ថៃ​ត្រៀម​ប្រយុទ្ធ​ជំទាស់​នឹង​សាលដីកា​តុលាការ​យុត្តិធម៌

ដោយ វោហារ ជាតិ

2011-07-11
មាន​សេចក្ដី​រាយការណ៍​ថា រដ្ឋាភិបាល​ថៃ​បាន​បញ្ជូន​កងទ័ព និង​រថក្រោះ​ចូល​មក​កាន់​ព្រំដែន​ជាប់​ប្រទេស​កម្ពុជា កៀក​តំបន់​ប្រាសាទ​ព្រះវិហារ។
AFP PHOTO
ទាហាន​ថៃ ជម្លៀស​ទាហាន​របួស​ដោយ​គ្រាប់​កាំភ្លើង​ពេល​បាញ់​ត​គ្នា​ជាមួយ​ទាហាន​ កម្ពុជា នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១១។

ក្បួន​កង​រថក្រោះ​ធន់ អិម ១១៣ (M113) ផលិត​នៅ​ប្រទេស​អាមេរិក ផ្ទុក​ទៅ​ដោយ​កង​ទាហាន​ថៃ ត្រូវ​បាន​កាសែត​ថៃ ឌឺណេហ្សិន (The Nation) ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១០ កក្កដា ថា រថក្រោះ​ទាំង​នេះ​ត្រូវ​បាន​បញ្ជូន​មក​កាន់​ព្រំដែន​ខ្មែរ-ថៃ ដែល​កាសែត​នេះ​អធិប្បាយ​ថា ដើម្បី​វាយ​ប្រហារ​ការ​ពារ​បូរណភាព​ទឹក​ដី​ថៃ បើ​សិន​ជា​ទាហាន​ថៃ ដែល​បាន​ឈរ​ជើង​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ត្រូវ​គេ​កៀប​សង្កត់​បង្ខំ​ឲ្យ​ដក​ទ័ព​ចេញ​ពី​តំបន់​នោះ។
កាសែត​បាន​សរសេរ​ថា ការ​បញ្ជូន​ទ័ព​ថៃ​នេះ ធ្វើ​ឡើង​ដោយសារ​ខាង​កង​ទ័ព​ភាគី​កម្ពុជា បាន​បង្កើន​ទ័ព និង​រថ​ក្រោះ នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ហើយ​ដំឡើង​កាំភ្លើង​ធំ តម្រង់​កាណុង​ដាក់​ទៅ​ភាគី​ថៃ ត្រង់​តំបន់​សាវ​ថង​ចៃ ស្រុក​កន្ថា​រ៉ា​ឡាក់ ខេត្ត​ស៊ីសាកេត។
នាយក​រដ្ឋ​មន្ត្រី​ប្រទេស​កម្ពុជា លោក ហ៊ុន សែន រួម​ទាំង​លោក ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​យ៉ាង​ឱឡារិក​ភ្លាម​ៗ ក្រោយ​ពី​ថៃ​បាន​បោះ​ឆ្នោត​រើស​នាយក​រដ្ឋ​មន្ត្រី កាល​ពី​សប្ដាហ៍​កន្លង​ទៅ ដោយ​សម្ដែង​មោទនភាព​ថា រដ្ឋាភិបាល​ថៃ ដែល​ទើប​បង្កើត​ឡើង​ក្រោយ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ នេះ ដែល​មាន​នាយក​រដ្ឋ​មន្ត្រី​ជា​នារី ឈ្មោះ យិង​ឡាក់ ស៊ិន​ណា​វ៉ាត (Yingluck Shinawatra) ត្រូវ​ជា​ប្អូន​ស្រី​អតីត​លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក ថាក់​ស៊ីន ស៊ីន​ណា​វ៉ាត (Thaksin Shinawatra) ដែល​ត្រូវ​គេ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ពី​ដំណែង នៅ​ឆ្នាំ​២០០៦ នោះ ហើយ​លោក ថាក់​ស៊ិន ដែល​គេ​បាន​រាយការណ៍​ថា ជា​មិត្តភ័ក្ដិ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ផង​នោះ នឹង​អាច​បង្កើត​សម្ពន្ធភាព​ការ​ទូត​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​ត្រឡប់​ទៅ​បាន​ សុខសាន្ត​ដូច​ដើម​វិញ។
