ដ្ឋាន​​សាង​សង់​​​គម្រោង​​អភិ​វឌ្ឍន៍​​ទីក្រុង​រណប​​តំបន់​ បឹង​កក់


(ប្រុសកោះ)
ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៥:១៩
លោក​អភិបាល​រាជធានីថ្ងៃ​បើក​សម្ពោធ
កោះសន្តិភាព
លោក​អភិបាល​រាជធានីថ្ងៃ​បើក​សម្ពោធ

រាជ​ធានីភ្នំពេញ ៖ ​គម្រោង​​​​អភិវឌ្ឍន៍​​​តំបន់​បឹង​កក់​​​​ដែល​មាន​​ទំហំ​​ប្រមាណ​​​១៣៣​ ហិកតា ​​ត្រូវ​បាន​​ដាក់​សម្ពោធ​​​គម្រោង​​​ និង​បើ​ក​ការ​ដ្ឋាន ​​សាង​សង់​​​ហើយ​កាល​​ពី​ព្រឹក​ថ្ងៃ​ទី១១ ​​កក្កដា ឆ្នាំ ២០១១ នេះ ​​ដោយ​មាន​ការ​ចូល​រួម​ជា​អធិបតី​​​ពី​លោក​កែប ជុតិមា ​​ទីប្រឹក្សា​ផ្ទាល់​សម្តេច​​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន ​សែន ​​នាយក​រដ្ឋ​​មន្ត្រី​នៃព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​​ និង​ជា​អភិបាល​​រាជ​​ធានីភ្នំពេញ ។ ភាគី​​​ក្រុម​ហ៊ុន​​មាន​លោក​ឧកញ៉ា​ឡាវ ​ម៉េ​ងយីន  និង​លោក​ជំទាវជីង សុភាព ជា​តំណាង​​ក្រុម​ហ៊ុនស៊ូកា​គូអ៊ីន ព្រម​ទាំង​​មន្ត្រី​រាជ​​ការ​​ អ្នក​មុខ​អ្នក​ការ​ រួម​ទាំង​​​ប្រជា​ជន​​មក​ពី​តំបន់​បឹង​កក់ តំបន់ទួលគោក​​យ៉ាង​ច្រើន​កុះ​ករ​​ផង​ដែរ។

យោង​តាម​​របាយ​ការណ៍​​​​ដែល​ថ្លែង​​ក្នុង​ពិធី​​ ដោយលោក​​ឧកញ៉ា​​ឡាវ ​វ៉ាន់  ​តំណាង​​ក្រុម​ហ៊ុន​ស៊ូ​កា​គូ​អ៊ីន ​​បាន​ឱ្យ​​ដឹង​​​ថា ​​ទីតាំង​​បឹង​កក់​​ ដើម​ឡើយ​ជា​បឹង​​ធម្ម​ជាតិ​​​មាន​​ទំហំ​​សរុប​១៣៣​ហិកតា​​ទាំង​ផ្ទៃ​​ទឹក ​និង​ដី​ចំណី​បឹង ​​ក្នុង​នោះ​​​ផ្ទៃ​​​បឹង​មាន​ចំនួន​១០៤​ហិកតា ស្ថិត​ក្នុង​​ប្រជុំ​ភូមិ​​​ចំនួន​១០​​ស្មើ​​​និង​​៣០៣​​ក្រុម​នៃ​ប្រជាជន​​ ​សង្កាត់​​​ស្រះ​ចក​​​ ខណ្ឌ​ដូន​ពេញ​ និង​មួយ​​ផ្នែក​ទៀត​​​​ស្ថិត​នៅ​ក្នុង​​សង្កាត់​បឹង​​កក់​ទី១ ​​សង្កាត់​​បឹង​កក់​ទី២ ​​ខណ្ឌ​ទួល​គោក ។ តំបន់​​បឹង​កក់​បាន​ក្លាយ​ជា​​រមណីយដ្ឋាន​នៅ​ឆ្នាំ​១៩៨៧ ​ក្រោម​​ការ​គ្រប់​គ្រង​​​របស់​គណៈ​កម្មា​ធិការ​​ប្រជា​ជន​​បដិ​វត្តន៍​​ រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​​ក្រោយ​​មក​អំឡុង​ឆ្នាំ​១៩៩៣​​មាន​​ប្រជាជន​មួយ​ចំនួន​បាន​ឆ្លៀត​​​ ចូល​ទៅ​​កាន់​កាប់​​​ដោយ​
