អាមេរិក​ផ្ដល់​ជំនួយ​ដល់​កង​ទ័ព​មូលដ្ឋាន​សមុទ្ទ​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ខែ សុណង

2011-07-16
កង​ទ័ព​មូលដ្ឋាន​សមុទ្ទ​កម្ពុជា និង​កងទ័ព​សហរដ្ឋ​អាមេរិក បាន​ពង្រឹង​សហ​ប្រតិបត្តិការ​គ្នា​បន្ថែម​ទៀត​តាម​រយៈ​ការ​ផ្ដល់​ជំនួយ​ ផ្នែក​សុខាភិបាល និង​ទឹក​ស្អាត​ដល់​កងទ័ព​មូលដ្ឋាន​សមុទ្ទ​នៅ​ខេត្ត​ព្រះសីហនុ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។
RFA/Khe Sonorng
១៥-កក្កដា-២០១១៖ វារៈ​នាវី​​ទោ គី យ៉ាដេត នាយ​គិលានដ្ឋាន​មូលដ្ឋាន​សមុទ្ទ ណែនាំ​ប្រាប់​ក្រុម​ទាហាន​សហរដ្ឋ​អាមេរិក អំពី​សម្ភារៈ​ដែល​ត្រូវ​បាន​បំពាក់​នៅ​ក្នុង​អគារ​សុខាភិបាល ក្រោយ​ពេល​ជួសជុល​រួច។

កងទ័ព​​ជើង​ទឹក​សមុទ្ទ​រាម ដែល​មាន​មូលដ្ឋាន​ស្ថិត​នៅ​ភូមិ​អុង ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៥ កក្កដា បាន​ទទួល​ជំនួយ​ឧបត្ថម្ភ​ជួសជុល​អគារ​សុខាភិបាល​ចំនួន ២​ខ្នង និង​អណ្ដូង​ទឹក​ស្អាត​ថ្មី​មួយ​ដែល​ចំណាយ​ប្រាក់​សរុប​ជាង ៣​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។
វារៈ​នាវី​ទោ គី យ៉ាដេត នាយ​គិលានដ្ឋាន​មូលដ្ឋាន​សមុទ្ទ​មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​ការ​ប្រសើរ​ដែល​កងទ័ព​អាមេរិក មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​កងទ័ព​សមុទ្ទ​កម្ពុជា។ លោក​ថា វា​ជា​តម្រូវ​ការ​ជា​ចាំ​បាច់​មួយ ពីព្រោះ​មុន​មណ្ឌល​សុខាភិបាល​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ។
លោក​ថា វា​ក៏​ជា​ប្រការ​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​រឹត​ចំណង​ការទូត​រវាង​ប្រទេស​ទាំង​២ គឺ​កម្ពុជា និង​សហរដ្ឋ​អាមេរិក ៖ «បាទ! ខ្ញុំ​យល់​ឃើញ​ថា វា​ល្អ ពី​មុន​យើង​មាន​ការ​លិច​ដំបូល​លិច​អី​អ៊ីចឹង ឥឡូវ​គាត់​បាន​ជួសជុល​លែង​ឲ្យ​លិច​ទៅ ហើយ​ដាក់​ភ្លើង​អគ្គិសនី​ថ្មី ធ្វើ​ឲ្យ​យើង​ងាយ​ស្រួល​ក្នុង​ការ​ទទួល​យក​សេវា​ព្យាបាល​ជូន​នាយ​នាវា នាយ​នាវា​រង និង​ពល​នាវា​នៅ​ទី​នេះ ព្រម​ទាំង​គ្រួសារ​របស់​នាវិក នាយ​ទាហាន​នៅ​ទី​នេះ និង​ប្រជាពលរដ្ឋ​រស់​នៅ​ជុំវិញ​នេះ គឺ​យើង​ព្យាបាល​ជូន​គាត់​ដោយ​មិន​គិត​ថ្លៃ»
នៅ​ក្នុង​ពិធី​បើក​ឲ្យ​ប្រើប្រាស់​អាគារ​ផ្ដល់​សេវា​សុខភាព និង​អណ្ដូង​ទឹក​នៅ​មូលដ្ឋាន​កងទ័ព​សមុទ្ទ​រាម​នេះ គឺ​មាន​ការ​ចូល​រួម​ពី​សំណាក់​លោកស្រី គ្រីស្ទីន មីនស៍ (Kristin Means) ជា​ប្រធាន​ការិយាល័យ​សហ​ប្រតិបត្តិការ​យោធា​កង​ទ័ព ប្រចាំ​ស្ថានទូត​អាមេរិក និង​លោក​ឧត្ដមសេនីយ៍ត្រី រស់ វាសនា មេ​បញ្ជា​ការ​រង​មូលដ្ឋាន​សមុទ្ទ​កង​ទ័ព​ជើង​ទឹក។
អនុសេនីយ៍ត្រី​កង​ទ័ព​សហរដ្ឋ​អាមេរិក លោក ម៉ាទីន ហ៊ូស្សា (Martin Huizar) ដែល​ទទួល​បន្ទុក​ផ្នែក​ជួសជុល​អាគារ​បាន​ថ្លែង​តាម​រយៈ​អ្នក​បក​ប្រែ​ថា អគារ​សុខាភិបាល​នេះ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ការ​ព្យាបាល​ជំងឺ​ដល់​សហគមន៍ ជា​ពិសេស​គឺ​កងទ័ព និង​ជា​ការ​បង្ហាញ​នូវ​គុណភាព​នៃ​អគារ​ដើម្បី​បំពេញ​នូវ​សេចក្ដី​ត្រូវការ​ របស់​កងទ័ព។ រី​ឯ​ការ​ជីក​អណ្ដូង​ទឹក​ថ្មី​នេះ គឺ​មាន​ការ​ធានា​នូវ​គុណភាព​ទឹក​ស្អាត​សម្រាប់​ឲ្យ​កង​ទ័ព​ប្រើប្រាស់ និង​ទទួល​ទាន​ផង​ដែរ។ លោក​សង្ឃឹម​ថា វា​នឹង​ផ្ដល់​ការ​យក​ចិត្ត​ទុក​ដាក់ ការ​ចាប់​អារម្មណ៍​ពី​សហគមន៍​ប្រជាពលរដ្ឋ​ និង​កង​ទ័ព​នៅ​ទី​នេះ ដើម្បី​មក​ទទួល​ការ​ព្យាបាល​ល្អ​ជាង​ពេល​មុន។
អគារ​សុខាភិបាល​ចំនួន ២​ខ្នង​ដែល​មាន​ប្រមាណ ១០​បន្ទប់ និង​អណ្ដូង​ទឹក​ស្អាត​មួយ​នេះ​ទាំង​កង​ទ័ព​ខ្មែរ និង​សហរដ្ឋអាមេរិក បាន​សហការ​គ្នា​ជួសជុល​អស់​រយៈពេល ១​ខែ​កន្លះ។ មុន​ការ​ជួសជុល​អគារ​នេះ គឺ​គេ​បាន​ប្រើប្រាស់​បម្រើ​ផ្នែក​សេវា​សុខាភិបាល​តាំង​ពី​ឆ្នាំ​១៩៨៥ មក​ម្ល៉េះ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น