ការ​បញ្ជូន​ទាហាន​ថៃ​លើក​នេះ វា​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​មេ​ដឹក​នាំ​កម្ពុជា​បាន​រំពឹង​ទុក​កន្លង​មក​ថា រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​ថៃ ទើប​ជាប់​ឆ្នោត​នេះ នឹង​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពី កម្ពុជា-ថៃ ដោយ​សន្តិវិធី ដែល​ជម្លោះ​នេះ​បាន​អូស​បន្លាយ​អស់​រយៈ​ពេល ៤ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៩ កក្កដា នេះ លោក កុយ គួង អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​តែ​ការពារ​ជំហរ​មេ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា​ដដែល​ថា រដ្ឋាភិបាល​ថ្មី​របស់​ថៃ នឹង​មិន​ប្រើ​ហិង្សា​យោធា​ដាក់​កម្ពុជា ដូច​រដ្ឋាភិបាល​ថៃ​ចាស់​របស់​លោក អាភិស៊ិត វេចាជីវា ដែល​បាន​ចាញ់​ឆ្នោត​ថ្មី​នេះ​ទេ ៖ «យើង​យល់​ថា អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ដោយ​វិជ្ជមាន​ជាង និង​ដោយ​សន្តិវិធី​ជាង។ ព្រោះ​តាម​ទស្សនៈ​ខ្ញុំ​ផ្ទាល់ គឺ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ គឺ​បាន​បញ្ជាក់​ច្បាស់​ហើយ ថា​ប្រជា​ជន​ថៃ​ភាគ​ច្រើន​បំផុត​នោះ គេ​មិន​បាន​ពេញ​ចិត្ត​ធ្វើ​សង្គ្រាម​ជា​មួយ​ប្រទេស​ជិត​ខាង​ទេ»
ស្រប​ពេល​នេះ​ដែរ លោក កុយ គួង មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​មួយ​ថា ភាគី​ថៃ​បាន​យល់​ព្រម​ទទួល​ក្រុម​វាយ​តម្លៃ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ឲ្យ​ចុះ​មក​ពិនិត្យ​ទីតាំង​សម្រាប់​ដាក់​អ្នក​សង្កេត​ការ​ត្រួត​ពិនិត្យ​ការ ​ឈប់​បាញ់​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ហើយ។ ក៏​ប៉ុន្តែ លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​ជា​ផ្លូវ​ការ​ពី​ខាង​ភាគី​ថៃ​នៅ​ឡើយ​ទេ ៖ «ដូច្នេះ​បើ​សិន​ជា​ខាង​ភាគី​ថៃ​យល់​ព្រម​អ្នក​វាយ​តម្លៃ​ទៅ​ពិនិត្យ​ មើល​កន្លែង​ឈរ​ជើង ខាង​ភាគី​ថៃ​មាន​បី​កន្លែង សម្រាប់​ឥណ្ឌូណេស៊ី ហើយ​នៅ​ខ្មែរ​យើង​មាន​បី​កន្លែង​សម្រាប់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី​ឈរ​ ជើង។ ដូច្នេះ​បើ​សិន​ជា​ខាង​ភាគី​ថៃ គេ​បាន​នាំ​ក្រុម​អ្នក​វាយ​តម្លៃ​របស់​ឥណ្ឌូណេស៊ី​ពិនិត្យ​មើល​ទីតាំង​ឈរ​ ជើង​សម្រាប់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី​នោះ អា​ហ្នឹង​វា​ឈាន​ទៅ​ដល់​ថា ភាគី​ថៃ​ឆ្លើយ​គេ​ហៅ​ថា ជា​ផ្លូវ​ការ​យល់​ព្រម​ជា​ផ្លូវ​ការ ទៅ​នឹង​ដំណោះ​ស្រាយ​ជា​កញ្ចប់ ដែល​គេ​ហៅ​ថា ផែនទី​ចង្អុល​ផ្លូវ ដែល​រដ្ឋ​មន្ត្រី​ការ​បរទេស​ទាំង​បី​បាន​ឯកភាព​គ្នា​កាល​ពី​ថ្ងៃ​ទី​៩ ឧសភា កន្លង​ទៅ​នេះ»
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្ត្រី​ទូត​ថៃ​ប្រចាំ​កម្ពុជា ដើម្បី​សុំ​បញ្ជាក់​ព័ត៌មាន​នេះ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​ទី​១០ កក្កដា។
ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ បាន​ចាប់​ផ្ដើម​នៅ​ខែ​កក្កដា ឆ្នាំ​២០០៨ បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ ពិភព​លោក។ ថៃ​បាន​បញ្ជូន​ទាហាន​ចូល​មក​កាន់​កាប់​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ វត្ត​កែវ​សិខា​គិរី​ស្វារៈ​ដោយ​តវ៉ា​ថា ផ្ទៃ​ដី​ទំហំ ៤,៦​គ.ម.​ក្រឡា​នៅ​ទីនោះ​ជា​របស់​ថៃ។ ហើយ​ជម្លោះ​យោធា​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ផ្ទុះ​ឡើង​ជា​បន្ត​បន្ទាប់។ ជាង​នេះ​ទៅ​ទៀត ទំនាក់​ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​រឹត​តែ​អាក្រក់​ទៅ​ទៀត ដោយ​ភាគី​ថៃ​បាន​ផ្ដាច់​ចំណង​ការ​ទូត​ជា​មួយ​កម្ពុជា ដោយ​ដក​មន្ត្រី​ទូត​ថៃ ចេញ​ពី​ទី​ក្រុង​ភ្នំ​ពេញ​នៅ​ឆ្នាំ​២០០៩ ជា​ការ​ឆ្លើយ​តប​ទៅ​ភាគី​កម្ពុជា ដែល​កាល​នោះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​តែង​តាំង​លោក ថាក់​ស៊ិន ស៊ីណាវ៉ាត ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា​សេដ្ឋកិច្ច​រដ្ឋាភិបាល​កម្ពុជា។ លោក ថាក់ស៊ិន ជា​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ត្រូវ​បាន​គេ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ទម្លាក់​ពី​អំណាច​នៅ​ឆ្នាំ​២០០៦ លោក​ជា​គូ​ប្រជែង​របស់​រដ្ឋាភិបាល​លោក​អាភិស៊ិត។
ទំនាស់​ព្រំដែន​កម្ពុជា-ថៃ បាន​ឡើង​ដល់​កម្រិត​ក្ដៅ​គគុក គឺ​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ ចាប់​ពី​ខែ​មករា ដល់​ខែ​ឧសភា ឆ្នាំ​២០១១ ដែល​ភាគី​កម្ពុជា ហៅ​ថា ជា​សង្គ្រាម​ពេញទី បណ្ដាល​ឲ្យ​ទាហាន​ទាំង​ពី​ភាគី​ស្លាប់ និង​របូស និង​ធ្វើ​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​រាប់​ម៉ឺន​នាក់​រត់​ភៀស​សឹក។ ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​នោះ ដំបូង​ឡើយ ភាគី​ទាំង​ពីរ​បាន​ចោទ​គ្នា​ទៅ​វិញ​ទៅមក​ថា បាន​បញ្ជូន​ទាហាន​មក​កាន់​កាប់​ទីតាំង​ខុស​ច្បាប់​រៀង​ខ្លួន រួច​ហើយ​ក៏​បាន​វាយ​ប្រយុទ្ធ​គ្នា បន្ទាប់​ពី​បាន​វាយ​ប្រយុទ្ធ​គ្នា​រួច ភាគី​ទាំង​ពីរ​បាន​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា ភាគី​ម្ខាង​បាន​បាញ់​លើ​ភាគី​ម្ខាង​មុន​។
ភាគី​កម្ពុជា​បាន​លើក​យក​ជម្លោះ​នេះ​ទៅ​ឲ្យ​ប្រធាន​សមាគម​អាស៊ាន (Asean) ជួយ​ដោះ​ស្រាយ។ ការ​ដោះ​ស្រាយ​តាម​យន្តការ​អាស៊ាន​ដែល​មាន​ប្រទេស​ឥណ្ឌូណេស៊ី​ជា​ប្រធាន បាន​បង្កើត​ផែនទី​បង្ហាញ​ផ្លូវ​មួយ គឺ​រៀបចំ​ឲ្យ​មាន​ក្រុម​អ្នក​សង្កេត​ការណ៍​របស់​ឥណ្ឌូណេស៊ី ដើម្បី​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​ជា​មុន​សិន មុន​នឹង​ភាគី​ទាំង​ពីរ​បន្ត​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​ផ្សេង​ទៀត។ ក៏​ប៉ុន្តែ​ដំណោះ​ស្រាយ​តាម​យន្តការ​អាស៊ាន​មិន​អាច​បញ្ឈប់​បទ​ឈប់​បាញ់​បាន