គូស្នេហ៍ផ្លាស់មួយ នំមិនធំជាងនាឡិធ្វើរោងការក្នុងសាលាឃុំ

(ប្រុសកោះ)
ថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ០៩:២៥
រោងការធ្វើក្នុងបរិវេណសាលាឃុំ
កោះសន្តិភាព
រោងការធ្វើក្នុងបរិវេណសាលាឃុំ

រាជធានីភ្នំពេញ​​ ៖ ​នៅសាលា​ឃុំ​ព្រែក​​​ត្នោត ​​ស្រុកទឹកឈូ ​កាលពីព្រឹកថ្ងៃទី​​​​​២៩ មិថុនា ​​មានរៀបចំពិធី​​សែនព្រេន​​ដល់​គូស្នេហ៍​​​ដែល​ពួក​គេ​​​ទាំង​​២នាក់​ បានស្រឡាញ់គ្នា​​​យ៉ាង​ប្តូរផ្តាច់​​​​ តែ មេបា​​​ខាងស្រី​​មិនយល់ព្រម​​​ឱ្យពួក​គេ​​យកគ្នា​​ជា​ប្តី​ប្រពន្ធ​ឡើយ​​​ ទើប​​រហូត​ដល់​ជម្រើស​ចុង​ក្រោយ​​​​គឺ​នាំ​​គ្នា​រត់​​​។

គេបាន​​ដឹង ​ថា​ គូស្នេហ៍​​ដែល​​​​វាយ​បំបែក​​​ទំនៀម​​នំ​មិន​ធំជាង​នាឡិ​នេះ​ តួអង្គ​ប្រុស​​ឈ្មោះ​ញើ ញឹត អាយុ​​​១៨​ឆ្នាំ ​​រីឯ​​កូនស្រី​ឈ្មោះប៉ុន ថារ៉ាត់ អាយុ​​១៩​ឆ្នាំ ​ពួកគេទាំង​ពីរ​នាក់​រស់នៅ​ក្នុង​ភូមិ​ព្រែក​ត្នោត ឃុំ​​​ព្រែកត្នោត ​​ស្រុកទឹកឈូ ។ ពាក់​ព័ន្ធ​នឹង​ពិធីសែន​​​ព្រេន​ផ្សំ​ផ្គុំ​គ្នា​ទៅជា​ប្តីប្រពន្ធ​​​​​ស្រប ​ច្បាប់​​​នេះ​ក៏​មាន​លោកមេឃុំ​​​​ចេញច្បាប់​​​ឱ្យរៀប​​អាពាហ៍ពិពាហ៍​​ដែរ និង​មាន​លោក​មេបា​​​អាចារ្យ​​​ចាស់ទុំ​មក​​​​បាច​ផ្កាស្លា​​​ក្រាបក្បាល​​ ដល់​កន្ទេល គឺ​​លន់​តួដល់​ជីដូនជីតា​​ទាំង​សង​ខាង​ ដែល​​​​ធ្វើ​​មរណ​កាល​ទៅ​កាន់​​លោក​ខាងមុខ​ អញ្ជើញ​មក​​​​សេព​សោយ​​អាហារ​ក្រយា​​ដែល​​​រៀបថ្វាយ​​​ទៅ​តាម​ទំនៀ​ម​ ទម្លាប់​។ ​ប៉ុន្តែ​អ្វី​​ដែល​​​គេមើល​​​ឃើញក្នុង​ពិធីសែន​​ព្រេន​នេះ គឺ​មានតែ​​​ឪពុកម្តាយ​ខាង​ប្រុស ​​ចំណែក​​​ម្តាយ​​ឪពុក​​ខាង​ស្រី​​មិន​បាន​​មក​ចូល​រួម​ឡើយ​។
លោកគង់​​ ប៊ុនណា មេ​ឃុំ​ព្រែក​ត្នោត បាន​​​​​ឱ្យ​​​ដឹង​ថា ​​ដំបូង​ឡើយ​​​យុវជន​​​ឈ្មោះ​​ញើ ញឹត ​និង​នាង​ជា​កូនស្រី​​ឈ្មោះ​ប៉ុន ​ថា រ៉ាត់ ​​នេះ​បាន​ស្រឡាញ់​គ្នា​​​យ៉ាង​ស្មោះស្ម័គ្រ​​ តែ​មេ​បា​​ខាង​ស្រី​បាន​​ជំទាស់​​​​ដាច់​អហង្ការ​​ ទើបពួកគេ​​​​​នាំគ្នា​​​​រត់​បាត់​ស្រមោល​​​។​ ពេល​ដឹង​ថា ​ពួកគេ​​ទាំង​​២នាក់​នាំគ្នា​​រត់​ ម្តាយ​ឪពុក​ខាង​ប្រុស​ក៏​​​បាន​​មក​ប្រាប់​អាជ្ញាធរឃុំ​​ដែរ​ពីរឿង​​ក្មេងៗ​ ​​ស្រឡាញ់​ ហើយ​នាំគ្នារត់នេះ​ ។ ​ទាក់ទង​នឹង​​​​​មូល​ហេតុ​ដែល​​​ខាង​ស្រី​​ជំទាស់ស្នេហា​​ពួកគេនោះ​ត្រូវ​ បាន​​លោក​មេ​ឃុំ​​​លោកគង់ ប៊ុនណា ​ប្រាប់​ថា ​​ដោយ​​សារ​​​នារី​រូបនេះ​​នៅ​សិក្សា​​ ម្យ៉ាងវិញ​ទៀត​​ ដោយ​ខាង​​​ស្រី​រើស​កូនប្រសា​ ហើយ​​ខាង​ប្រុស​ជា​អ្នក​​ទីទ័ល​ក្រ​ ដូច្នេះ​​​ហើយ​​ម្តាយ​ឪពុក​​​​ខាងស្រី​​​មិន​យល់​ស្រប ។
លោកមេឃុំ​បាន​​​គូសបញ្ជាក់​​​ថា បើ​និយាយ​​​ឱ្យឆាប់ចប់​​នោះគឺ ​​​ស្នេហ៍​​​រើស​វណ្ណៈ​ ព្រោះ​ខាង​​ស្រី​ក៏​ជា​អ្នកធូរធារ​​​មួយដែរ​។​ លោកមេឃុំ​​​​បាន​ប្រាប់​​​​​ឱ្យ​​​ដឹង​ទៀត​ថា ​​បន្ទាប់​​ពួកគេ​​​នាំគ្នា​​​​​​រត់ ហើយ​ក៏បាន​ទាក់ទង​​តាម​ទូរស័ព្ទ​​​ហៅ​ពួក​​គេ​​ឱ្យ​ត្រឡប់​មកវិញ ​ហើយអាជ្ញាធរ​​ឃុំ​ក៏​បាន​​ហៅ​​ទាំង​​២នាក់​មក​​​សាកសួរ ​ទើប​ដឹង​​ថា ពួកគេ​ពិត​ជា​​ស្រឡាញ់គ្នា​​​ដោយគ្មាន​ការ​​​បង្ខិត​បង្ខំឡើយ​។​ ដូច្នេះ​​​ហើយ​ទើប​​ខាង​​ឃុំ​មាន​​សិទ្ធ​ិ​ចេញ​​​​ច្បាប់​​​ឱ្យ​ រៀបអាពាហ៍ពិពាហ៍​​​​ ហើយ​​​ក៏​បាន​​ឱ្យ​​ទីធ្លា​​សាលា​ឃុំ​​​​សង់​​រោងការ​​​ ដែល​មាន​ភ្ញៀវ​​​​ចូលរួម​​ពិសា​ភោជ​នា​​​​​អាហារ​​​មាន​ចំនួន​​​​២០០នាក់ ​​។ ការធ្វើ​​រោង​ការ​​​​ក្នុងសាលា​​ឃុំ​​​នេះ​ដោយ​​​ខាង​អាជ្ញាធរ​​​​យល់​ថា ​ព្រោះ​ខាង​ប្រុស​​​ខ្លាច​​​ធ្វើនៅក្នុង​​​ភូមិ​អាច​មាន​បញ្ហា​​​ណាមួយ។
ចំណែក​យុវជនញើ ញឹត បាន​និយាយ​​ថា រូប​គេ​​មិន​មានមុខរបរ​អ្វី​ក្រៅពី​​ធ្វើ​​​កម្មករ​ស៊ីឈ្នួល​​គេ​ទេ​ ហើយ​​រូប​​​​គេពិតជា​​​​ស្រឡាញ់នាង​ប៉ុន​​ ថារ៉ាត់​មែន ឯ​មួយរយៈ​​ខ្លី​ដែល​ពួកគេ​​នាំគ្នា​រត់គឺ​ទៅ​​​ស្នាក់​នៅផ្ទះ​​​បង​ប្អូន​នៅ ​​ស្ទឹង​ហាវ ​ខេត្តព្រះសីហនុ ​។ រីឯ​ឪពុកម្តាយ​​​​ខាង​ប្រុស​​​​វិញនិយាយ​ថា ​គាត់​មិន​​ដែលហ៊ាន​​ទៅសួរនាំ​ខាង​ស្រីទេ តែ​បើ​សួរ​​នាំ​​ក៏​​​ដឹង​ថា ខាង​ស្រីមិន​​ឱ្យដែរ ។ ​នៅព្រឹក​នោះ​ដែរ បន្ទាប់​​​ពី​មានការ​​សែនព្រេន​​​កូនប្រុស​​​​ស្រី​នៅ​​សាលាឃុំ​​ហើយ ​ពួក​គេទាំង​​២នាក់​ក៏នាំគ្នា​ទៅ​​សំពះ​​ថៅ​​កុង​​​នៅ​ផ្ទះ​ខាង​ស្រី តែ​​ឪពុក​ខាង​ស្រី​​បាន​គេច​​ចេញពី​ផ្ទះបាត់​តាំង​ពី​​ព្រលឹម ។

មន្ត្រីប៉ូលិស​​​​​ឃុំ​​ព្រែក​ត្នោត​និយាយ​ថា ​​នាង​ជា​​កូនក្រមុំ​​​ធ្លាប់​​​ត្រូវ​ម្តាយ​​​វាយធ្វើបាប​​ជាញឹក​ញាប់​​ ព្រោះ​តែ​ពួកគេ​​​បាន​លួច​ណាត់ជួបគ្នា​។​ ជា​ការពិត​ ទង្វើ​​​របស់​​​​ឪពុក​ម្តាយ​​ខាង​ស្រី​​មិនមែន​​មាន​ន័យ​ថា មិនល្អទេ ​​​គឺ​ចង់​​ឱ្យ​កូន​ស្រី​​មាន​អនា​គត ហើយ​​​​មេ​បា​​​​ណា​មួយក៏មានបំណង​​ប្រាថ្នា​​​​ដូចនេះដែរ ​​តែអ្វីដែល​​​មិន​អាច​ទៅ​​រួច​នោះគឺ​​កូនស្រី​បាន​​លួច​មាន​ស្នេហា​​ ជាមួយបុរស​​ម្នាក់​រួច​ទៅ​ហើយ ​​​មាន​ន័យ​​​ថា វាជ្រុល​​​ហួសក្នុង​ការ​​អូស​ទាញ​​​ពួកគេ​ទៅ​ហើយ។ ​ដូច្នេះ​ការ​​​កែ​លំអ​ឥរិ​យា​បថ​ក្នុងនាមជា​មេ​បា​​​មិនត្រូវ​រឹង​​​ពេក​ នោះទេ ព្រោះ​​​​​​ថា បើ​​ពេល​នេះ​ខាង​ប្រុស​​​ក្រីក្រ ​តែ​មិន​​អាច​​​ទាយ​ទុក​​​បាន​​ថា អនាគត​​បែបណា​នោះទេ ​។ ​តាម​ផ្លូវច្បាប់​​​​ យុវជន យុវនារី​​មានអាយុ​​​​១៨​ឆ្នាំ​ឡើង​​ទៅ​ មានសិទ្ធិ​​​​យក​គូស្រករ​បាន​​​​​ដោយ​ខ្លួន​ឯង​​ជា​អ្នក​​​ជ្រើសរើស​​​​ហើយ​ អ្នក​​បង្ខិត​បង្ខំ​ទៅ​វិញ​ទេដែលខុស ។ ​​នេះ​​សំណាង​ហើយ​​​​សម្រាប់តួ​ប្រុស​​​​ដែលមិនអាច​​ប្រឈម​មុខ​​​​នឹង​ការ​​ ចាប់ខ្លួន​​​​ដោយសារ​នារី​​ជា​គូ​ស្នេហ៍​​មាន​អាយុ​​​​ដែល​ច្បាប់​អនុញ្ញាត​ ​។
មង្គលការ​​​ក្នុង​សាលា​ឃុំ​​​បែបនេះ​​​អាច​ចាត់​ទុក​​ ​ថា ជា​​​លើកទី​១​ហើយ​ដែលអាជ្ញាធរ​​​​​បាន​អនុ​ញ្ញាត​​ដោយសារ​​​តែ​​យល់ថា គូស្នេហ៍​​នេះ​​ពិតជា​​​​តាំង​ចិត្ត​​​​យកគ្នា​​ជា​ប្តីប្រពន្ធ​​​​​ឱ្យបាន​ ​ស្របច្បាប់​​​ ទោះ​បី​​​ការ​រៀប​ចំ​​​ពិធីត្រឹម​​​សែនព្រេន​​ក៏ដោយ​ចុះ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น