សកម្មជន​ប្រឆាំង​ការ​ជួញដូរ៖ មាន​មន្ត្រី​អនុវត្តន៍​ច្បាប់​កេងប្រវ័ញ្ច​លើ​រដ្ឋាភិបាល

របាយការណ៍​​ថ្មី​មួយ​​បង្ហាញ​ថា​​កម្ពុជា​មិនបាន​អនុវត្ត​ឱ្យ​បាន​ពេញលេញ​តាម​​បទដ្ឋាន​អប្បបរមា​សម្រាប់​ការលុបបំបាត់​អំពើ​ជួញដូរ​មនុស្ស។ (រូបថត៖ AP)
របាយការណ៍ ថ្មី មួយ បង្ហាញ ថា កម្ពុជា មិនបាន អនុវត្ត ឱ្យ បាន ពេញលេញ តាម បទដ្ឋាន អប្បបរមា សម្រាប់ ការលុបបំបាត់ អំពើ ជួញដូរ មនុស្ស។ (រូបថត៖ AP)
ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ ការជួញដូរ​មនុស្ស​ប្រចាំ​ឆ្នាំ​កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន (ទី​២៧​ខែ​មិថុនា) ដោយ​បង្ហាញ​ថា​រដ្ឋាភិបាល​កម្ពុជា​មិនបាន​អនុវត្ត​ឱ្យ​បាន​ពេញលេញ​តាម​ បទដ្ឋាន​អប្បបរមា​សម្រាប់​ការលុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​ ហើយ​រដ្ឋាភិបាល​កម្ពុជា​មិនបាន​បង្ហាញ​ពី​ការរីកចម្រើន​ក្នុង​កិច្ច​ខំ​ ប្រឹងប្រែង​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ជួញ​ដូរ​មនុស្ស​និង​ គ្មាន​ការកាត់ទោស​ជនល្មើស​ជួញដូរ​មនុស្ស​នៅក្នុង​អំឡុង​ឆ្នាំ​២០១០​និង​ ឆ្នាំ​២០១១​ ហើយ​ជួនកាល​ព្រះរាជអាជ្ញា​មិនបាន​ចោទប្រកាន់​ជនល្មើស​ជួញដូរ​មនុស្ស​ទេ។
លោក ជន សក្តា ​នៃ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​បាន​ជួប​សម្ភាស​ជាមួយ​លោក​ស្រី សឹង​ កាម៉ារីយ៉ាន​ ប្រធាន​កម្មវិធី​ច្បាប់​នៃ​អង្គការ​ AFESIP​ ដែល​ធ្វើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា។
វីអូអេ៖ ខ្ញុំសូម​ជម្រាប​សួរ​លោកស្រី​ សឹង កាម៉ារីយ៉ាន។ ​តើ​លោកស្រី​យល់​ឃើញ​យ៉ាងម៉េច​ អំពី​របាយការណ៍​ស្តីពី​ការជួញ​ដូរមនុស្ស​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេស ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​កម្ពុជា?
លោកស្រី​ កាម៉ារីយ៉ាន៖ ខ្ញុំ​បាន​ទទួល​របាយការណ៍​ ដែល​ចេញ​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ហើយ​យើង​ឃើញ​ថា​ របាយការណ៍​នេះ​គឺជា​របាយការណ៍​មួយ​សម្រាប់​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ ​ការអនុវត្ត​របស់​រដ្ឋាភិបាល​ខ្មែរ​ទៅលើ​ការប្រឆាំង​ទៅនឹង​ការជួញ​ដូរ​ មនុស្ស​ បាន​ដល់​កម្រិត​ណា​ ហើយ​មិនទាន់​បាន​រលូន នៅ​កម្រិត​ណា។ នេះ​គឺជា​របាយការណ៍​មួយ​ប្រៀប​ដូច​ទៅនឹង​កញ្ចក់​ក្នុង​ការឆ្លុះបញ្ចាំង​នូវ​ ការអសកម្ម​ក្នុង​ការអភិវឌ្ឍ​ទៅលើ​ការប្រយុទ្ធ​ប្រឆាំង​ទៅនឹង​ការជួញដូរ​ មនុស្ស​នៅ​កម្ពុជា។
វីអូអេ ៖ តើ​លោក​ស្រី​យល់ឃើញ​យ៉ាង​ណា​ចំពោះ​របាយការណ៍​នេះ​បាន​លើកឡើង​ថា​ការជួញដូរ​ មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ រដ្ឋាភិបាល​មិនបាន​អនុវត្ត​ឱ្យបាន​ពេញលេញ​ទៅតាម​បទដ្ឋាន​អប្បបរមា​សម្រាប់​ ការ​លុបបំបាត់​នៃ​ការ​ជួញដូរ​មនុស្សទេ?
