2011-07-09
ក្រុមគ្រួសាររបស់ជនរងគ្រោះពីការជះទឹកអាស៊ីដ ដែលដឹកនាំដោយភរិយារបស់មន្ត្រីរដ្ឋាភិបាលដ៏មានអំណាចម្នាក់កាលពី ១២ឆ្នាំមុន នៅកើតទុក្ខមិនសុខចិត្តចំពោះតុលាការក្រុងភ្នំពេញ ដែលពួកគាត់ចាត់ទុកថា បានកាត់ទោសជនដៃដល់មិនសមស្របទៅតាមនីតិវិធី និងមិនបានរកយុត្តិធម៌ពិតប្រាកដដល់សាច់ញាតិរបស់គេ។លោកថ្លែងថា ដំណើរកាត់ទោសដូច្នេះ មិនសមស្របទៅតាមនីតិវិធីច្បាប់ ដោយសារក្រុមគ្រួសាររបស់លោកទាំងអស់មិនដែលបានដឹងទាំងមុន និងក្រោយការជំនុំជម្រះនោះ ៖ «អារឿងខ្ញុំកាត់ទោសពីក្រោយខ្នង ដែលខ្ញុំអត់បានដឹងហ្នឹង ជារឿងអយុត្តិធម៌ជាទីបំផុត ហើយប្អូនខ្ញុំស្ទើរតែដាច់ជីវិតនៅស្រុកខ្មែរទៅហើយ កុំតែបានខ្ញុំខិតខំកាត់កេរ្តិ៍កាត់ខ្មាសពីអាមេរិក ដើម្បីបានយកប្អូនចេញពីស្រុកខ្មែរហ្នឹង ដើម្បីឲ្យប្អូនរស់រានមានជីវិត ប្រសិនបើនៅស្រុកខ្មែរហ្នឹង ប្អូនខ្ញុំស្លាប់បាត់ទៅហើយ។ ពេលកាត់ទោសអ៊ីចឹងៗ ក្រោយខ្នងហ្នឹង ហើយប្អូនខ្ញុំនៅមានជីវិតនៅឡើយ ក្រុមគ្រួសាររបស់ខ្ញុំអត់មានដឹងអ្វីបន្តិច តើមានភាពយុត្តិធម៌មកពីណាមក?»។
ប្រតិកម្មរបស់លោក តាត សុក្វាន់ដូ ធ្វើឡើងនៅបន្ទាប់ពីបានឮទូរទស្សន៍អប្សរារបស់គណបក្សកាន់អំណាចនៅ កម្ពុជា ចុះផ្សាយសម្ដីរបស់លោក ជីវ កេង ប្រធានតុលាការក្រុងភ្នំពេញ និយាយថា សមត្ថកិច្ចកម្ពុជា បានធ្វើកិច្ចការរកយុត្តិធម៌ដល់ជនរងគ្រោះទៅតាមផ្លូវច្បាប់គ្រប់ ជ្រុងជ្រោយ។
លោក ជីវ កេង បានថ្លែងដូច្នេះ ៖ «ករណីជះទឹកអាស៊ីដលើកញ្ញា តាត ម៉ារីណា នេះ ត្រូវបានតុលាការក្រុងភ្នំពេញ ធ្វើការជំនុំជម្រះចប់សព្វគ្រប់អស់ហើយ តាមសាលក្រមលេខ ៧៨.ជ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០០ ហើយសាលក្រមនេះបានចូលជាស្ថាពរទៅហើយ ហើយសម្រេចផ្ដន្ទាទោសជនល្មើសឈ្មោះ ឃួន សុផល រយៈពេលមួយឆ្នាំ ហើយព្យួរទោសដោយសាកល្បងរយៈពេល ៥ឆ្នាំ។ អ៊ីចឹងមានការអនុវត្តចប់សព្វគ្រប់អស់ហើយ»។
កាលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៩៩៩ អ្នកស្រី ឃួន សុផល ភរិយារបស់លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានដឹកនាំបក្សពួកមួយចំនួន ធ្វើការវាយប្រហារទឹកអាស៊ីដស្រោចស្រពពេញខ្លួនលើអ្នកស្រី តាត ម៉ារីណា កាលពីមានវ័យ ១៦ឆ្នាំ ជាតារាខារ៉ាអូខេ។
អ្នកស្រី តាត ម៉ារីណា ដែលសព្វថ្ងៃមានកូនពីរនាក់កំពុងរស់នៅក្នុងសហរដ្ឋអាមេរិក បានរំឭកអំពីហេតុការណ៍ដ៏រន្ធត់ឲ្យមជ្ឈដ្ឋាននានាដឹងយ៉ាងដូច្នេះ ៖ «គាត់ មកដល់ គាត់អង្គុយជិតខ្ញុំ ហើយគាត់ថា នាងឯងដឹងអញថាជាអ្នកណា គាត់បាននិយាយអ៊ីចឹង។ នៅក្នុងហេតុការណ៍ហ្នឹងកើតឡើងមានមនុស្សស្រី និងប្រុសប្រមាណពី ៥ ទៅ ៦នាក់ បាននាំគ្នាព្រួតវ៉ៃលើរូបរាងកាយនាងខ្ញុំ។ ពួកគេហក់ធាក់ អុកនឹងជង្គង់ចំមុខ ហើយនិងដើមទ្រូង។ ពេលដែលគេវ៉ៃអ៊ីចឹងទៅ ខ្ញុំស្ទះដង្ហើមដួលសន្លប់នៅលើដី។ ក្រោយមកស្រាប់តែខ្ញុំមានអារម្មណ៍រោលឆេះពេញខ្លួនរបស់នាងខ្ញុំ។ ទឹកអាស៊ីដបានស្រោចពេញលើផ្ទៃមុខ និងភ្នែករបស់នាងខ្ញុំ។ នាងខ្ញុំមិនអាចបើកភ្នែកបាន ពេលនោះខ្ញុំគិតថា វាប្រាកដជាខ្វាក់ហើយ»។
អ្នកស្រីបានថ្លែងទាំងទ្រហោយំថា អ្នកស្រីតែងនឹកឃើញសុបិនអាក្រក់រៀងរាល់យប់អំពីហេតុការណ៍ដែលបាន កើតឡើង ហើយថា ហេតុអ្វីបានជាព្រះជាម្ចាស់ដាក់ទោសអ្នកស្រីឲ្យក្លាយជាមនុស្ស មិនមែនមនុស្ស ខ្មោចមិនមែនខ្មោចអស់មួយជីវិតយ៉ាងដូច្នេះ? ដែលសូម្បីសង្គមមិនរកយុត្តិធម៌ឲ្យបាននោះ។
អ្នកស្រី តាត ម៉ារីណា បន្ថែមដូច្នេះ ៖ «ខ្ញុំគិតថា នៅស្រុកខ្មែរយើងវាគ្មានយុត្តិធម៌សម្រាប់ប្រជាជននោះទេ ប្រសិនបើគេបិទសំណុំរឿងរបស់ខ្ញុំមែន ច្បាប់គេធ្វើរបៀបអ៊ីចឹងនោះ ច្បាប់វាគ្មានយុត្តិធម៌សម្រាប់ប្រជាជន ហើយនិងខ្មាសដល់អន្តរជាតិដែលគេមើលមកស្រុកខ្មែរយើងរៀងរាល់ថ្ងៃ។ ស្រុកខ្មែររបស់យើងដូចអន្តរជាតិគេបាននិយាយអ៊ីចឹង ហើយខ្ញុំមានការឈឺចាប់។ តើយុត្តិធម៌នៅឯណា? គឺគ្មាន។ ខ្ញុំចង់ឃើញស្រុកខ្មែរមានការផ្លាស់ប្ដូរ ហើយមានយុត្តិធម៌សម្រាប់ជនរងគ្រោះទូទៅ ហើយនិងស្ទួយស្រុកខ្មែរ។ ខ្ញុំសូមជម្រាបតាមត្រង់ ចាប់តាំងពីថ្ងៃកើតហេតុនេះមក ឥឡូវរាល់ថ្ងៃ រូបខ្ញុំមិនដែលដេកលង់លក់ស្រួល ឬឈប់គិតថ្ងៃកើតហេតុមកលើរូបខ្ញុំមួយថ្ងៃដែរ។ នេះជាទោសសម្រាប់ជីវិតខ្ញុំអស់មួយជីវិត។ អ្នកដែលប្រព្រឹត្តល្មើសគឺគេនៅក្រៅឃុំមានសេរីភាព ចំណែកខ្ញុំជាអ្នកជាប់គុក ព្រោះខ្ញុំជាជនរងគ្រោះ ហើយស្លាកស្នាមនោះនៅជាប់ខ្លួនរបស់នាងខ្ញុំអស់មួយជីវិត»។
ទោះបីជាមានការឆ្លើយបំភ្លឺរបស់ជនរងគ្រោះ អំពីហេតុការណ៍ឧក្រិដ្ឋកម្មទឹកអាស៊ីដ និងភាពសោកស្ដាយដែលរូបសម្ផស្សរបស់នាងត្រូវបានបំផ្លាញទាំងស្រុង យ៉ាងណាក៏ដោយ ក៏លោក ទូច ណារ៉ុថ ស្នងការក្រុងភ្នំពេញ កាលពីពេលថ្មីៗនេះ បានថ្លែងតាមរយៈទូរទស្សន៍អប្សរាថា សមត្ថកិច្ចកម្ពុជា បានរកយុត្តិធម៌ដល់ជនរងគ្រោះរួចរាល់ហើយ ម្យ៉ាងទៀត រយៈពេលនៃការដាក់ទោសទណ្ឌជនល្មើស ក៏បានផុតរលត់បាត់ផងដែរ។
លោកថ្លែងដូច្នេះ ៖ «យើងចាត់ការ ហើយយើងបានកសាងសំណុំរឿងទៅតុលាការរហូតដល់តុលាការចេញសាលក្រម ហើយសាលក្រមនោះបានចូលជាស្ថាពរទៅហើយ សម្រេចផ្ដន្ទាទោសជនល្មើសបង្ករបួសស្នាមដោយចេតនា ផ្ដន្ទាទោសរយៈពេលមួយឆ្នាំ ហើយយើងព្យួរទោស ក៏ប៉ុន្តែគឺសាកល្បងនៅខាងក្រៅពន្ធនាគារហ្នឹងរយៈពេលប្រាំឆ្នាំ។ ដូច្នេះយើងគិតមើល តាំងពីឆ្នាំ២០០១ ២០០២ រហូតមកទល់បច្ចុប្បន្ននេះ អាជ្ញាយុកាលវាផុតហើយនៃការព្យួរទោសនេះ។ ដូច្នេះយើងឃើញហើយថា មិនមែនយើងមិនចាត់ការទេ យើងចាត់ការ»។
វិទ្យុអាស៊ីសេរីមិនអាចសុំសេចក្ដីអត្ថាធិប្បាយបន្ថែមពីលោក ទូច ណារ៉ុថ និងលោក ជីវ កេង ប្រធានតុលាការក្រុងភ្នំពេញ បានទេ ទាក់ទិនទៅនឹងការកាត់ទោសអ្នកស្រី ឃួន សុផល កាលពីខែធ្នូ ឆ្នាំ២០០០ ថាតើការកាត់ទោសនោះធ្វើឡើងដោយកំបាំងមុខជនដៃដល់ ហើយជូនដំណឹងដល់ក្រុមគ្រួសារជនរងគ្រោះដែរ ឬយ៉ាងណានោះ?
