អ្នក​ភូមិ​នៅ​ខែត្រ​កំពង់ធំ ២០០​នាក់​បិទ​ផ្លូវ​ជាតិ​លេខ​៦​តវ៉ា​រឿង​ដី

ដោយ ទីន ហ្សាការីយ៉ា

2011-07-08
អ្នក​ភូមិ​នៅ​ឃុំ​សានគរ ស្រុក​កំពង់ស្វាយ ខែត្រ​កំពង់ធំ លើក​គ្នា​ជាង ២០០ នាក់ បិទ​ផ្លូវ​ជាតិ​លេខ ៦ អស់​រយៈពេល​ជាង៧ម៉ោង​ដើម្បី​សុំ​ឲ្យ​តុលា​ការ​ដោះ​លែង​អ្នក​ភូមិ​មួយ​រួប ដែល​តុលាការ​ចាប់​ដាក់​គុក។
RFA/Tin Zakariya
៨-កក្កដា-២០១១ ៖ អ្នក​ភូមិ​សានគរ​បិទ​ផ្លូវ​ជាតិ​លេខ ៦ ទៅ​សៀមរាប។
ក្រុម​អ្នក​ភូមិ​បាន​បើក​ឲ្យ​អ្នក​ធ្វើ​ចរាចរ​ធម្មតា​វិញ បន្ទាប់​ពី​មាន​អភិបាល​រង​ខែត្រ​បាន​ចុះ​ទៅ​សន្យា​ដោះស្រាយ តាម​សំណើ​របស់​អ្នក​ភូមិ។

