ដោយ ហង្ស សាវយុត
2011-07-02
ប្រជាពលរដ្ឋខ្មែរនៅលើខ្នងភ្នំអូរស្មាច់ កំពុងនាំគ្នាជីកលេណដ្ឋាននៅតាមផ្ទះដើម្បីត្រៀមការពារសុវត្ថិភាព ក្រុមគ្រួសារ ហើយខ្លះបានចាកចេញពីទីលំនៅ ដោយសារភ័យខ្លាចមានការប្រយុទ្ធគ្នាជាថ្មីទៀតរវាងទាហានខ្មែរ-ថៃ។អាជ្ញាធរប្រចាំតំបន់ព្រំដែនបានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរមួយចំនួននៅក្នុងភូមិថ្មដូន ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលនៅជិតបង្កើយនឹងបន្ទាត់ព្រំដែនខ្មែរ-ថៃ បានចាប់ផ្ដើមនាំក្រុមគ្រួសាររបស់គេចាកចេញពីទីលំនៅលើខ្នងភ្នំ ខ្លះហើយ បន្ទាប់ពីពួកគេមិនទុកចិត្តទៅលើស្ថានការណ៍ដែលកំពុងប្រឈមមុខ ដាក់គ្នារវាងទាហានខ្មែរ-ថៃ ដែលគេយល់ថា កំពុងស្ថិតលើភាពផុយស្រួយ ពិបាកដោះស្រាយគ្នាក្នុងផ្លូវមិនប្រើប្រាស់អាវុធនោះ។
លោក ពេជ្រ ស៊ីណាត មេភូមិថ្មដូន បានមានប្រសាសន៍កាលពីល្ងាចថ្ងៃសុក្រ ទី១ ខែកក្កដា ថា នៅភូមិរបស់លោកដែលមានប្រជាពលរដ្ឋរស់នៅសរុបជាង ៧០គ្រួសារ គឺអ្នកភូមិខ្លះបាននាំគ្នាចាកចោលផ្ទះទៅរកការងារធ្វើនៅតំបន់ ដទៃ ខ្លះទៅធ្វើស្រែចម្ការ និងខ្លះទៀតចាកចោលផ្ទះដោយសារតែភ័យខ្លាចមានការប្រយុទ្ធគ្នា រវាងទាហានខ្មែរ-ថៃ ជាថ្មី។
មេភូមិដដែលបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ក្នុងភូមិរបស់លោកគឺនៅសល់តែប្រជាពលរដ្ឋប្រមាណ ២០គ្រួសារប៉ុណ្ណោះដែលមិនបានចាកចេញ ៖ «អាចុះថ្មីៗហ្នឹងភ័យ ខ្លាច ប្រហែល ១០គ្រួសារ។ គាត់កូនច្រើន អ៊ីចឹងគាត់ចេះតែខ្លាចយកកូនអត់ទាន់ អ៊ីចឹងទៅគាត់ចុះទៅមុន ឯអ្នកនៅៗនេះកូន១កូន២ដែលធំៗនេះ គាត់អត់ទាន់ចុះទេ គាត់នៅចាំមើល»។
ការដែលអ្នកភូមិនាំគ្នាចុះចោលផ្ទះសម្បែងជាថ្មីនេះ ដោយសារតែពួកគេមានការភ័យខ្លាចចំពោះការប្រយុទ្ធគ្នារវាងទាហាន ខ្មែរ-ថៃ បន្ទាប់ពីកាលពីសប្ដាហ៍មុនប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការប្រកាសឲ្យកងទ័ពកម្ពុជា នៅតាមព្រំដែនជុំវិញប្រាសាទព្រះវិហារ និងខេត្តឧត្តរមានជ័យ ត្រៀមខ្លួនដើម្បីការពារទឹកដី នៅគ្រាដែលប្រតិភូថៃ បរាជ័យក្នុងការតតាំងផ្លូវច្បាប់ និងបានដើរចេញពីកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៣៥ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ហើយមានលេចឮព័ត៌មានថា យោធាថៃមានផែនការបើកការវាយប្រហារជាថ្មី នៅខែកក្កដា ខាងមុខនេះ។
ទោះយ៉ាងណា មេបញ្ជាការយោធាខ្មែរមួយរូបដែលកំពុងគ្រប់គ្រងកងទ័ពការពារព្រំដែន នៅតំបន់ថ្មដូន បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះស្ថានការណ៍ប្រឈមមុខដាក់គ្នាដោយយោធានៅតាម ព្រំដែនមានសភាពស្ងប់ស្ងាត់ មិនទាន់មានអ្វីគួរឱ្យព្រួយបារម្ភនៅឡើយទេ។ ក៏ប៉ុន្តែគេសង្កេតឃើញទាហានថៃ ដែលប្រចាំនៅទល់មុខគ្នានោះ បានបង្ហាញឥរិយាបថខុសប្លែកមួយរយៈមកនេះ ដោយពួកគេមិនសូវមកទំនាក់ទំនងគ្នាដូចកាលពីមុនទេ សូម្បីតែការដើរល្បាតក៏ធ្វើឡើងដោយស្ងាត់ៗដែរ ៖ «ប្រហែលជា ១០ថ្ងៃមកហើយ វាក៏ហីយើងក៏ហីទៅ ចាប់ពីមានរឿងមកមិនដែលវាដើរល្បាតឱ្យយើងឃើញទេ ហើយវាដើរត្រង់ណាដែលយើងឃាត់មិនឱ្យមកក៏វាមិនហ៊ានចូលមកដែរ»។
ចំណែកលោក ភេម សំអាត ចៅសង្កាត់អូរស្មាច់ ក្រុងសំរោង បានមានប្រសាសន៍ថា ពេលបច្ចុប្បន្ន ប្រជាពលរដ្ឋរបស់លោកដែលកំពុងរស់នៅជិតបន្ទាត់ព្រំដែនក៏មានការ ភ្ញាក់ផ្អើល និងភ័យខ្លាចក្រែងមានការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ កើតមានសាជាថ្មីដែរ ប៉ុន្តែប្រជាពលរដ្ឋទាំងនោះមិនទាន់ធ្វើការជម្លៀស ខ្លួនចាកចោលលំនៅឋានទេ ដោយពួកគេគ្រាន់តែជីកលេណដ្ឋានដើម្បីការពារសុវត្ថិភាពក្រុមគ្រួសារ របស់គេប៉ុណ្ណោះ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋខ្មែរនៅអូរស្មាច់ ដែលតែងចូលទៅលក់ដូរឥវ៉ាន់នៅផ្សារក្នុងទឹកដីថៃ បានឱ្យដឹងថា ពួកគេកំពុងព្រួយបារម្ភអំពីការដែលអាចប្រយុទ្ធគ្នារវាងទាហាន ខ្មែរ-ថៃ ជាថ្មី ពីព្រោះ គេបានឃើញទាហានថៃ ជាច្រើនបានធ្វើសកម្មភាពចល័ត និងមានការដឹកជញ្ជូនគ្រាប់រំសេវជាច្រើនមកដាក់នៅតាមព្រំដែននៃ ខេត្តសុរិន្ទ ទល់មុខគ្នានឹងច្រកអូរស្មាច់ របស់ខ្មែរ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น