សាលាឧទ្ធរណ៍​​បង្គាប់​​ឲ្យ​បន្ត​ឃុំ​ខ្លួន​បុគ្គលិក​អង្គការ​លីកាដូ

ដោយ សុខ សេរី

2011-07-14
សាលាឧទ្ធរណ៍​នៅ​កម្ពុជា ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១១ បាន​ប្រកាស​សាលដីកា​បន្ត​ឃុំ​ខ្លួន​បុគ្គលិក​របស់​អង្គការ​ការពារ​សិទ្ធិ​ មនុស្ស​លីកាដូ (Licadho) លោក លាង សុខជឿន ជា​បន្ត​ទៀត ក្រោម​បទ​ចោទ​ថា មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​បាច​ខិត្តប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា នៅ​ឆ្នាំ​២០១០ កន្លង​ទៅ។
RFA/Sok Serey
១៤-កក្កដា-២០១១៖ បុគ្គលិក​អង្គការ​លីកាដូ លោក លាង សុខជឿន ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​បន្ទាប់​ពី​ការ​ប្រកាស​សាលដីកា​នៅ​ សាលាឧទ្ធរណ៍ រាជធានី​ភ្នំពេញ។

សាលាឧទ្ធរណ៍​បាន​កែប្រែ​បទ​ចោទ​ពី​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត មក​ជា​បទ​ញុះញង់​ឲ្យ​បង្ក​បទ​ឧក្រិដ្ឋ​វិញ​តាម​មាត្រា​ទី​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី ហើយ​សាលាឧទ្ធរណ៍​ដដែល​បាន​សម្រេច​តម្កល់​សាលក្រម​របស់​តុលាការ​សាលា​ដំបូង​ ខេត្ត​តាកែវ ចាត់​ទុក​ជា​បាន​ការ។
ចៅក្រម​ជម្រះ​ក្ដី​នៃ​សាលាឧទ្ធរណ៍ លោក ប៉ុល សំអឿន បាន​អាន​សាលដីកា​ចំពោះ​មុខ​លោក លាង សុខជឿន ថា លោក លាង សុខជឿន មិន​បាន​ចូល​រួម​ក្នុង​ការ​បាច​ខិត្តប័ណ្ណ​នៅ​ក្នុង​ខេត្ត​តាកែវ​ទេ ប៉ុន្តែ​លោក លាង សុខជឿន មាន​ការ​ពាក់ព័ន្ធ​​ជាមួយ​នឹង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះនាម ថាច់ កុងភួង ក្រោម​បទ​ញុះញង់​បង្ក​អសន្តិសុខ​សង្គម។
បុគ្គលិក​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក លាង សុខជឿន ក្រោយ​ពី​ការ​ប្រកាស​សាលដីកា​នោះ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា សាលដីកា​នេះ​អយុត្តិធម៌​ណាស់។ លោក​មិន​បន្ត​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទេ ដោយសារ​តែ​លោក​គ្មាន​ជំនឿ។
លោក​បន្ត​ថា ៖ «នៅ​ក្នុង​ការ​ចោទ​ប្រកាន់​នេះ ជន​ដែល​ត្រូវ​ចោទ​ឈ្មោះ លាង សុខលី អាយុ ៣១​ឆ្នាំ ដែល​ជា​ជនជាតិ​វៀតណាម ហើយ​រស់​នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ និង​មាន​មុខ​របរ​មិន​ពិត​ប្រាកដ។ ចំណែក​ខ្ញុំ ឈ្មោះ លាង សុខជឿន អាយុ ២៨​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​រស់​នៅ​ខណ្ឌ​សែនសុខ សង្កាត់​ខ្មួញ ក្រុង​ភ្នំពេញ និង​មាន​មុខ​របរ​ជា​បុគ្គលិក​អង្គការ​លីកាដូ។ ចោទ​ប្រកាន់​នេះ​គឺ​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ខ្ញុំ»
ក្រុម​ឆ្មាំ​គុក​បាន​នាំ​ខ្លួន​លោក លាង សុខជឿន ចូល​ក្នុង​រថយន្ត​ដឹក​ទៅ​បន្ត​ឃុំ​ខ្លួន​នៅ​ក្នុង​គុក ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។
ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោកស្ដាយ​ចំពោះ​សាលដីកា​បែប​នេះ ៖ «ជឿន ធ្លាប់​ស្គាល់​ជា​មួយ​នឹង​លោក ថាច់ កុងភួង លោក ថាច់ វណ្ណៈ ដែល​កាល​នៅ​រៀន​ជាមួយ​គ្នា​នៅ​ឆ្នាំ​២០០៥ ហើយ​ក្រោយ​មក​នៅ​ឆ្នាំ​២០០៦ ក៏​បែក​គ្នា ប៉ុន្តែ​ក្រោយ​មក​ទៀត ដោយសារ​តែ​បែក​គ្នា​យូរ ហើយ​នៅ​ចុង​ឆ្នាំ​២០០៩ ហ្នឹង ថាច់ កុងភួង បាន​មក​ស្រុក​ខ្មែរ ហើយ​បាន​ទាក់ទង​មក ជឿន។ គ្រាន់​តែ​ឌុប​ទៅ​វត្ត​ឧណ្ណាលោម និង​មុខ​ស្ថានទូត​បារាំង ហើយ​ក៏​បែក​គ្នា​រហូត​ទៅ។ ក្រោយ​មក​ទៀត ជឿន អត់​មាន​ចូល​រួម​អី​ជាមួយ​ទាំង​អស់​នោះ​ទេ»
លោក លាង សុខជឿន ត្រូវ​បាន​នគរបាល​ក្រសួង​មហាផ្ទៃ បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១០ កន្លង​ទៅ នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ដើម្បី​សួរ​ចម្លើយ​នៅ​ឯ​ក្រសួង​មហាផ្ទៃ។ ក្រោយ​មក​តុលាការ​សាលា​ដំបូង​ខេត្ត​តាកែវ បាន​កាត់ទោស​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១០ ឲ្យ​ជាប់​គុក​រយៈពេល ២​ឆ្នាំ និង​ផាក​ពិន័យ​ចំនួន ២​លាន​រៀល ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហារ​កេរ្តិ៍ ដោយសារ​តែ​អាជ្ញាធរ​នគរបាល​បាន​ចោទ​ប្រកាន់​ថា លោក​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​បាច​ខិត្តប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា និង​ប្រឆាំង​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ថា​ជា​ថ្ងៃ​យួន​ឈ្លាន​ពាន​កម្ពុជា។
នៅ​ក្នុង​រឿង​នេះ​ដែរ តុលាការ​ខេត្ត​តាកែវ បាន​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះនាម ថាច់ កុងភួង ជាប់​គុក​ចំនួន ៣​ឆ្នាំ និង​ផាក​ពិន័យ​ចំនួន ៣​លាន​រៀល​ជា​មេខ្លោង។
ចំណែក​ឯ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ២​អង្គ​ទៀត គឺ​ព្រះនាម ថាច់ ឡេ និង ថាច់ វណ្ណៈ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​ម្នាក់ៗ ២​ឆ្នាំ និង​ផាក​ពិន័យ​ម្នាក់ៗ ២​លាន​រៀល៕

ไม่มีความคิดเห็น:

แสดงความคิดเห็น