តើភាសាខ្មែរ​មាន​ភាព​ចម្រូងចម្រាស​ដោយសារ​អ្វី?

ដោយ កែវ​ពេជ្រ មេត្តា

2011-07-03
ការ​ប្រើប្រាស់​អក្សរ​សាស្ត្រ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា នៅ​តែ​មាន​ភាព​ចម្រូងចម្រាស​មិន​ឯកភាព​គ្នា​ទេ។
គ្រប់​ជាតិ​សាសន៍​លើ​សកល​លោក​សព្វ​ថ្ងៃ​នេះ តែង​តែ​មាន​អក្សរ​សាស្ត្រ​ជាតិ​របស់​គេ​រៀង​ៗ​ខ្លួន ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា​ជួយ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ពល​រដ្ឋ និង​ថ្នាក់​ដឹក​នាំ​ប្រទេស​នីមួយ​ៗ បាន​ដឹង​ពី​ហេតុ​ការណ៍​ផ្សេងៗ កើត​ឡើង​នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​របស់​គេ​ម្នាក់ៗ។

ដោយ​ឡែក​នៅ​កម្ពុជា តាំង​តែ​ពី​ដើម​រៀង​មក​រហូត​ដល់​សព្វ​ថ្ងៃ ក៏​មាន​វប្បធម៌​អក្សរ​សាស្ត្រ​ជាតិ​សម្រាប់​ប្រើ​ប្រាស់​ដែរ ដោយ​មាន​អស់​លោក​អ្នក​ប្រាជ្ញ អ្នក​បណ្ឌិត​ខ្មែរ​មួយ​ចំនួន បាន​នាំ​គ្នា​បង្កើត​ឡើង ហើយ​បាន​ចង​ក្រង និង​សរសេរ​ទុក​នៅ​ក្នុ​ឯកសារ​ផ្សេងៗ ជា​ច្រើន មាន​ដូច​ជា​សៀវភៅ និង​ចារ​ទុក​នៅ​លើ​ផ្ទាំង​ថ្ម​ប្រាសាទ​បុរាណ​នានា។ល។ ដើម្បី​ទុក​ជា​តឹក​តាង និង​បង្ហាញ​ឲ្យ​កូន​ចៅ​ខ្មែរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ បាន​សិក្សា​រៀន​សូត្រ និង​ស្វែង​យល់​ពី​ភាសា​ជាតិ និង​ជួយ​ថែ​រក្សា​អក្សរ​សាស្ត្រ​របស់​ខ្លួន​ឲ្យ​បាន​គង់វង្ស​ត​ទៅ។
សម្រាប់​ការ​ប្រើ​ប្រាស់​អក្សរ​សាស្ត្រ​ខ្មែរ​សព្វ​ថ្ងៃ​នេះ ប្រការ​ដែល​គួរ​ឲ្យ​កត់​សំគាល់​គឺ​គេ​បាន​ឃើញ​ភាព​ប្រទូស្តប្រទាំង​គ្នា​ ក្នុង​ការ​ប្រើ​អក្ខរាវិរុទ្ធ ព្រម​ទាំង​វេយ្យាករណ៍​មួយ​ចំនួន ហើយ​អស់​លោក​អ្នក​ប្រាជ្ញ​ផ្នែក​អក្សរ​សាស្ត្រ ក៏​បាន​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ការ​ប្រើ​ប្រាស់​អក្សរ​ខ្មែរ​មិន​ ឯកភាព​គ្នា​នោះ។
ការ​ប្រើ​មិន​ដូច​គ្នា ដែល​គេ​បាន​កត់​សំគាល់​ឃើញ​មាន​ដូច​ជា​ការ​ផ្លាស់​ប្ដូរ​អក្ខរាវិរុទ្ធ​ខ្លះ ​ពី​សំឡេង​អឃោសៈ ឬ​សំឡេង​ស្រាល​តូច ដូច​ជា​អក្សរ «ណ» ឲ្យ​ទៅ​ជា​សំឡេង​ឃោសៈ សំឡេង​ធំ សំឡេង​គ្រលរ​ទៅ​ជា​អក្សរ «ន» ហើយ​អក្សរ «ឡ» ទៅ​ជា​អក្សរ «ល» ជា​ដើម។
