លោក ហ៊ុន សែន រិះគន់​បក្ស សម រង្ស៊ី ថា​យក​ចំណេញ​នយោបាយ

ដោយ សុខ សេរី

2011-07-06
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី ៦ ខែ​កក្កដា ឆ្នាំ ២០១១ បាន​រិះគន់​គណបក្ស​ប្រឆាំង សម រង្ស៊ី ថា​បាន​ឆ្លៀត​ឱកាស​រៀបចំ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់ នៅ​ក្នុង​រដ្ឋប្រហារ នៅ​ថ្ងៃ​ទី ៥ និង​ថ្ងៃ​ទី ៦ ខែ​កក្កដា ឆ្នាំ ១៩៩៧ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​យក​ចំណេញ​នយោបាយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍ ដោយ​ងាក​មុខ​សម្លឹង​ទៅ​លោក ញឹក ប៊ុនឆៃ ដែល​នៅ​អង្គុយ​នៅ​លើ​វេទិកា​ថា ៖ «ញឹក ប៊ុនឆៃ អត់​ធ្វើ​បុណ្យ​ផង។ ថ្ងៃ​នេះ ថ្ងៃ​វាយ​គ្នា​ចុង​ក្រោយ។ ពេល​ហ្នឹង ញឹក ប៊ុនឆៃ កំពុង​តែ​សម្រុក​ចូល​ក្រុង​ហើយ ថ្ងៃ​ហ្នឹង ម៉ោង​ហ្នឹង។ កែ គឹមយ៉ាន ទៀ បាញ់ សាយ ឈុំ សុខ អាន មក​នៅ​ជាមួយ​ខ្ញុំ​នៅ​ឯណេះ។ ពេល​ហ្នឹង​កំពុង​តែ​សម្រុក​ចូល​ក្នុង មិន​អ៊ីចឹង?  ថ្ងៃ​នោះ ម៉ោង​ហ្នឹង ឆ្នាំ​នោះ កំពុង​តែ​សម្រុក​ចូល​ក្រុង។ កំពុង​តែ​ដាក់​គ្នា​នៅ​ហ្នឹង។ រថក្រោះ​ទៅ​ពី​នេះ ៣ ឆេះ​អស់ ២ ហើយ។ កាល​ហ្នឹង ឆៃ ឯង​វាយ​ថែម​បន្តិច​ទៀត យក​សាកល​វិទ្យាល័យ​បាន គឺ​ចប់»។
គណបក្ស​ប្រឆាំង សម រង្ស៊ី បាន​ប្រកាស​ថា ខ្លួន​រៀបចំ​ពិធី​បង្សុកូល ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ ដែល​បាន​បាត់បង់​ជីវិត នៅ​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ ថ្ងៃ​ទី ៥ និង ថ្ងៃ​ទី ៦ ខែ​កក្កដា ឆ្នាំ ១៩៩៧ នៅ​ឯ​ទីស្នាក់ការ​ធំ​គណបក្ស នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី ៦ ខែ​កក្កដា ឆ្នាំ ២០១១។
នៅ​ថ្ងៃ​នោះ​ហើយ គឺ​មាន​កងទ័ព​គាំទ្រ​នាយករដ្ឋមន្ត្រី​ទី​១ គឺ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​កង​ទ័ព​គាំទ្រ​នាយករដ្ឋមន្ត្រី​ទី​២ គឺ​លោក ហ៊ុន សែន បាន​បើក​ការ​វាយ​ប្រហារ​គ្នា។ ខាង​គណបក្ស ហ៊្វុនស៊ិនប៉ិច បាន​ចោទ​ប្រកាន់​ថា កងទ័ព​គាំទ្រ​លោក ហ៊ុន សែន ធ្វើ​រដ្ឋប្រហារ ដើម្បី​ទម្លាក់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ចេញ​ពី​តំណែង។
រដ្ឋប្រហារ​នោះ បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​សម្ដេចក្រុមព្រះ ប្រកាស​ធ្វើ​តុល្យភាព​កម្លាំង​ទ័ព​ស្មោះត្រង់​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ នាយករដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន បាន​ចោទ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថា បាន​នាំ​ចូល​អាវុធ​ខុស​ច្បាប់ និង​នាំ​ចូល​កម្លាំង​ទ័ព​ខ្មែរ​ក្រហម​មក​បង្កប់​នៅ​ក្រុង​ភ្នំពេញ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น