ប្រទេសបារាំង​សន្យា​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ដល់​កម្ពុជា

ដោយ សេក បណ្ឌិត

2011-07-02
រដ្ឋាភិបាល​បារាំង បាន​សន្យា​ថា នឹង​ផ្ដល់​ឯកសារ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​បញ្ហា​បូរណភាព​ទឹក​ដី​កម្ពុជា នៅ​ពេល​កម្ពុជា កំពុង​មាន​ជម្លោះ​ព្រំដែន ជាមួយ​ប្រទេស​ជិត​ខាង​ដូច​ជា​ប្រទេស​ថៃ ជា​ដើម។

RFA/Mom Sophon
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​បារាំង ហ្វ្រង់ស្វ័រ ហ្វីយ៉ុង (Francois Fillon) ដើរ​ត្រួត​ពល​នៅ​វិមាន​សន្តិភាព នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២ កក្កដា ២០១១។
នៅ​ក្រោយ​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​បារាំង លោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង (Francois Fillon) ជាមួយ​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​សៅរ៍ ទៅ​២ កក្កដា នៅ​រាជធានី​ភ្នំពេញ លោក ស្រ៊ី ថាំរ៉ុង ទីប្រឹក្សា​លោក ហ៊ុន សែន និង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​វិមាន​សន្តិភាព​ឲ្យ​ដឹង​ថា បារាំង​ក្រៅ​ពី​ការ​ផ្ដល់​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-​ ថៃ ដែល​ប្រទេស​បារាំង នៅ​មាន​រក្សា​នោះ​មក​ឲ្យ​កម្ពុជា នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ព្រម​ទាំង​ត្រៀម​ខ្លួន​ជួយ​ដោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ​ព្រំដែន​ កម្ពុជា-​ថៃ​នោះ។
នៅ​ក្នុង​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ទាំង​ពីរ កម្ពុជា-​បារាំង​នេះ​ដែរ ភាគី​ទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​ទៅ​លើ​ការ​រឹត​ចំណង​មិត្តភាព ពង្រឹង​លើ​បញ្ហា​ទំនាក់ទំនង​សេដ្ឋកិច្ច សុខាភិបាល វប្បធម៌ សិក្សាធិការ និង​ការ​អភិវឌ្ឍ​ជនបទ​ជាដើម។
នាយករដ្ឋមន្ត្រី​បារាំង បាន​គាំទ្រ​ចំពោះ​បេក្ខភាព​កម្ពុជា នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​ជា​សមាជិក​មិន​ អចិន្ត្រៃយ៍ គឺ​ជា​ការ​ចូលរួម​យ៉ាង​សំខាន់​ក្នុង​កិច្ច​ការពារ​សន្តិភាព​ពិភពលោក ហើយ​បញ្ហា​នេះ​នឹង​ជំរុញ​ឲ្យ​កម្ពុជា មាន​លទ្ធភាព​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ អង្គការ​សហប្រជាជាតិ​នៅ​ពេល​ខាង​មុខ។
សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ ស្ថានទូត​បារាំង ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹក​ថា ចំនួន​ទឹក​ប្រាក់​វិនិយោគ​កម្ពុជា និង​បារាំង នៅ​ឆ្នាំ​២០១០ កន្លង​ទៅ មាន​ចំនួន​ប្រមាណ​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​នោះ​ការ​នាំ​ទំនិញ​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​បារាំង មាន​ចំនួន​ប្រមាណ ៦៦​លាន​ដុល្លារ ហើយ​ប្រទេស​បារាំង បាន​នាំ​ទំនិញ​មក​កម្ពុជា មាន​ចំនួន​ប្រមាណ​ជាង ១៦០​លាន​ដុល្លារ។
នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​បារាំង លោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង និង​គណៈ​ប្រតិភូ​បាន​មក​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​ជើង​យន្តហោះ​ពិសេស​របស់​បារាំង នៅ​វេលា​ម៉ោង ១១ និង ៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ កក្កដា ឆ្នាំ​២០១១។
សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា ឲ្យ​ដឹង​ថា ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ហើយ​ក្នុង​រយៈពេល​ស្នាក់​នៅ​កម្ពុជា ២​ថ្ងៃ លោក​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​បារាំង លោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង ក្រៅ​ពី​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​នឹង​ចូល​គាល់​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​អតីត​ព្រះ​មហាក្សត្រ នរោត្តម សីហនុ។
លោក​នាយករដ្ឋមន្ត្រី​បារាំង និង​ព្រះ​មហាក្សត្រ​កម្ពុជា នឹង​ចូល​រួម​ក្នុង​ពិធី​បិទ​ការដ្ឋាន​ជួសជុល​ប្រាសាទ​បាពួន នៅ​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ថ្ងៃ​ទី​៣ កក្កដា ឆ្នាំ​២០១១ ហើយ​លោក​នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ​នៅ​ល្ងាច​ថ្ងៃ​ដដែល៕

ไม่มีความคิดเห็น:

แสดงความคิดเห็น