លោក ធន់ ហ៊ិន អ្នក​សិក្សា​ស្រាវ​ជ្រាវ​អក្សរ​សាស្ត្រ​ខ្មែរ និង​ជា​អតីត​សាស្ត្រាចារ្យ​មធ្យម​សិក្សា​បឋម​ភូមិ​ភាសា​បារាំង ក្នុង​អំឡុង​ទសវត្ស​១៩៧០ ដល់​១៩៧៥ បាន​មាន​ប្រសាសន៍​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​អក្សរ​យ៉ាង​ដូច្នេះ ដោយ​សារ​តែ​អស់​លោក​អ្នក​ប្រាជ្ញ​អក្សរ​សាស្ត្រ​មួយ​ចំនួន​នោះ បាន​យល់​ថា គឺ​ធ្វើ​ទៅ​តាម​ទំនាញ​សូរ​របស់​អក្សរ​និមួយ​ៗ នោះ ៖ "ពាក្យ​ទំនាញ​សូរ នេះ កាល​ពី​សម័យ​មុន​ហៅ​ថា «លំឱន​សព្ទ​តាម​សព្ទ​ដើម»។ ដូច​ថា​ព្យញ្ជនៈ​អឃោសៈ រួច​ហើយ មាន​ឃោសៈ​បន្ត ជា​ឃោស​ហ្នឹង​ត្រូវ​លំឱន​សព្ទ​តាម​អឃោសៈ អា​ហ្នឹង​ចំពោះ​ពាក្យ​ខ្មែរ​សុទ្ធ ប៉ុន្តែ​មាន​ពាក្យ​មួយ​ចំនួន​វា​អត់​លំឱន​សព្ទ​តាម​ទេ ដូច​ជា តវ៉ា អ៊ីចឹង យើង​ត្រូវ​ដាក់​មូសិកទន្ត​លើ «វ» ពាក្យ ប្រទូសរ៉ាយ «រ៉ាយ» ត្រូវ​មាន​មូសិកទន្ត។ ហើយ អំបាលម៉ាន «ម៉ាន​ហ្នឹង​គេ​ទម្លាប់​សរសេរ​អ៊ីចឹង​មក​ហើយ រួច​ហើយ​ដល់​ពេល​គេ​បង្កើត​អា​ទំនាញ​សូរ​ហ្នឹង គេ​ដូរ​អក្ខរាវិរុទ្ធ​ម៉េច ដូច​អំណាច គេ​ថា អ​ដាក់​ស្រៈ «ំ» ណាច ដូច​ពី​ដើម​ខុស គេ​លុប «ណ» ចេញ គេ​ដាក់ ន ស្រៈ​អា និង​ច។ នែ​អា​កន្លែង​ហ្នឹង ប្រទូសរ៉ាយ​គ្នា​ខ្លាំង​អា​កន្លែង​ហ្នឹង"
លោក ធន់ ហ៊ិន បាន​មាន​ប្រសាសន៍​ទៀត​ថា បើ​គេ​បង្កើត​គោល​ការណ៍​ប្ដូរ​ចុះ​ឡើង​បែប​នេះ គឺ​អាច​ច្រឡំ​បល់​ដល់​អក្សរ​សាស្ត្រ​ខ្មែរ ពី​ព្រោះ​នៅ​មាន​ពាក្យ​សំឡេង​អឃោសៈ ឬ​សំឡេង​ស្រាល​តូច​នៅ​ពី​មុខ​សំឡេង​ឃោសៈ សំឡេង​ធំ​គ្រលរ​ជា​ច្រើន​ទៀត ដែល​គេ​មិន​អាច​ដូរ​បាន​ទេ ដូច​ជា​ពាក្យ​ថា «អាយុ អន្លូង អន្លើ អន្លូញ ចតុមុខ ប្រមុខ ឯករាជ ការងារ។ល។ ៖ "សួរ​ថា​បើ​ យក​គោល​ការណ៍​ហ្នឹង អាន​អា​យ៉ុ អាន​ថា ចុតុម៉ុក ប្រវត្តិ​រ៉ូប​ទៅ អាន​ថា​ប្រវត្តិរូប​ម្ដេច​កើត ហើយ​សរសេរ​យ៉ាង​មេច អន្លុង អន្លួក អន្លើរ មួយ​អន្លើរ​អី​ហ្នឹង សំពត់​អន្លូញ​ហ្នឹង​សរសេរ​ម៉េច បើ​តាម​គោល​ការណ៍​ហ្នឹង អាន​ថា អន់​ឡក់ អន់​ឡើ អន់​ឡូញ អាន​ថា ឯក​រ៉ាជ​អាន​ថា ការង៉ារ។ អ្នក​បង្កើត​ក្បួន​ច្បាប់​ថ្មី​ហ្នឹង គិត​អត់​ដល់​អនុម័ត​ខ្លួន​ឯង​ហ្នឹង​ថា ខ្លួន​ឯង​ថា​ត្រឹម​ត្រូវ​ហើយ។ ក្បួន​ច្បាប់​របស់​យើង សម្ដេច ជួន ណាត តាក់​តែង​មក ហើយ​គេ​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​អស់​ហើយៗ សំខាន់​គឺ​ធ្វើ​ឲ្យ​មាន​ការ​ឯកភាព​គ្នា​ឡើង​វិញ​នៅ​លើ​ការ​សរសេរ​ អក្ខរាវិរុទ្ធ​របស់​ពាក្យ"
