​បិទ​សាលា​រៀន​ខុស​ច្បាប់​នៅ​រតនគិរី

ដោយ រដ្ឋា វីសាល

2011-07-05
អាជ្ញាធរ​ក្រុង​បានលុង ខេត្ត​រតនគិរី កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៥ ខែ​កក្កដា ឆ្នាំ​២០១១ បាន​តម្រូវ​ឲ្យ​សាលា​រៀន​ឯក​ជន​មួយ​បិទ​ទ្វារ​ភ្លាមៗ ដោយ​សារ​តែ​សាលា​រៀន​នេះ​បើក​បង្រៀន​ដោយ​មិន​មាន​លិខិត​អនុញ្ញាត។
RFA/Ratha Visal
មាតា បិតា​សិស្ស នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី ជាង​១០០​នាក់ តវ៉ា​នៅ​ខាង​មុខ​សាលា អ៊ិន អាយ អេស (NIS) កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០១១

ប្រជា​ពល​រដ្ឋ​ជា​មាតា បិតា សិស្ស នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី ជាង​១០០​នាក់ បាន​នាំ​គ្នា​ទាម​ទារ​ឲ្យ​នាយក​សាលា​រៀន​ឯក​ជន​ចំណេះ​ទូទៅ​ភាសា​អង់គ្លេស​ មួយ ឈ្មោះ អ៊ិន អាយ អេស (NIS) សង​ប្រាក់​ថ្លៃ​បង់​សាលា​សម្រាប់​កូន​ចៅ​ពូក​គាត់​ចូល​រៀន​មក​ពួក​គាត់​វិញ បន្ទាប់​ពី​សាលា​រៀន​នេះ​ធ្វើ​ឲ្យ​កើត​មាន​បញ្ហា​មិន​ប្រក្រតី​ច្រើន ដែល​នាំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ថា ពួក​គាត់​នឹង​ត្រូវ​គេ​ឆ​បោក​ឲ្យ​បង់​ប្រាក់​ថ្ងៃ​សាលា​នេះ។
ការ​ទាម​ទារ​នេះ​កើត​មាន​ឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៥ ខែ​កក្កដា ឆ្នាំ​២០១១ ដោយ​ប្រជា​ពល​រដ្ឋ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​រៀន អ៊ិន អាយ អេស នៅ​ភូមិ​មួយ សង្កាត់​ឡា​បាន​សៀក ដែល​ទើប​នឹង​បើក​បង្រៀន​នៅ​ថ្ងៃ​ដំបូង​របស់​ខ្លូង តាម​ការ​កំណត់​គឺ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១១។
អាណាព្យាបាល​សិស្ស​ម្នាក់​មក​ពី​ស្រុក​បរកែវ លោក យ៉ែម សុច័ន្ទ មាន​ប្រសាសន៍​ថា មាន​ចំណុច​សង្ស័យ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​សិស្ស ដែល​បាន​បង់​ប្រាក់​ឈ្នួល​សម្រាប់​សាលា​ផ្ដាច់​ប្រចាំ​ឆ្នាំ ឬ​ប្រចាំ​ឆ្នាំ អស់​ជំនឿ​លើ​ការ​បើក​បង្រៀន​សិស្ស​នៅ​សាលា​ថ្មី​នេះ។ លោក​បន្ត​ថា ខ្លូង​លោក​ផ្ទាល់​បាន​បង់​ប្រាក់​អស់​ចំនួន ២៥០​ដុល្លារ​ទៅ​សាលា​សម្រាប់​រយៈ​ពេល​មួយ​ឆ​មាស ដើម្បី​ឲ្យ​កូន​បាន​ចូល​រៀន​នៅ​សាលា​នេះ ៖ "មិន​គួរ​ដំណើរ​ការ​បង់​លុយ​ មុន​ទេ ចាំ​គ្រប់​គ្រាន់​ចាំ​បង់។ដល់​ធ្វើ​អ៊ីចឹង អារម្មណ៍​ប្រជា​ពល​រដ្ឋ​ណា! នៅ​ឆ្ងាយ​បរកែវ អូរ​យ៉ា​ដាវ"
ដូច​គ្នា​នេះ​ដែរ មាតា​បិតា​សិស្ស​ជា​ច្រើន​ទៀត​បាន​បង្ហាញ​ការ​មិន​ទុក​ចិត្ត​ទៅ​លើ​ចំណាត់​ ការ​ប្រមូល​ប្រាក់​ថ្លៃ​សាលា​ប្រចាំ​ឆ្នាំ ៤៥០​ដុល្លារ និង​ប្រាក់​បន្ទាប់​បន្សំ​មាន​ថ្លៃ​រថយន្ត​ដឹក​ជញ្ជូន ១៥​ដុល្លារ ក្នុង​មួយ​ខែ និង​ថ្លៃ​សំលៀក​បំពាក់​សិស្ស ១៥​ដុល្លារ​ទៀត។