លោកស្រី​ កាម៉ារីយ៉ាន៖ តាម​ការសិក្សា​ស្រាវជ្រាវ​ ក៏ដូចជា​ការអនុវត្ត​ផ្ទាល់​ ក៏ដូច​ជា​អង្គការ​ជាដៃគូ​រវាង​អង្គការ​ AFESIP​ ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​មាន​ការខិតខំប្រឹង​ប្រែង​ ដូចជា​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​ មនុស្ស​នេះ។ ក៏ប៉ុន្តែ​យើង​ឃើញ​ចំណុច​អសកម្ម​ខ្លះ​របស់​មន្ត្រី​អនុវត្តន៍​ច្បាប់​ ប្រឆាំង​នឹង​ការជួញដូរ​មនុស្ស​នេះ​ គឺការ​មិនយក​ចិត្ត​ទុកដាក់​ចំពោះ​ភារកិច្ច​របស់​គាត់​ ឬ​មួយ​ក៏យើង​គិត​ឃើញ​ផងដែរ​ថា​មន្ត្រី​អនុវត្តន៍​ច្បាប់​ពាក់ព័ន្ធ​ទៅនឹង​ ការជួញ​ដូរមនុស្ស​ ការធ្វើ​ចំណាក​ស្រុក​ឬ ​ការនាំ​ពលករ​ចេញ​ទៅ​ប្រទេស​ផ្សេងៗ​នោះ​ មាន​ការអសកម្ម​ ហើយ​ឃើញ​ការអនុវត្ត​របស់​គាត់​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ គ្មានជំនាញ ​ឬ ​ការធ្វេស​ប្រហែស​ដែល​គាត់​គិត​ឃើញ​ថា​បញ្ហា​នេះ​មិន​សំខាន់​សម្រាប់​ប្រទេស ​កម្ពុជា។
វីអូអេ៖ របាយការណ៍​នេះ ​បាន​និយាយ​ថា​រដ្ឋាភិបាល​កម្ពុជា​មិនបាន​បង្ហាញ​ពី​ការរីកចម្រើន​ក្នុង​ កិច្ច​ខំប្រឹងប្រែង​អនុវត្ត​ច្បាប់​ប្រឆាំង​ នឹង​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​ និង​គ្មាន​ការកាត់ទោស​ជនល្មើស​ជួញដូរ​មនុស្ស​នៅក្នុង​ឆ្នាំ២០១០​និង​ ឆ្នាំ២០១១​ ហើយ​ជួនកាល​ព្រះរាជអាជ្ញា​មិនបាន​ចោទប្រកាន់​ជនល្មើស​ជួញ​ដូរមនុស្ស​ទេ។ តើ​លោកស្រី​មាន​យោបល់​យ៉ាងណា​អំពី​របាយការណ៍​នេះ?
លោកស្រី​ កាម៉ារីយ៉ាន៖ បញ្ហា​នេះ​ ខ្ញុំ​គាំទ្រខ្លះ​ដែរ។ យើង​ឃើញថា​ការចោទ​ប្រកាន់​របស់​ព្រះរាជអាជ្ញា​ដែល​ពាក់ព័ន្ធ​ទៅនឹង​បញ្ហាជួញ ​ដូរមនុស្ស​ជាពិសេស​ការនាំពលករ​ចេញ។ យើង​ឃើញថា​ក្រុមហ៊ុន​មួយចំនួន​ធ្វើការ​មិនត្រឹមត្រូវ​ទៅតាម​ការងារ​របស់​ គាត់ ​ហៅថា​ការ​បង្កប់​ការជួញដូរ​មនុស្ស​ទៅក្នុង​ក្រុមហ៊ុន​នោះ ​បើយើង​ធ្វើការ​ស្រាវជ្រាវ​ឱ្យ​ដិតដល់​មែន​ទែន។ តួយ៉ាង​ដូចជា​ករណី​មួយ​នៅ​តុលាការ​ដែល​ខ្ញុំ​កំពុង​ធ្វើ​ការសិក្សា​ ស្រាវជ្រាវ​តាមដាន​ករណី​នេះ​សូម​មិន​បញ្ចេញ​ថា​នៅ​តុលាការ​ណា​ទេ។ ជន​រងគ្រោះ​ឆ្លើយ​ថា គាត់​ត្រូវបាន​ក្រុម ហ៊ុន​មួយ​នាំ​គាត់​បម្រុង​ទៅ​ធ្វើការ​នៅ​ប្រទេស​ក្រៅ​ដោយ​ឱពុកម្តាយ​គាត់​ អត់បាន​ដឹង​ ទីពីរ​នាង​ជា​អនីតិ​ជន ​ទីបី​អ្នក​ដែល​នាំមក​ ហើយ​ក្រុមហ៊ុន​នោះ​បាន​បិទ​ទ្វារ​ឃុំឃាំង​គាត់​ នៅពេល​គាត់​ស្រេក​ទឹក​ ឬ ​ឃ្លានបាយ​ ទាល់​តែ​គាត់​គោះទ្វារ​ហៅ​សុំ​ទឹកផឹក​ ឬ ​ឃ្លាន​បាយ​ ទើប​ក្រុមហ៊ុន​យក​ទៅ​ឱ្យគាត់។ យើង​ឃើញ​ថា ​នេះ​ជា​កំហុស​ឆ្គងធ្ងន់ធ្ងរ​ណាស់​ក្នុង​ការ​ឃុំឃាំង។ ប៉ុន្តែ​ការចោទប្រកាន់​របស់​ព្រះរាជអាជ្ញា​មិន​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​ ទៅនឹង​បទល្មើស​ណាមួយ​ទៅនឹង​ក្រុមហ៊ុន​ណាមួយ​ទេ។ ព្រះរាជា​អាជ្ញា​មិនបាន​ចោទ​ប្រកាន់ ក្រុមហ៊ុន​នោះ​ទេ​ប៉ុន្តែ​គាត់​ចោទ​ទៅលើ​អ្នក​នាំ​មក​វិញ។ អញ្ចឹង​នៅពេល​សវនាការ​ យើង​ឃើញ​ថា​ចៅក្រម​ជំនុំជម្រះ​ស្នើសុំ​ឱ្យ​ធ្វើការ​ស៊ើបអង្កេត​ឡើង​វិញ​ហើយ​ យើង​មិនចោទ​ទៅលើ​ព្រះរាជអាជ្ញា​ទាំងស្រុង​ពេក​ទេ​តែ​យើង​ដាក់​កំហុស​ទៅលើ​ ចៅក្រម​ស៊ើបអង្កេត​ក្នុងការ​ធ្វើការ​ងារ​មិន​ល្អិតល្អន់​ នៅពេល​ដែល​ជនរងគ្រោះ​ រៀបរាប់​លម្អិត​ហើយ ​គាត់​មិនបាន​ធ្វើការ​ស្រាវជ្រាវ​ ឬ ​អញ្ជើញ​ក្រុមហ៊ុន​ដែល​ជន​រងគ្រោះ​ចោទ​ដាក់​នោះ​មក​បំភ្លឺ​ឱ្យដឹង​ថា​ ខ្លួន​ហ្នឹង​បាន​ប្រព្រឹត្ត​ដូចការ​ចោទប្រកាន់​ ឬ ​មិនបាន​ប្រព្រឹត្ត។
វីអូអេ៖​តើលោកស្រី​យល់​ឃើញ​យ៉ាងម៉េច ចំពោះ​របាយការណ៍​នេះ​បាន​លើកឡើង​ថា​ចំនួន​នៃការ​កាត់​ឱ្យជាប់ទោស​ពី​បទជួញ​ ដូរមនុស្ស​បាន​ធ្លាក់ចុះ​ប៉ុន្តែ​ចំនួន​នៃ​កម្មករ​ចំណាក​ស្រុក ​ដែល​កំពុង​កើនឡើង​នៅកម្ពុជា​ បាន​ទទួល​រង​ការរំលោភ​បំពាន​ដោយ​គ្មាន​ការការពារ​ប្រកប​ដោយ​ដោយ​ប្រសិទ្ធភាព ​ពី​នគរបាល​ ឬ ក្រសួង​ការងារ?