ផ្អែកតាមនីតិវិធីព្រហ្មទណ្ឌសម័យអន្តរកាលចែងថា ក្រោយពីតុលាការប្រកាសសាលក្រមកំបាំងមុខហើយ ត្រូវជូនដំណឹងដល់ជនជាប់ចោទ និងជនរងគ្រោះឲ្យដឹងដើម្បីទុករយៈពេល ១៥ថ្ងៃ ប្ដឹងជំទាស់ការសម្រេចរបស់តុលាការ ហើយមានរយៈពេលពីរខែទៀតអាចប្ដឹងទៅសាលាឧទ្ធរណ៍ គិតចាប់ពីថ្ងៃទទួលបានការជូនដំណឹង។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ប្រសិនបើតុលាការមិនបានជូនដំណឹងអំពីការកាត់ក្ដីទាំងកំបាំងមុខ ជនរងគ្រោះ និងជនជាប់ចោទ នោះដំណើររកយុត្តិធម៌អាចមានភាពចន្លោះប្រហោង។
លោក អំ សំអាត មានប្រសាសន៍បញ្ជាក់ដូច្នេះ ៖ «នៅក្នុងរឿងហ្នឹង ប្រសិនបើតុលាការមិនមានការជូនដំណឹងទៅតាមនីតិវិធីស្អីទេ វាអាចថ្លោះធ្លោយនៅក្នុងនីតិវិធីហ្នឹង។ បើសិនជាមានការថ្លោះធ្លោយមិនជូនដំណឹង អាហ្នឹងវាគឺជារឿងមួយសម្រាប់យុត្តិធម៌របស់ជនរងគ្រោះ។ អ្វីក៏ដោយដែលគេចែងនៅក្នុងនីតិវិធីនេះ គឺដើម្បីផ្ដល់យុត្តិធម៌ដល់ភាគីទាំងសងខាង កាលណាវាចន្លោះប្រហោងកន្លែងណាមួយបាត់បង់កន្លែងណាមួយនោះ ភាពយុត្តិធម៌សម្រាប់គាត់ហ្នឹងក៏វាបាត់បង់ទៅតាមហ្នឹងដែរ»។
លោក តាត សុក្វាន់ដូ បងប្រុសរបស់អ្នកស្រី តាត ម៉ារីណា មានប្រសាសន៍ថា ការកាត់ទោសរបស់តុលាការក្រុងភ្នំពេញ កាលពីឆ្នាំ២០០០ ធ្វើឡើងយ៉ាងអាថ៌កំបាំង ៖ «រឿងកាត់ទោស ឃួន សុផល ថ្មើរណាអីថ្មើរណា អត់ដឹងអីបន្តិច គ្មាននរណាម្នាក់ដឹងទេ។ គេកាត់ក៏គ្នាគេ គេសម្រុះសម្រួលក៏គ្នាគេតែប៉ុណ្ណឹងតើ។ ក្រុមគ្រួសាររបស់ខ្ញុំគ្មាននរណាដឹងទេ។ ទោះបីយ៉ាងក៏អាចទាក់ទង ម៉ារីណា ថា ជនប្រព្រឹត្តបទល្មើសលើប្អូនស្រីរបស់ខ្ញុំហ្នឹង គេបានកាត់ទោសអ៊ីចេះ អ៊ីចុះ ឬមួយក៏ប្អូនខ្ញុំមិនសុខចិត្តត្រូវប្តឹងបន្តទៅសាលាឧទ្ធរណ៍ទៀត បាន។ ប៉ុន្តែអ្វីៗអត់មានដឹងអីទាំងអស់ កាត់ទោសកាលពីឆ្នាំ២០០០ ហ្នឹង ក៏ខ្ញុំអត់ដឹងដែរ។ កាត់ទោសអាថ៌កំបាំងដូច្នេះវាអត់សមសោះ ខ្ញុំមិនដែលឮតុលាការណាអ៊ីចឹង ទើបតែឮតុលាការក្រុងភ្នំពេញ មួយនេះឯង»។
លោកមានប្រសាសន៍បន្តថា លោកមិនអាចបញ្ចប់ករណីប្អូនស្រីរបស់លោកត្រង់ចំណុចអយុត្តិធម៌ ដូច្នេះទេ ហើយលោកនឹងបន្តដំណើរការប្ដឹងអំពីករណីនេះតទៅមុខទៀត តាមរយៈសហគមន៍អន្តរជាតិ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น