ទំនិញ​នៅ​ទីផ្សារ​កម្ពុជា​បន្ត​ឡើង​ថ្លៃទៀត

ដោយ គឹម ពៅ

2011-06-09
ព្រឹត្តិបត្រ​របស់​ធនាគារ​ពិភពលោក​ប្រចាំ​ខែ​មេសា បាន​អះអាង​ថា តម្លៃ​ទំនិញ​គ្រប់​មុខ​នៅ​កម្ពុជា បាន​កើន​ឡើង​ពី​មួយ​ខែ​ទៅ​មួយ​ខែ ហើយ​មក​ដល់​ឆ្នាំ​២០១១ នេះ តម្លៃ​ម្ហូប​អាហារ​បាន​កើន​ឡើង​ជា​គំហុក​លើស​ឆ្នាំ​ណា​ទាំង​អស់។
RFA/Leng Maly
២២-មីនា-២០១១៖ កន្លែង​លក់​សាច់​នៅ​ផ្សារ​ច្បារអំពៅ រាជធានី​ភ្នំពេញ
អ្នក​វិភាគ​សេដ្ឋកិច្ច​នៃ​សកលវិទ្យាល័យ​កម្ពុជា លោក​សាស្ត្រាចារ្យ ហេង គឹមឡុង បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រហែល ៨​លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​បច្ចុប្បន្ន​នេះ ដែល​កំពុង​តែ​រង​នូវ​ការ​គំរាមកំហែង​ដោយសារ​តែ​តម្លៃ​ម្ហូប​អាហារ​ឡើង​ថ្លៃ។


លោក​បណ្ឌិត ហេង គឹមឡុង មាន​ប្រសាសន៍​ដូច្នេះ នៅ​គ្រា​ដែល​តម្លៃ​ម្ហូប​អាហារ​នៅ​កម្ពុជា ត្រូវ​បាន​ធនាគារ​ពិភពលោក​អះអាង​ថា មាន​ការ​កើន​តម្លៃ​ជា​រៀង​រាល់​ខែ​នៅ​ក្នុង​ឆ្នាំ​២០១១​នេះ។
លោក​បាន​សម្ដែង​ការ​បារម្ភ​ចំពោះ​កម្មករ អ្នក​ស្រែ​ចម្ការ និង​អ្នក​ដែល​រក​ប្រាក់​ចំណូល​បាន​តិចតួច​ដូច្នេះ ៖ «បើ ​សិន​ជា​ការ​ដែល​យើង​បារម្ភ​នោះ គឺ​យើង​បារម្ភ​នៅ​ក្នុង​រយៈពេល​ឆ្នាំ​ទៅ​ខាង​មុខ​ទៀត​ទេ។ ឆ្នាំ​នេះ​យើង​ដឹង​ថា ជា​ការ​គំរាមកំហែង ហើយ​វា​ប៉ះពាល់​ទៅ​ដល់​ការ​បញ្ជា​ទិញ​របស់​គាត់ គឺ​ពលករ​ដែល​មិន​សូវ​មាន​ជំនួញ​ខ្ពស់​នោះ ជា​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​ឆ្នាំ​នេះ។ ខ្ញុំ​គិត​ថា បើ​សិន​ជា​វា​ចេះ​តែ​ឡើង​អ៊ីចឹង​ទៀត ហើយ​សមាមាត្រ​នៃ​ប្រាក់​បៀវត្សរ៍​ដែល​ឡើង ឬ​ក៏​ប្រភព​ចំណូល​ដែល​ឡើង​ទាប​ជាង​តម្លៃ​ទំនិញ​ឡើង​អ៊ីចឹង ខ្ញុំ​គិត​ថា ក្នុង​រយៈពេល ២​ឆ្នាំ​ទៀត​វា​អាច​ផ្ដល់​ផល​អាក្រក់​កាន់​តែ​ធ្ងន់​ជាង​ហ្នឹង»
មក​ដល់​ពេល​នេះ នៅ​លើ​ទីផ្សារ តម្លៃ​សាច់​ជ្រូក​មួយ​គីឡូក្រាម​ថ្លៃ ២២.០០០​រៀល ហើយ​សាច់​គោ​មួយ​គីឡូក្រាម​ថ្លៃ ២៧.០០០​រៀល និង​ត្រី​មួយ​គីឡូក្រាម​ថ្លៃ​ជិត ២០.០០០​រៀល​ហើយ។
របាយការណ៍​ប្រចាំ​ខែ​ឧសភា របស់​ធនាគារ​ពិភពលោក​នៃ​ព្រឹត្តិបត្រ​ឈ្មោះ "តម្លៃ​ទំនិញ និង​ប្រាក់​ឈ្នួល" បាន​បង្ហាញ​ថា ទំនិញ​ប្រើប្រាស់​ចំនួន ២៥៩​មុខ បាន​កើន​តម្លៃ​គ្រប់​មុខ​ពី​មួយ​ខែ​ទៅ​មួយ​ខែ ចំនួន ១,១% គឺ​ស្មើ​នឹង ៥,២% ក្នុង​មួយ​ឆ្នាំៗ គិត​មក​ដល់​ខែ​មេសា។
សម្រាប់​ឆ្នាំ​២០១១​នេះ តម្លៃ​ម្ហូប​អាហារ​បាន​កើន​ឡើង​ចំនួន ៥,៧% ក្នុង​មួយ​ឆ្នាំៗ គឺ​មាន​តម្លៃ​ខ្ពស់​ជាង​ពេល​ណាៗ​ទាំង​អស់ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ឡើង​ថ្លៃ​ម្ហូប​អាហារ​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក។