សេចក្ដី​រាយ​ការណ៍​ប៉ាន់​ប្រមាណ​របស់​មាតា​បិតា​សិស្ស​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​សិស្ស​ជាង ២០០​នាក់ បាន​ចុះ​ឈ្មោះ​ចូល​រៀន និង​បង់​ប្រាក់​ផ្ដាច់​ប្រចាំ​ឆ្នាំ ឬ​ប្រចាំ​ឆ​មាស គិត​ជា​ចំនួន​ទឹក​ប្រាក់​សរុប​មាន​មិន​តិច​ជាង ៣​ទៅ​៤​ម៉ឺន​ដុល្លារ​នោះ​ឡើយ។
នាយក​សាលា​រៀន អ៊ិន អាយ អេស លោក ឡុង ប៉ូលីន បាន​ធ្វើ​ការ​ពន្យល់​ក្រុម​អាណាព្យាបាល​សិស្ស​វិញ​ថា មិន​មាន​ការ​ឆ​បោក​អ្វី​ក្នុង​បញ្ហា​បើក​បង្រៀន​នេះ​ទេ ពី​ព្រោះ​សាលា​រៀន​មាន​ឯកសារ​គ្រប់​គ្រាន់ និង​ប្រាក់​តម្កល់​នៅ​ធនាគារ​ក្នុង​ការ​បើក​សេវាកម្ម​វិស័យ​អប់រំ​នេះ។
លោក​បន្ត​ថា លិខិត​សុំ​អនុញ្ញាត​ត្រូវ​បាន​មន្ត្រី​មូលដ្ឋាន​ចុះ​ហត្ថ​លេខា និង​បញ្ជូន​ទៅ​មន្ទីរ​អប់រំ​តាំង​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១១ ក៏​ប៉ុន្តែ​មន្ត្រី​មន្ទីរ​អប់រំ​ជាប់​រវល់​មិន​ទាន់​បាន​ពិនិត្យ​ឯកសារ និង​ចេញ​លិខិត​ប្រកាស​ផ្លូវ​ការ​ទទួល​ស្គាល់​សាលា​រៀន ៖ "ចែក​ទៅ​វិញ​មាន ​ការ​លំបាក។ ប៉ុណ្ណឹង​វា​អត់​ទាន់​គ្រប់​គ្នា​នៅ​ច្រើន​ទៀត។ អ៊ីចឹង​ហើយ​ខ្ញុំ​សម្រេច​ថា លុយ​ហ្នឹង​ទុក​មួយ​ដុំ ហើយ​ឲ្យ​លោក​អភិបាល​ក្រុង​គាត់​អញ្ជើញ​ទៅ​គាត់​ធ្វើ​លិខិត​ធានា​នៅ​ធនាគារ​ ថា ប្រាក់​ហ្នឹង​បើ​មាន​បញ្ហា​គឺ​រដ្ឋ​ដក​ជូន​អាណាព្យាបាល​សិស្ស"
យោង​ឯកសារ​ដែល​អាន​ដោយ​អភិបាល​រង​ក្រុង​បានលុង ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​រតនគិរី អ្នក​ស្រី ចាន់ ខាំ ខឿ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា បាន​ធ្វើ​លិខិត​ជម្រាប​មក​នាយក​សាលា អ៊ិន អាយ អេស ថា​ដោយ​សារ​មន្ទីរ​រវល់​ជាប់​ប្រឡង​សិស្ស​សញ្ញាប័ត្រ​មធ្យម​សិក្សា ដូច្នេះ​មន្ទីរ​អប់រំ​មិន​ទាន់​បាន​ពិនិត្យ​ឯកសារ​សុំ​ច្បាប់​របស់​សាលា​នេះ ​នៅ​ឡើយ។
អភិបាល​រង​ក្រុង​បានលុង លោក ស្រី សំអាត មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​សម្រេច​ឲ្យ​សាលា​នេះ​ផ្អាក​បើក​បង្រៀន​រយៈ​ពេល ១០​ថ្ងៃ ដើម្បី​រង់ចាំ​លិខិត​អនុញ្ញាត​ពី​មន្ទីរ​អប់រំ។ លោក​បន្ត​ថា នៅ​ក្នុង​រយៈ​ពេល​រង់ចាំ​នេះ អ្នក​គ្រប់​គ្រង​សាលា​ត្រូវ​ធ្វើ​កិច្ច​ធានា​យ៉ាង​ណា​មិន​ឲ្យ​មាន​ការ​បាត់​ បង់​ប្រាក់​ប្រជា​ពល​រដ្ឋ​នោះ​ឡើយ ៖ "ឯកសារ​វា​មិន​ទាន់​គ្រប់​នៅ​ឡើយ ជា​ពិសេស​មន្ទីរ​អប់រំ យើង​មិន​ទាន់​ទទួល​ស្គាល់​ហ្នឹង​ណា"
យ៉ាង​នេះ​ក្ដី ប្រជា​ពល​រដ្ឋ​អ្នក​តវ៉ា​បាន​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ បន្ទាប់​ពី​អ្នក​ទទួល​ខុស​ត្រូវ​សាលា​បាន​យល់​ព្រម​ធ្វើ​កិច្ច​សន្យា​ជា​មួយ ​មន្ត្រី​អាជ្ញាធរ​ក្រុង តំណាង​អាណាព្យាបាល​សិស្ស និង​តំណាង​ធនាគារ​តាម​រយៈ​ដាក់​ប្រាក់​តម្កល់​ដើម្បី​ធានា​ក្នុង​បញ្ហា​សាលា ​រៀន​នេះ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น