លោកស្រី​ កាម៉ារីយ៉ាន៖ ពលករ​ពលកានី​មួយ​ចំនួនមិ​នទាន់​គ្រប់​អាយុ​ទេ​ ប៉ុន្តែ​គាត់​បាន​ទៅធ្វើការ​នៅ​ប្រទេស​ ក្រៅ​តាម​រយៈ​ក្រុមហ៊ុន​នោះ​ គឺ​ក្លែងបន្លំ​អាយុ។ តាម​យើង​ស្រាវជ្រាវ​ ការក្លែង​បន្លំ​អាយុ​នេះ​ត្រូវបាន​ស្រាវជ្រាវ​ឃើញ​ថា​ដោយសារ​ក្រុមហ៊ុន​ គ្រួសារ​ក្នុង​ការកែ​អាយុ​កែ​សំបុត្រ​កំណើត។ បើយើង​សិក្សា​ឱ្យដល់​ទៅ​ឱពុក​ម្តាយ គ្មាន​គំនិត​គិត​ឃើញ​ដល់​ការកែ​សំបុត្រ​កំណើត​ទេ ​បើគ្មាន​ការញុះ​ញង់​ណាមួយ​ពី​មេខ្យល់​ ឬ ​ក្រុមហ៊ុន។ អញ្ចឹង​យើង​ឃើញ​ថា​បញ្ហា​នេះ​គឺជា​កំហុស​ឆ្គង​មួយ​ដ៏ខ្លាំង​សម្រា​ប់មន្ត្រី ​រដ្ឋាភិបាល​យើង​ក្នុង​ថ្នាក់​ឃុំ ហើយ​ក៏​ជា​កំហុស​ឆ្គង​មួយ​សម្រាប់​ក្រុមហ៊ុន​ដែល​បាន​ផ្សំគំនិត​ក្នុង​រឿង​ កែសំបុត្រ​កំណើត​ ហើយ​ក៏​ជាកំហុស​ឆ្គង មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ។ ​អញ្ចឹង​ភាព​ក្រីក្រ​របស់​គាត​ធ្វើឱ្យ​គាត់​ងាយ​ចាញ់​បោ​កគេ​ ហើយ​ភាព​ក្រីក្រ​របស់​គាត់​ដែល​ជំរុញ​ឱ្យ​គាត់​ចូលរួម​កែ​អាយុ​កូន​របស់​ គាត់​ ដើម្បី​ឱ្យ​ពេញ​អាយុ​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ក្រៅ។
វីអូអេ៖ ប្រទេស​កម្ពុជា​ត្រូវបាន​គេ​មើលឃើញ​ថា ​ការ​ទប់ស្កាត់​ការជួញដូរ​​និង​ការ​ការពារ​ជនរងគ្រោះ​ មិនបាន​ប្រសើរ​ឡើង​ទេ។ សហរដ្ឋ​អាមេរិក​​បាន​រក្សា​ចំណាត់​ថ្នាក់​ទី២​សម្រាប់​ប្រទេស​កម្ពុជា។ តើ​មក​ពី​ហេតុ​អ្វី?
លោកស្រី​ កាម៉ារីយ៉ាន៖ ខ្ញុំ​យល់​ឃើញថា​ចំណាត់ថ្នាក់​លេខ​ពីរ​នេះ​ យើង​ទទួល​បាន​តាំងពី​យូរ​មកហើយ​ ហើយ​ឥឡូវ​យើង​នៅតែ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ពីរ​ទៀត។ ក្រោយពី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខពីរ​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ យើង​ឃើញ​ថា​រដ្ឋាភិបាល​ខិត​ខំ​ប្រឹងប្រែង​ណាស់​ ប៉ុន្តែ​បុគ្គល​អនុវត្តន៍​ច្បាប់​កេងចំណេញ​ទៅលើ​រដ្ឋាភិបាល​​ដើម្បី​ ផលប្រយោជន៍​បុគ្គល​ខ្លួន​ឯង។
វីអូអេ៖ របាយការណ៍​នេះ បាន​ចង្អុល​បង្ហាញ​ថា​អំពើ​ពុករលួយ​គ្រប់​លំដាប់ថ្នាក់​បន្ត​រារាំង​ ការវិវឌ្ឍ​ទៅមុខ​ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​មនុស្ស ហើយ​រដ្ឋាភិបាល​មិនដែល​កាត់ទោស​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ណាមួយ​ ដែល​បាន​ជាប់ពាក់​ព័ន្ធ​នឹង​ការជួញដូរ​ពលករ និង​ការជ្រើសរើស​ដោយ​មិនសុចរិត។ តើ​លោក​ស្រី​យល់​ឃើញ​យ៉ាងម៉េច?
លោកស្រី​ កាម៉ារីយ៉ាន៖ ​ខ្ញុំ​ទទួល​ស្គាល់​អំពី​របាយការណ៍​នូវ​ចំណុច​នេះ។ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​នាំ​ពលករ​ចេញ​យើង​មិនដែល​ឃើញ​ថា​នៅ​តុលាការ​ណា​មួយ ​ចោទ​ប្រកាន់​ក្រុមហ៊ុន​នោះទេ​ ហើយ​មូលហេតុ​ដែល​គាត់​មិន​ចោទ​ប្រកាន់​គឺ​គាត់​មិនខ្វល់​ពីរឿង​ក្រុមហ៊ុន​ នោះ​ធ្វើ​អ្វី​ទេ។ អញ្ចឹង​អ្វី​ដែល​របាយការណ៍​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​លើកឡើង​ នូវ​ចំណុច​នេះ ខ្ញុំ​ទទួល​ស្គាល់​ ព្រោះ​យើង​ឃើញ​ហើយ​ថា មិនដែល​ឃើញ​ដាក់ ទោស​ក្រុមហ៊ុន​ណាមួយ​ ចំពោះ​បញ្ហា​ដែល​ប្រព្រឹត្ត​ខុសច្បាប់​លើ​ពលការិនី​ទេ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น