ផ្លូវ​ជាតិ​លេខ ៦ នៅ​ក្បែរ​ទី​រួម​ខែត្រ​កំពង់ធំ ត្រូវ​បាន​បើក​ឲ្យ​ធ្វើ​ដំណើរ​ធម្មតា​ឡើង​វិញ បន្ទាប់​ពី​អភិបាល​រង​ខែត្រ​កំពង់ធំ ចុះ​ទៅ​ជួប​អ្នក​ភូមិ និង​សន្យា​ថា គេ​នឹង​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដោះស្រាយ ដី​ស្រែ ដែល​មាន​ជម្លោះ​ចំនួន ៨០០ ហិកតារ។
អ្នក​ភូមិ​សានគរ​បាន​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ ៦ ដែល​ភ្ជាប់​ពី​កំពង់ធំ​ទៅ​ខេត្ត​សៀមរាប តាំង​ពី​ម៉ោង ៨ ព្រឹក​រហូត​ដល់​ម៉ោង ៣ រសៀល ទើប​ពួក​គាត់​បើក​ឲ្យ​អ្នក​ដំណើរ​ធ្វើ​ចរាចរណ៍​ដូច​ដើម​វិញ។
ការ​បិទ​ផ្លូវ​របស់​អ្នក​ភូមិ បាន​ធ្វើ​ឲ្យ​កក​ស្ទះ​ដំណើរ​ចរាចរណ៍​ រថយន្ត​រាប់​រយ​គ្រឿង​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ ៦ នៅ​ប្រមា​ណ ២០ គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខែត្រ​កំពង់​ធំ។
អភិបាល​រង​ខែត្រ​កំពង់ធំ លោក អ៊ុត សំអន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ៨ កក្កដា​ថា លោក​បាន​ទទួល​យក​សំណើ​របស់​ប្រជាពលរដ្ឋ​សុំ​ឲ្យ​ដោះ​ស្រាយ​រឿង​ដី​ទំនាស់​ រវាង​ប្រជា​ពលរដ្ឋ និង​ក្រុមហ៊ុន  ដួង ហេង សេង ស៊ុនណា និង​ករណី​សុំ​ឲ្យ​ដោះ​លែង​អ្នក​ភូមិ​មួយ​រូប ដែល​តុលាការ​ចាប់​ខ្លួន និង​សុំ​កុំ​ ឲ្យ​តុលាការ​តាម​ចាប់​ខ្លួន​អ្នក​ភូមិ​មួយ​ចំនួន​ផ្សេង​ទៀត។
លោក អ៊ុត សំអន បាន​សន្យា​ថា នៅ​សប្ដាហ៍​ក្រោយ លោក​នឹង​ចុះ​ទៅ​ត្រួត​ពិនិត្យ និង​ស្រាវជ្រាវ​ដី​ ទំនាស់​ដោយ​ផ្ទាល់ ដើម្បី​ដោះ​ស្រាយ​ជួន​ប្រជា​ពលរដ្ឋ​ឲ្យ​ទាន់​រដូវ​បង្កបង្កើន​ផល​នៅ​រដូវ​ វស្សា​នេះ។
ប្រជា​ពលរដ្ឋ​ភូមិ​សានគរ ឃុំ​សានគរ​ជាង ២០០ នាក់ បាន​លើក​គ្នា​ទៅ​បិទ​ផ្លូវ​នេះ នៅ​ស្រប​ពេល​ដែល​សាលា​ដំបូង​ខែត្រ​កំពង់ធំ កោះ​ហៅ​អ្នក​ភូមិ​ចំនួន​ពីរ​រូប​បន្ថែម​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី ៨ កក្កដា អំពី​បញ្ហា​ជម្លោះ​ដី​ស្រែ​នេះ។ ការ​កោះ​ហៅ​អ្នក​ភូមិ​សាក​សួរ​នេះ គឺ​បន្ទាប់​ពី​តុលាការ​បាន​ចាប់​អ្នក​ភូមិ​មួយ​រូប ឈ្មោះ ឃាង សឿង កាល​ពី​ថ្ងៃ​ទី ៣ មិថុនា ឆ្នាំ​២០១១។
មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ លោក ឆេង សុភ័ស្ត មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខែត្រ​បាន​ចេញ​មុខ​ទៅ​ចរចា​ដោយ​សន្តិវិធី ជា​ឧទាហរណ៍​មួយ​ល្អ ហើយ​លោក​សង្ឃឹម​ថា អាជ្ញាធរ​នឹង​រក​ដំណោះស្រាយ​ជូន​អ្នក​ភូមិ​ឲ្យ​បាន​សម​ស្រប។
ប្រជាពលរដ្ឋ​មួយ​រូប​និយាយ​ថា ការ​សម្រេច​ចិត្ត​បិទ​ផ្លូវ​បែប​នេះ គឺ​ជា​ជម្រើស​ចុង​ក្រោយ​របស់​ពួក​គាត់ ដោយសារ​តែ​ជម្លោះ​ដី​ស្រែ​នេះ បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។
អ្នក​ភូមិ​សានគរ​ចំនួន ៤ ភូមិ មាន​ជម្លោះ​ដី​ស្រែ​ប្រមាណ ៨០០ ហិកតារ​ជាមួយ​ក្រុមហ៊ុន ដួងហេង​សេង​ស៊ុនណា តាំង​ពី​ឆ្នាំ ២០០៥ គឺ​បន្ទាប់​ពី​ក្រុមហ៊ុន​នេះ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​នូវ​ផ្ទៃ​ដី​ជាង​ពាន់​ហិកតារ ដើម្បី​ធ្វើ​ស្រូវ។ ជម្លោះ​បាន​កើត​មាន​រ៉ាំរ៉ៃ តាំង​ពី​ពេល​នោះ​មក។ អ្នក​ភូមិ​ក៏​ធ្លាប់​បាន​ឡើង​មក​តវ៉ា​នៅ​ទី​ក្រុង​ភ្នំពេញ​ជា​ច្រើន​លើក​ផង​ ដែរ។
ការ​ទាមទារ​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​ខែត្រ ដោយ​យក​ជម្រើស​បិទ​ផ្លូវ​ជាតិ​មិន​ឲ្យ​អ្នក​ដំណើរ​ធ្វើ​ចរាច​នេះ មន្រ្តី​សិទ្ធិមនុស្ស​មនុស្ស​បាន​ឲ្យ​ដឹង​ថា តាម​ការ​កត់​សម្គាល់ បាន​កើត​មាន​ប្រមាណ ១០ លើក​មក​ហើយ គិត​ពី​ឆ្នាំ ២០១០ មក ដូចជា​នៅ​ខែត្រ​កំពង់ស្ពឺ កោះកុង ក្រុង​ភ្នំពេញ មណ្ឌលគិរី និង​ខែត្រ​កំពង់ធំ​នេះ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น