ដោយ​ភាគី​កម្ពុជា​ចោទ​ភាគី​ថៃ​មាន​ចេតនា​មិន​ចង់​ដោះ​ស្រាយ​ជម្លោះ​ដោយ​ សន្តិវិធី ហើយ​អាង​កម្លាំង​យោធា​កៀប​សង្កត់​កម្ពុជា ឲ្យ​ចូល​តុក​ចរចា​ទ្វេភាគី ដែល​ថៃ​ចង់​បាន តែ​កម្ពុជា​មិន​ព្រម។ ដោយ​យល់​ថា អាស៊ាន​មិន​មាន​អំណាច​គ្រប់​គ្រាន់​ដោះស្រាយ​ជម្លោះ​នេះ​បាន ហើយ​ភាគី​ថៃ​នៅ​តែ​វាយ​ប្រហារ​មក​លើ​ភាគី​កម្ពុជា ទើប​កម្ពុជា​សុំ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បក​ស្រាយ​សាលដីកា​របស់​ តុល​ការ​នេះ​ដែល​បាន​កាត់ក្ដី​ឲ្យ​ភាគី​កម្ពុជា​ឈ្នះ​ក្ដី​ប្រាសាទ​ព្រះ​ វិហារ​កាល​ពី​ឆ្នាំ​១៩៦២ ថា​តើ​ដី​ទំហំ ៤,៦​គ.ម.​ក្រឡា​ជា​របស់​អ្នក​ណា បើ​ទោះ​បី​ជា​ភាគី​កម្ពុជា​ប្រាកដ​ថា ដី​នោះ​ស្ថិត​ក្នុង​បូរណភាព​ទឹក​ដី​កម្ពុជា​យ៉ាង​ជាក់​ច្បាស់​យ៉ាង​ក៏​ដោយ។ ទន្ទឹម​ពេល​នោះ​ដែរ ភាគី​ថៃ​ក៏​បាន​ជំទាស់​មិន​ឲ្យ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​ចុះ​បញ្ជី​ ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ទៀត តែ​ត្រូវ​បរាជ័យ។
ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ បាន​ស្ងប់​មួយ​រយៈ​ក្នុង​ពេល​ដែល​ប្រទេស​ថៃ​បាន​រៀបចំ​បោះ​ឆ្នោត​នៅ​ដើម​ខែ​ កក្កដា​នេះ។ តែ​នៅ​ថ្ងៃ​ទី​១០ កក្កដា មាន​សេចក្ដី​រាយការណ៍​អំពី​ស្ថានការណ៍​សឹក​នៅ​តាម​តំបន់​ប្រាសាទ​ព្រះវិហារ ហាក់​ដូច​ជា​មិន​សូវ​ស្រួល ដោយ​ភាគី​ថៃ​បញ្ជូន​ទាហាន​បន្ថែម​មក​ព្រំដែន​កម្ពុជា-ថៃ។
មេទ័ព​ថៃ លោក វរសេនីយ៍ ថា​ណា​សាក់ មិត្រា​ផា​ណុន (Thanasak Mitrapanont) មេ​បញ្ជា​ការ​កង​យោធភូមិភាគ​ទ័ព​ស្រួច​ពិសេស​លេខ​២៣ ត្រូវ​បាន​កាសែត ឌឺណេហ្សិន ស្រង់​សំដី​ថា លោក​ត្រូវ​បាន​ទទួល​បញ្ជា​ឲ្យ​ដឹក​នាំ​កង​ទាហាន​ដើម្បី​ច្បាំង​ការ​ពារ​ អធិបតីភាព និង​បូរណភាព​ទឹក​ដី​របស់​ថៃ​ឲ្យ​អស់​ពី​សមត្ថភាព។
យ៉ាង​ណា​ក្ដី កាសែត​ដដែល​បាន​ស្រង់​សំដី​អ្នក​ភូមិ​ថៃ​នៅ​ក្បែរ​ព្រំដែន​ប្រាសាទ​ ព្រះវិហារ​ថា អ្នក​ភូមិ​ថៃ​ក្បែរ​ព្រំដែន​មាន​មោទនភាព​ថា នឹង​មិន​មាន​ការ​បាញ់​គ្នា​រវាង​ទាហាន​ថៃ និង​ខ្មែរ​ទៀត​ទេ ព្រោះ​ពួក​គាត់​មាន​ជំនឿ​ថា រដ្ឋាភិបាល​ថ្មី​របស់​ថៃ ក្រោម​ការ​ដឹក​នាំ​របស់​នាយក​រដ្ឋ​មន្ត្រី​មក​ពី​គណ​បក្ស​ភឿ​ថៃ (Pheu Thai) នឹង​មិន​ប្រើ​អាវុធ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​ជា​មួយ​កម្ពុជា​ទេ គឺ​នឹង​ដោះ​ស្រាយ​ដោយ​សន្តិភាព ព្រោះ​ថា រដ្ឋាភិបាល​ថៃ​ថ្មី​នេះ​គោរព និង​ទុក​មុខ​ទុក​មាត់​ឲ្យ​លោក ថាក់​ស៊ិន ព្រោះ​ថា លោក ថាក់​ស៊ិន ក៏​ធ្លាប់​ជា​មិត្ត​ល្អ និង​ធ្លាប់​ធ្វើ​ជា​ទី​ប្រឹក្សា​សេដ្ឋកិច្ច​ល្អ​របស់​រដ្ឋាភិបាល​កម្ពុជា​ បច្ចុប្បន្ន​ដែរ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น