ខុស​ច្បាប់​​ និង​ធ្វើ​សំណង់​​មិន​រៀប​រយ​ និង​​​​កាន់​តែ​​ច្រើន​​ឡើងៗ​​ជាបន្ត​បន្ទាប់​​រហូត​មក ។ ដោយពិនិត្យ​​​ឃើញថា ​​តំបន់​បឹង​កក់​​ ​ត្រូវ​បាន​​រំលោភ​​​ រួម​ទាំង​​​សំណង់​​មិន​រៀប​រយ ​​​រួម​ទាំង​​​ការ​ ទន្ទ្រាន​​កាប់កាប់​ផ្ទៃ​បឹង ​ និង​ឈាន​ទៅ​​​រក​​ការ​បាត់​បង់​​​ទាំង​ស្រុង​​ រួម​ទាំង​​​​បង្ក​​ការ​ប៉ះ​ពាល់​​ដល់​​​បរិស្ថាន​ធ្ងន់​ធ្ងរ​​នោះ ​ទើប​​រាជ​រដ្ឋាភិបាល​បាន​សម្រេច​​​​​ឱ្យ​សាលា​រាជ​ធានីភ្នំពេញ​​​ពិភាក្សា​ ជា​មួយ​​​​ក្រុម​ហ៊ុន​​​ស៊ូ​កាគូ​អ៊ីន​​​លើក​ជា​គម្រោង​​​អភិវឌ្ឍន៍​​​តំបន់ ​បឹងកក់់​​​​នា​ឆ្នាំ​​២០០៥ ។
ឧកញ៉ា​​ឡាវ ​វ៉ាន់ បានបញ្ជាក់​ថា ដោយ​​​មាន​ការ​យល់​ព្រម​​​ពីក្រសួង​​ជំនាញ​លើ​ផ្នែក​​​បរិស្ថាន​ និង​ធាន​ធាន​ទឹក​ ក្រុម​ហ៊ុន​​បាន​ដំណើរ​ការ​​បូម​​ដី​ចាក់​បំពេញ​​​ផ្ទៃ​បឹង​​ទាំងមូល ។ ​ទន្ទឹម​​នឹង​នេះ​ សាលា​​រាជធានីភ្នំពេញ​​​បានសហការ​ជាមួយ​​​ក្រុម​​ហ៊ុន​​ស៊ូ​កាគូអីុន​​ដោយ​ បានលះ​បង់​ទាំង​កម្លាំង​​​កាយ​​ទាំង​ស្មារតី​​ និង​ពេលវេលា​​ធ្វើ​ការ​ដោះ​ស្រាយ​​​ផល​ប៉ះពាល់​​អស់រយៈ​ពេល​​៤ឆ្នាំ​​ ចាប់​តាំង​ពី​​​ឆ្នាំ​២០០៧ ​រហូ​ត​​​ឈាន​ដល់​ពិធី​សម្ពោធ​​បើក​ការដ្ឋាន​​សាង​សង់​​គម្រោង​​​អភិវឌ្ឍន៍​ ​​បឹង​កក់​នា​ថ្ងៃនេះ ។​ ​លោក​បន្ថែម​ថា ​​​​ផែន​ការ​​​​គម្រោង​អភិវឌ្ឍន៍​​តំបន់​បឹង​​កក់​នេះ​រួម​មាន​អគារ​​​ ពាណិជ្ជ​កម្ម ។ ​​ផ្សារ​ទំនើប​​​ សាល​សន្និសីទ​​​ មណ្ឌល​កម្សាន្ត ​​ក្លឹប​កម្សាន្ត​​​ សណ្ឋាគារ​​ សាកល
វិទ្យា​ល័យ​​ មន្ទីរ​​​ពហុ​​ព្យា​បាល លំនៅ​ឋាន ​​រម​ណីយដ្ឋាន​​​ និង​​ហេដ្ឋា​រចនា​​សម្ព័ន្ធ ។
លោក​កែប ជុតិមា ​​​ទី​ប្រឹក្សា​​ផ្ទាល់​សម្តេច​​អគ្គ​​មហា​សេនាបតី​តេជោ​ ហ៊ុន សែន ​​នាយក​រដ្ឋ​​​មន្ត្រី ​នៃ​ព្រះ​​រា​ជា​ណាចក្រ​កម្ពុជា និង​ជា​​អភិ​បាល​​រាជ​ធានីភ្នំពេញ​​​មាន​ប្រសាសន៍​ថា ទី​ក្រុង​​រណប​​បឹង​កក់​នេះ​គឺពិត​​​​ជា​កើត​ចេញពីការ​ចង្អុល​បង្ហាញ​ និង​គំនិត​​​ដឹក​នាំ​​​ដ៏​ឈ្លាសវៃ​​​របស់​សម្តេច​​​អគ្គ​មហា​​សេនាបតីតេជោ​​ ហ៊ុន សែន ​​ប្រមុខ​​​​នៃ​រាជរដ្ឋាភិ​បាល​​​កម្ពុជា​​ ក្នុងគោលបំណង​​អភិវឌ្ឍន៍​​​​រាជ​ធានី ភ្នំពេញ ។ លោករំលឹកឡើង​​​​វិញ​ថា ​​ក្រោយ​ថ្ងៃ​រំដោះ​​​៧មករា​ ១៩៧៩ ​ភ្នំពេញ​គឺ​ជា​ទីក្រុង​ខ្មោច ​​ពិត​ប្រាកដ​​មែន ​ហើយ​ការចាក់​បំពេញ​​បឹងកក់ ​មិន​មែន​ជា​រឿង​ចម្លែក​ និង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​នោះ​ទេ​​ ហើយ​យើង​បានទទួល​​ស្គាល់​ថា ប្រាកដ​​ជា​មាន​បញ្ហា​​ ហើយ​បញ្ហា​​​ជា​ច្រើន​​យើង​បាន​ដោះ​​ស្រាយ​ស្ទើរ​​រួច​រាល់ និង​នៅ​សល់​តែ​មួយ​ចំនួន​ទៀតប៉ុណ្ណោះ ដែលយើង​​នឹង​បន្ត​​​ដោះ​ស្រាយ​​​ជា​មួយ​​បង​ប្អូន​ប្រជាជន​បន្តទៀត ។ ​លោក​អភិ​បាល​​បានបញ្ជាក់​​ថា សាលា​រាជធានី​ភ្នំពេញ​​​មិន​បាន​​ធ្វើ​អ្វី​​ខុសពី​ការ​ដឹកនាំ​ និង​​គោល​ការណ៍​​របស់​​រាជ​រដ្ឋាភិបាល​​នោះឡើយ ។ ​ផ្ទុយ​ទៅ​វិញ​ បើ​សាលា​រាជ​ធានីភ្នំពេញ ​​ឬ​មន្ត្រី​​​បាន​ធ្វើ​​ផ្ទុយ​ពី​គោល​ការណ៍​​រាជ​​រដ្ឋាភិបាល​​វិញ​នោះ​​​ ទាំង​រូប​លោក​​ និង​មន្ត្រី​​​ដទៃ​​​ទៀត​​ ក៏​មិន​មាន​វត្ត​​មាន​​រហូត​មក​ដល់​ថ្ងៃ​នេះ​ដែរ ។
លោកកែប ជុតិមា ​​បាន​​លើក​ឡើង​​ថា សាលា​​រាជ​ធាន​ី​ភ្នំពេញ​​​​ និងប្រែក្លាយ​​​តំបន់នេះ​​ឱ្យ​ក្លាយ​​​ជាទីក្រុង​​រណប​តាមគម្រោង​​​នៃ​ការ​ អភិវ​ឌ្ឍន៍​​​​ ខណៈពេល​ដែល​​ប្រជាជ​ន​​រស់នៅ​ទីក្រុង​ភ្នំពេញ​​​​បានឡើង​រហូត​ដល់​ជាង​២​លាន ​នាក់ និង​រថយន្ត​​​ជិត​១៩ម៉ឺន​​​​គ្រឿង ​និងម៉ូតូ​ជាង​៩០​ម៉ឺន​គ្រឿង ។ ដូច្នេះ​​នា​រយៈ​ពេល​៥​ឆ្នាំខាងមុខ​​ទៀត​​​បើ​យើង​​មិនឆាប់​ដោះ​ស្រាយ​​ទេ ​ចរាចរ​​និង​ត្រូវ​​​ជាប់​​គាំង ។​​ លោក​បន្ត​ថា ​​​ការ​អភិវឌ្ឃន៍​​គឺជា​ដំណោះ​ស្រាយ​​​​ ហើយ​គ្មាន​​ការ​អភិវឌ្ឍន៍​​​​ណា​ដែល​​មិនជួប​បញ្ហា​​នោះទេ ​តែ​អ្វី​ដែល​សំខាន់នោះ ​គឺ​​ការ​រួមគ្នា​​ដើម្បី​​ដោះ​ស្រាយ​បញ្ហា​​​ដើម្បី​ឱ្យ​ការ​អភិវឌ្ឍន៍​​​ បានប្រព្រឹត្ត​ទៅដោយ​រលូន ។
ដូច្នេះ​​តាមរយៈ​​នៃការរួមគ្នា​នោះ ​ទី​បំផុត​​​តំបន់​បឹង​កក់នឹង​ក្លាយ​ជា​ទីក្រុង​រណប​​ប្រកប​ដោយ​ផាសុក​ភាព​​ នាពេល​​ដ៏​ខ្លី​ខាងមុខ ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น