អ្នក​ប្រាជ្ញ​ផ្នែក​អក្សរ​សាស្ត្រ​ខ្មែរ​ខ្លះ​ទៀត​បាន​បញ្ជាក់​ថា ដោយ​សារ​មាន​ការ​ផ្លាស់​ប្ដូរ​ពាក្យ​ចុះ​ឡើង ទើប​សព្វ​ថ្ងៃ​នេះ មាន​ការ​អាន និង​ការ​សរសេរ​ខុស​ៗ​គ្នា ដូច​ជា​ពាក្យ​ថា ខែ​មីនា (មីណា) ជា​ដើម ដោយ​អ្នក​ខ្លះ​អាន​ថា មីនា អ្នក​ខ្លះ​ទៀត​អាន​ថា មីណា ហើយ​និង​ខ្លះ​ទៀត​អាន​ថា​មិនា ឬ​មិណា។
លោក វ៉ាយ វិបុល ជំនួយ​ការ​អគ្គសេនាធិការដ្ឋាន​ពុទ្ធិក​សិក្សា​ជាតិ​នៅ​ទីក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា អក្សរ​សាស្ត្រ​ខ្មែរ គឺ​ជា​តំណាង​អត្តសញ្ញាណ​ជាតិ ឬ​ជា​គ្រឿង​សំគាល់​ពូជ​សាសន៍​ខ្មែរ​មួយ​ដែរ ដូច្នេះ​ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​រូប​គប្បី​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​ នេះ​ទាំង​ការ​សរសេរ ការ​អាន និង​ការ​និយាយ។ លោក​បាន​បន្ត​ថា ដូច​ជា​ការ​អាន​នៅ​ក្នុង​ពាក្យ​ខែ​ទាំង​១២ ជា​ដើម ដែល​មាន​សំឡេង​អា​នៅ​ខាង​ចុង គឺ​ត្រូវ​អាន​តាម​សព្ទ​អា​នោះ ដូច​ជា ខែ​មករា មីនា (មីណា) មេសា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា លើក​លែង​តែ​ខែ​ឧសភា គឺ​ត្រូវ​អាន​ថា ឧសភា មិន​មែន​ឧសផា​ទេ ៖ "ហើយ​ពាក្យ​ ថា តីរវិថី អ៊ីចឹង​ដែរ ហើយ​ពាក្យ​តីរ​ហ្នឹង​ប្រែ​ថា​ច្រាំង វិថី​ដែល​ជាប់​មាត់​ទន្លេ​ហ្នឹង ហៅ​ថា​តីរវិថី។ បើ​សិន​យើង​មិន​សរសេរ​តីរវិធី យើង​សរសេរ​តិរវិថី​ទៅ​ជា​ប្រែ​ថា​ទទឹង វិថី​ទទឹង ដូច្នេះ​ពាក្យ​នេះ​ឮ​សូរ​អាន​តែ​អ៊ីចឹង។ ដូច​ជា​ឲ្យ​សរសេរ​គ្រវាត់​ទៅ​លើ​ហើយ​យើង​ដាក់​ជើង​យ​ពី​ក្រោម​មក គេ​សរសេរ​តែ​អ៊ីចឹង។ សូម្បី​សរសេរ​ឲ្យ​អ​ដាក់​ស្រៈ ឲ និង​យ ក៏​ឈ្មោះ​ថា ឲ្យ ដែរ ក៏​ប៉ុន្តែ​ទោះបី​យ៉ាង​ម៉េច ដើម្បី​រក្សា​អក្សរ​សាស្ត្រ​របស់​យើង​មុន​មក​ហ្នឹង​យូរ​ៗ​ទៅ វា​បាត់​អក្សរ​ហ្នឹង គេ​យក​ទៅ​ថា​របស់​គេ​ទៅ ព្រោះ​អក្សរ​ហ្នឹង​វា​មាន​នៅ​លើ​ថ្ម​ហើយ ដែល​កាល​ណា​យើង​ទុក​មិន​យក​មក​ប្រើ​យូរ​ៗ ទៅ កូន​ចៅ​យើង​អត់​ស្គាល់​អក្សរ​ឲ្យ​ហ្នឹង។ អ៊ីចឹង​អ្នក​ណា​មួយ​ជិត​ខាង​យើង​គេ​យក​ទៅ​ប្រើ​ទៅ គេ​ថា​របស់​គេ​អក្សរ​ហ្នឹង ដូច្នេះ​គេ​ចង្អុល​បង្ហាញ​លើ​អក្សរ​ថ្ម​អក្សរ​អី​ហ្នឹង គេ​ថា​របស់​គេ យើង​ចាញ់​គេ​បាត់​ហើយ"
ការ​ផ្លាស់​ប្ដូរ​អក្សរ​ឲ្យ​ដួល​ទៅ​តាម​អក្សរ​នៅ​ខាង​មុខ ឬ​ដែល​គេ​ហៅ​ថា​ទំនាញ​សូរ ឬ​លំឱន​សព្ទ​តាម​សព្ទ​ដើម ហើយ​និង​ការ​លុប​បំបាត់​ស្រៈ​ពេញ​តួ​ខ្លះ​ក្ដី គេ​ឃើញ​មាន​ការ​គាំទ្រ​ខ្លះ​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​ខ្មែរ ពិសេស​សិស្ស-និស្សិត​ក្នុង​សម័យ​បច្ចុប្បន្ន ដោយ​សារ​តែ​គេ​យល់​ឃើញ​ថា ការ​ប្រើ​ប្រាស់​អក្សរ​ថ្មី​នោះ​មាន​ការ​ងាយ​ស្រួល​សរសេរ​ជាង។
ក្នុង​ចំណោម​សិស្ស-និស្សិត​ទាំង​នោះ យុវ​សិស្ស​មួយ​រូប​ឈ្មោះ លី ហួ​ផេង រៀន​នៅ​សកល​វិទ្យាល័យ​ន័រតុន ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​ប្រាស់​អក្សរ​ថ្មី​មិន​គ្រាន់​តែ​ការ​ងាយ​ស្រួល​សរសេរ​ទេ គឺ​ថែម​ទាំង​ស្រួល​ចំណាំ​ទៀត ៖ "ដូច​លក្ខខណ្ឌ​ឥឡូវ​គេ​សរសេរ​អត់​សូវ​ដាក់​សំយោគ​សញ្ញា​ទេ។ ភាគ​ច្រើន​អត់​ដាក់"
យុវ​និស្សិត​នារី​មួយ​រូប​ទៀត​ឈ្មោះ ឆន ដាណែត រៀន​នៅ​សកល​វិទ្យាល័យ​បច្ចេកវិជ្ជា​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា តាម​ការ​យល់​ឃើញ​របស់​នាង សម្រាប់​ការ​ប្រើ​ប្រាស់​អក្សរ​សាស្ត្រ​ខ្មែរ​ពី​ដើម​មាន​ការ​ពិបាក​មែន ហើយ​ប៉ុន្តែ​អក្សរ​សម័យ​មុន​ក៏​មាន​លក្ខណៈ​មួយ​ត្រូវ​រក្សា​ទុក​ដែរ ៖ "គឺ​ដូច​គេ​ថា​ស្រៈ​ពេញ​តួ​អ៊ីចឹង ចូល​ទៅ​ផ្លូវ​ការ​ភាគ​ច្រើន​គេ​ប្រើ​បូរាណ"
វិបត្តិ​ការ​ប្រើ​អក្សរ​សាស្ត្រ​ខ្មែរ​ដែល​បាន​លើក​ឡើង​ទាំង​ប៉ុន្មាន​ នេះ លោក​បណ្ឌិត​សភា​ចារ្យ ស៊ុំ ឈុំប៊ុន អគ្គ​លេខាធិការ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា និង​ជា​អ្នក​ស្រាវ​ជ្រាវ​មរតក​វប្បធម៌ អរិយធម៌​ខ្មែរ និង​តំបន់​អាស៊ី បាន​មាន​ប្រសាសន៍​ថា ការ​លប់​បំបាត់​អក្សរ​មួយ រួច​យក​ពាក្យ​ផ្សេង​មក​ជំនួស​វិញ ហើយ​ចង់​ឲ្យ​មាន​ការ​ស្រុះស្រួល​គ្នា​ប្រើប្រាស់​ឲ្យ​បាន​ភ្លាមៗ នោះ គឺ​មិន​ជា​ការ​ងាយ​ដូច​ចិត្ត​ចង់​ទេ ពី​ព្រោះ​ការ​ប្រើ​ប្រាស់​អក្សរ​ពី​សម័យ​មុន​បាន​ដក់​ជាប់​ក្នុង​សន្ដាន​កូន ​ចៅ​ខ្មែរ​ភាគ​ច្រើន​ទៅ​ហើយ។