នេះ​គឺ​ជា​ការ​កើន​ឡើង​បន្ថែម បន្ទាប់​ពី​រយៈពេល​ពេញ​មួយ​ឆ្នាំ​នៃ​ឆ្នាំ​២០១០ តម្លៃ​ទំនិញ​មាន​ស្ថិរភាព​នៅ​នឹង​មិន​ឡើង​មិន​ចុះ។
ទោះ​បី​ជា​អ្នក​ស្រែ​បាន​ត្អូញ​ថា ផលិតផល​ស្រូវ​ដែល​លក់​ឲ្យ​ឈ្មួញ​បាន​តម្លៃ​ថោក​មិន​រួច​ថ្លៃ​ផលិត ប៉ុន្តែ​របាយការណ៍​របស់​ធនាគារ​ពិភពលោក​បាន​និយាយ​ថា ឆ្នាំ​២០១១ តម្លៃ​អង្ករ​បាន​កើន​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ គឺ​អង្ករ​គុណភាព​អន់​បំផុត មួយ​គីឡូក្រាម​មាន​តម្លៃ​ជិត ១.៨០០​រៀល។ គិត​ជា​មធ្យម តម្លៃ​អង្ករ​បាន​កើន​តម្លៃ​ប្រហែល ២,៨% ក្នុង​មួយ​ខែ ហើយ​ស្មើ​នឹង ១៦,៨% ក្នុង​មួយ​ឆ្នាំ។
របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា តម្លៃ​ម្ហូប​អាហារ​វិញ បាន​កើន​ឡើង​កាន់​តែ​អាក្រក់​ទៅ​ទៀត។ តម្លៃ​ប្រេង​ឆា គិត​មក​ដល់​ខែ​មេសា ឆ្នាំ​២០១១ បាន​ឡើង​ជិត ៣៨% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១០។ ប៉ុន្តែ​បើ​គិត​ពី​តម្លៃ​ប្រាក់​ឈ្នួល​របស់​កម្មករ​គ្មាន​ជំនាញ​វិញ ក្នុង​មួយ​ថ្ងៃ​គេ​អាច​រក​បាន​ចន្លោះ ១​ម៉ឺន​រៀល ទៅ ១២.០០០​រៀល​ប៉ុណ្ណោះ គឺ​មាន​ន័យ​ថា កំណើន​ប្រាក់​ខែ​របស់​កម្មករ​ស៊ី​ឈ្នួល​បាន​កើន​ចំនួន ០,៨% ពី​មួយ​ខែ​ទៅ​មួយ​ខែ គឺ​ស្មើ​នឹង ៣,៧% នៃ​កំណើន​ប្រចាំ​ឆ្នាំ​ប៉ុណ្ណោះ។
នៅ​តាម​ដង​ផ្លូវ​សាធារណៈ ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប និង​ក្រុម​អ្នក​រត់​រ៉ឺម៉ក ក៏​ដូច​ជា​ក្រុម​អ្នក​ផ្សារ កម្មករ​កាត់​ដេរ និង​កម្មករ​ផ្នែក​ផ្សេង​ទៀត បាន​ត្អូញ​អំពី​រឿង​នេះ។
អ្នក​រត់​រ៉ឺម៉ក​ឈ្មោះ អេង សុភ័ណ អាយុ ៤៥​ឆ្នាំ នៅ​សង្កាត់​និរោធ ក្រុង​ភ្នំពេញ បាន​បញ្ជាក់​បន្ថែម ៖ «ពិបាក​បន្តិច​បង! ពិបាក​រក ហើយ​កាល​ណា​ដែល​យើង​រក​មិន​បាន គឺ​ថា ជីវភាព​ប្រចាំ​ថ្ងៃ​របស់​យើង​ថយ​តាម​ហ្នឹង។ ការ​ចំណាយ​យើង​វា​ច្រើន​ពេក។ ទី​មួយ​កូន​រៀន ថ្លៃ​ទឹក​ថ្លៃ​ភ្លើង។ កូន​រៀន​គិត​ថា ៣​ពាន់​ក្នុង​មួយ​ថ្ងៃ អត់​ទាន់​បាន​គិត​ថ្លៃ​ម្ហូប​ជុំ​គ្នា​ផង»
ដូច​គ្នា​នេះ​ដែរ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ អត្ថាធិប្បាយ​ថា ស្ថានភាព​កម្មករ​កាត់​ដេរ​វិញ រឹត​តែ​យ៉ាប់​ទៅ​ទៀត ៖ «យើង ​សង្កេត​ឃើញ​ថា កម្មករ​ទាំង ៣៧​ម៉ឺន​នាក់​កំពុង​តែ​ជួប​បញ្ហា​ធ្ងន់ធ្ងរ។ ឥឡូវ​នេះ​យើង​ឃើញ​ថា កម្មករ​មួយ​ចំនួន​កំពុង​តែ​មាន​សុខភាព​ទ្រុឌទ្រោម​នៅ​ពេល​ដែល​គាត់​ញ៉ាំ​ អាហារ​ស្ដួចស្ដើង។ ពី​ដើម​គាត់​ញ៉ាំ​មួយ​ពេល​អស់ ១.៨០០​រៀល ប៉ុន្តែ​គាត់​អាច​ញ៉ាំ​បាន ទោះ​បី​ជា​អាហារ​នេះ​មិន​ឆ្ងាញ់​ក៏ដោយ តែ​អាច​មាន​កម្លាំង»
អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​លោក ហេង គឹមឡុង បញ្ជាក់​ថា ការ​ឡើង​ថ្លៃ​ស្បៀង និង​ម្ហូប​អាហារ​កើត​ឡើង​ដោយសារ​តែ​ការ​ផ្គត់ផ្គង់​ត្រី សាច់​សត្វ និង​របស់​កសិផល​មាន​ការ​ខ្សត់ខ្សោយ​មិន​គ្រប់​តម្រូវការ​ទីផ្សារ ហើយ​បញ្ហា​នេះ​បាន​រីក​រាលដាល​ពាស​ពេញ​ពិភពលោក ប៉ុន្តែ​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​សម្រាប់​កម្ពុជា កើត​ឡើង​ដោយសារ​តែ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ខ្មែរ​ទាប​ពេក។
តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ដល់​ពេល​វេលា​ដែល​ត្រូវ​មាន​ច្បាប់​សម្រាប់​កំណត់​ប្រាក់​បៀវត្សរ៍​អប្បបរមា ​សម្រាប់​មន្ត្រី​រាជការ និង​និយោជិក​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ ​ក្រោយ​ពី​ការ​ទាមទារ​អំពី​រឿង​នេះ​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង​ អស់​ត្រូវ​បាន​គេ​រាំង​ខ្ទប់​មក។
លោក សុន ឆ័យ ពន្យល់​ថា នេះ​ជា​ច្រក​មួយ​ដើម្បី​ជួយ​ដល់​អ្នក​មាន​ប្រាក់​ចំណូល​ទាប​ទាំង​អស់ ៖ «យ៉ាង ​ហោច​ណាស់​យើង​គិតគូរ​ពី​កម្មករ ពី​មន្ត្រី​រាជការ ពី​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​យើង​ដែល​រដ្ឋ​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ពួកគាត់​មាន​ស្ថានភាព​បែប​នេះ ដែល​ទំនិញ​ឡើង​ថ្លៃ​គ្រប់​បែប​យ៉ាង​ដោយ​ធ្វើ​ជា​ច្បាប់​កំណត់»
កម្មករ គ្រូ​បង្រៀន ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប ធ្លាប់​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះស្រាយ ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​ទាន់​ការ​ឆ្លើយ​តប​ពី​មន្ត្រី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។
មន្ត្រី​ជា​ច្រើន​នាក់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​វិទ្យុ​អាស៊ីសេរី បាន​ទាក់ទង​សុំ​សេចក្ដី​បំភ្លឺ មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ មិថុនា។
ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​អ្នក​តំណាងរាស្ត្រ​បាន​ផ្ដល់​យោបល់​ថា ថ្វី​បើ​គេ​មិន​អាច​បញ្ចុះ​តម្លៃ​ទំនិញ​បាន​ទេ ប៉ុន្តែ​រដ្ឋាភិបាល​គួរ​តែ​ចាត់​វិធានការ​បន្ទាន់​ទៅ​លើ​ការ​បង្កើន​ការ​ បណ្ដុះបណ្ដាល​សមត្ថភាព​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​រក​ការងារ​ធ្វើ ដើម្បី​ឲ្យ​បាន​កម្រៃ​ខ្ពស់ និង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ឲ្យ​បាន​គ្រប់​កន្លែង ដើម្បី​ឲ្យ​អ្នក​ស្រែ​ចម្ការ​មាន​លទ្ធភាព​ធ្វើ​កសិកម្ម​ជា​ប្រចាំ​ ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល ក៏​ដូច​ជា​បង្កើន​ផលិតផល​កសិកម្ម​នៅ​លើ​ទីផ្សារ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น