ធនាគារអេស៊ីលីដា រាយការណ៍ថា ប្រាក់កម្ចីមិនទាន់សង់សរុបបានកើនឡើង១១ភាគរយ ស្មើនឹង៨២៧,៨៥លានដុល្លារ ខណៈប្រាក់បញ្ញើសរុបបានកើន១៤ ភាគរយ ដល់ ១ ០៣៨ពាន់លានដុល្លារ។
លោក អ៊ិន ចាន់នី អគ្គនាយក និងជាប្រធានធនាគារ អេស៊ីលីដា បានឲ្យដឹងថា ធនាគារលោក បានផ្តល់កម្ចីដល់វិស័យផ្សេងៗគ្នា ដូចជាអាជីវកម្មលក់រាយ ផលិតកម្ម សេវាកម្ម និងជាពិសេសវិស័យកសិកម្មដែលលោកបញ្ជាក់ថា ប្រាក់កម្ចីសរុបក្នុងវិស័យនេះនៅធនាគារលោកមាន១៣២,៤លានដុល្លារ ស្មើនឹង១៦ភាគរយនៃប្រាក់កម្ចីមិនទាន់សងសរុប។
លោកបន្តថា៖ «យើងបានទទួលលទ្ធផលល្អ ដោយសារប្រាក់កម្ចីមិនដំណើរការមានអត្រាក្រោម ០,៤ ភាគរយ។ ដូច្នេះប្រាក់ចំណេញរបស់យើង បានកើនឡើងខ្ពស់ ធ្វើឲ្យយើងទទួលបានលទ្ធផលល្អ ព្រោះយើងអាចគ្រប់គ្រងហានិភ័យនៃប្រាក់កម្ចីមិនទាន់សងបាន»។
លោកបញ្ជាក់ថា អេស៊ីលីដា រកប្រាក់ចំណេញបានជាង២២លានដុល្លារ នៅឆមាសទីមួយឆ្នាំនេះ បើធៀបនឹងឆ្នាំ២០១០ទាំងមូល ដែលទទួលបានត្រឹមតែ២៤លានដុល្លារប៉ុណ្ណោះ។
នៅធនាគារកាណាឌីយ៉ា រាយការណ៍បង្ហាញថា កម្ចីមិនទាន់សងបានកើនដល់ ៥៧៨ លានដុល្លារនៅ៦ខែឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមានត្រឹមតែ៤៣៥លានដុល្លារប៉ុណ្ណោះ ហើយប្រាក់បញ្ញើសរុបមានជាង១ពាន់លានដុល្លារ។
ធនាគារនេះ បានរាយការណ៍ថា ពួកគេ មានអតិថិជនប្រហែល ៩៥ ៥០០នាក់។ តួលេខនេះ បានកើនឡើង ១៦ភាគរយ។ ក្នុងរយៈពេលនេះដែរ ធនាគាររកប្រាក់ចំណេញសុទ្ធ មុនពេលបង់ពន្ធបាន ១៣,៩លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំមុន ដែលមានតែ១០,១លានដុល្លារប៉ុណ្ណោះ។
Dieter Billmeier អនុប្រធានធនាគារកាណាឌីយ៉ា ថ្លែងថា ធនាគារកំពុងផ្តល់ប្រាក់កម្ចីដល់វិស័យជាច្រើនក្នុងរយៈពេល៦ខែ នេះ ដោយសារតែតម្រូវការកើនឡើងក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ ពាណិជ្ជកម្ម ការនាំចេញ នាំចូលទេសចរណ៍។
លោក Stephen Higgins អគ្គនាយកធនាគារ ANZ រ៉ូយ៉ាល់ ឲ្យដឹងថា ប្រាក់កម្ចីមិនដំណើរការនៅធនាគារលោក និងប្រាក់បញ្ញើក៏បានកើនឡើងដែរ។
លោកបានបន្តថា៖ «លទ្ធផលរបស់យើងនៅឆមាសទីមួយ មានភាពប្រសើរជាងពីឆមាសទីមួយឆ្នាំមុន ហើយប្រាក់កម្ចីរបស់យើងផ្តល់ទៅគ្រប់ទីកន្លែង លើកលែងតែអចនលវត្ថុ»។
អគ្គនាយកធនាគារជាតិនៃកម្ពុជាក៏បានទទួលស្គាល់ការរីកចម្រើនក្នុងវិស័យធនាគារ។
លោកស្រី ងួន សុខា បានមានប្រសាសន៍ថា៖ «ជាការពិតណាស់លទ្ធផលរបស់ធនាគារ គឺពិតជាល្អមែន។ ប្រាក់កម្ចីនិងប្រាក់បញ្ញើកើនឡើង»។
លោក កង ច័ន្ទដារ៉ារ័ត្ន អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យមកពីវិទ្យាស្ថានកម្ពុជាដើម្បីការ សិក្សាការអភិវឌ្ឍន៍ក៏បានសាទរចំពោះកំណើននេះដែរ ដោយលោកបានលើកឡើងថា វាជាសញ្ញាល្អសម្រាប់វិស័យនេះ ដែលបានបង្ហាញអំពីទំនុកចិត្តរបស់សហគមន៍ពាណិជ្ជកម្ម។
តែលោកបញ្ជក់ថា វាមិនមែនជាពេលដ៏ត្រឹមត្រូវសម្រាប់ធនាគារពាណិជ្ជកម្មផ្តល់ ប្រាក់កម្ចីដល់វិស័យសំណង់ និងអចលនវត្ថុឡើយ នៅពេលដែលធនាគារទាំងនោះ ទទួលរងផលប៉ះពាល់ខ្លាំងពីវិបត្តិពីពេលថ្មីៗនេះ។
លោកថ្លែងថា៖ «ខ្ញុំគិតថា ពួកគេគួរតែរង់ចាំកន្លះឆ្នាំទៀត រហូតដល់សេដ្ឋកិច្ចយើងងើបឡើងវិញគ្រប់គ្រាន់។ ខ្ញុំជឿជាក់ថា ឧស្សាហកម្មនេះ នៅតែមិនទាន់រីកចម្រើនពេញលេញនៅឡើយទេ ជាពិសេសសេដ្ឋកិច្ចពិភពលោក នៅតែទទួលរងការគំរាមកំហែង ដូចជា តម្លៃប្រេងឡើងថ្លៃ បញ្ហាតម្លៃស្បៀង និងហិរញ្ញវត្ថុនៅក្នុងប្រទេសក្រិកក៏ដូចជាសហគមន៍អឺរ៉ុប»៕ CS
ไม่มีความคิดเห็น:
แสดงความคิดเห็น