លោក​បាន​បន្ថែម​ទៀត​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រើប្រាស់​អក្សរ​សាស្ត្រ​ខ្មែរ​សព្វ​ថ្ងៃ គឺ​ភាគ​ច្រើន​គេ​បាន​ឯកភាព​យក​តាម​វចនានុក្រម​របស់​សម្ដេច​សង្ឃ​រាជ ជួន ណាត ដូច​ជា​ស្រៈ​ពេញ​តួ​ជា​ដើម គឺ​មិន​អាច​លប់​ចោល​បាន​ទេ ពីព្រោះ​នាំ​ឲ្យ​បាត់​បង់​ឫស​គល់​អក្សរ​សាស្ត្រ និង​វប្បធម៌​ជាតិ ៖ "ពិត ​មែន​តែ​ភាសា​ខ្មែរ​វា​ច្រើន ប៉ុន្តែ​វា​បង្ហាញ​នូវ​អត្តសញ្ញាណ​របស់​ខ្មែរ បង្ហាញ​នូវ​ឫស​គល់​របស់​ខ្មែរ ពីព្រោះ​ខ្មែរ​យើង​ធ្វើ​អី​ក៏​ដោយ យើង​មាន​វិស័យ​សិល្ប។ ផ្ទះ​គេ គេ​ធ្វើ​ប៉ិត​ៗ​ទេ ប៉ុន្តែ​ខ្មែរ​យើង​មាន​ក្បាច់ មាន​ក្បូរ​រចនា អី​អា​ហ្នឹង​គឺ​ជា​រចនាប័ទ្ម​របស់​ខ្មែរ ចិត្ត​គំនិត​របស់​ខ្មែរ។ ម៉្យាង​ទៀត​កាល​ណា​យើង​លុប​ស្រៈ​ពេញ​តួ យើង​លុប​អី​ហ្នឹង​ទៅ វា​បាត់​អត្តសញ្ញាណ​មួយ។ សុំ​យើង​អញ្ជើញ​ទៅ​មើល​សិលា​ចារិក​ដ៏​ចាស់​មួយ​នៅ​ខេត្ត​ក្រចេះ យើង​ឃើញ​ច្បាស់​តាំង​ពី​សតវត្ស​ទី​៩ ទី​១០ ទី​១១ មក ប៉ុន្តែ​អក្សរ​មួយ​ចំនួន យើង​មើល​អត់​ដាច់​ទេ ប៉ុន្តែ​អក្សរ​ឧ ស្រៈ​ពេញ​តួ​ហ្នឹង វា​មាន អា​ហ្នឹង​អត្តសញ្ញាណ​យើង។ យើង​ប្រើ​តាំង​ពី​ជំនាន់​ប្រទេស​នៅ​ជាប់​យើង​សង​ខាង​យើង​ហ្នឹង​អត់​ទាន់​មាន ​នគរ​ផង ហើយ​យើង​មាន​ការ​ប្រើ​ប្រាស់​ភាសា ហើយ​មាន​អក្សរ​ឧ ហ្នឹង​ជា​ឧទាហរណ៍"
លោក​បាន​បន្ថែម​ទៀត​ថា កន្លង​មក​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈកម្មការ​ជាតិ​ភាសា​ខ្មែរ ហើយ​មក​ដល់​ពេល​នេះ គណៈកម្មការ​នោះ​ត្រូវ​បាន​វិវឌ្ឍ​មក​ជា​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ដើម្បី​ដោះ​ស្រាយ​វិបត្តិ និង​ភាព​ចម្រូងចម្រាស​ការ​ប្រើប្រាស់​អក្សរ​សាស្ត្រ​ខ្មែរ។ លោក​បាន​បន្ត​ថា ការ​ងារ​នេះ​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទើប​អាច​សម្រេច​ឲ្យ​មាន​ការ​ឯកភាព​ គ្នា​នៅ​ទូទាំង​ប្រទេស៕

ไม่มีความคิดเห็น:

แสดงความคิดเห็น