ម្តាយនឹងកូនត្រូវចប់ដោយរឿងដី

(ប្រុសកោះ)
ថ្ងៃព្រហស្បត្ត៏ ទី៧ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៧:៤៤
ស្រ្តីជាម្តាយ​ដែល​ចាញ់​ក្តី
កោះសន្តិភាព
ស្រ្តីជាម្តាយ​ដែល​ចាញ់​ក្តី

រាជធានីភ្នំពេញ​​ ៖ ​លោកហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញា​​រង​តំណាង​​​ឱ្យស្ថាប័ន​អយ្យការ​​​សាលា​ដំបូងរាជ​ធានី​ ភ្នំពេញ​ ​​កាលពីព្រឹកថ្ងៃទី​​៧ កក្ក​ដា បានដឹកនាំកម្លាំង​​​ចម្រុះ​​ចុះអនុវត្ត​​​​សាល​ដីកា​​តុលាការ​​​កំពូល​ នៅផ្ទះ​​លេខ​​​១៣៣Eo ផ្លូវ​​លេខ​​២៧៤ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​​៧​មករា ​ដែល​​សាលដីកា​​នេះបានសម្រេច​​​ឱ្យ​​ប្រគល់​ផ្ទះ​លេខ​១៣៣Eo ទៅឈ្មោះ​​ទឹម សុភាព ភេទស្រី អាយុ​​​៥៣​ឆ្នាំ ​និងតម្រូវ​​ឱ្យឈ្មោះ​​​ហែម គង់ ភេទ​ស្រី អាយុ​​៧៥​ឆ្នាំ ​ត្រូវជា​ម្តាយ​​​ ស្នាក់​នៅ​​បន្ទប់​តូច​​​​មួយ​​ខាង​ក្រោយ ​​និងពុំ​​អនុញ្ញាត​​​ឱ្យ​​​ឈ្មោះ​ទឹម សុខថូ, ឈ្មោះ​កែវ យុន, ឈ្មោះ​​​ទឹម សុធា និង​ឈ្មោះ​​ទឹម ​រម្យនា រស់​​​នៅលើ​ផ្ទះ​​នោះ​​​​ទៀត​ឡើយ​។

ក្នុង​កំណត់​​​ហេតុ​របស់​​គណៈ​កម្មការ​​ចុះ​​អនុវត្ត​ ​សាល​ដីកា​នោះបានបញ្ជាក់​​យ៉ាង​ច្បាស់​ថា ពិនិត្យ​​ជាក់ស្តែង​​លើឈ្មោះ​​​​ហែម គង់ ត្រូវ​ជា​ម្តាយ​​​​អ្នក​ស្រី​​ទឹម សុភាព ដែល​ជា​អ្ន​កឈ្នះក្តី​​​គឺ​សាល​ដីកា​​តម្រូវ​ឱ្យ​លោកយាយ​នៅ​ចំណែក​ខាងក្រោយ ​ខាង​កើត​ផ្ទះ​​​​មាន​បន្ទប់​​តូច​​មួយ និង​មាន​ទ្វារ​មួយ​ជា​ច្រកចេញ​​តាម​ឌឿង​ហែម​ខាង​ក្រោយ​​ មិន​ឱ្យ​ឆ្លងកាត់​មុខផ្ទះ​​​អ្នកស្រី​​ទឹម សុភាព នោះទេ​។​ ចំណែក​​សំយាប​មួយទៀតដែល​​លោកយាយ និង​កូន​​តភ្ជាប់​​ពីផ្ទះ​​លេខ​​១៣៣Eo សម្រាប់​ដាក់​លក់​អាគុយ​​​គឺ​រក្សា​​ទុកជាធម្មតា​។
ដើម​ចម​​ដែលបាន​ធ្វើ​​ឱ្យមាន​​ការ​ចេញ​​​សាល​ដីកា​​ របស់តុលាការ​​កំពូលនោះ​ត្រូវបានមន្ត្រី​​​​​អនុ​វត្តសាលដី​កា​រៀបរាប់​ឱ្យ​​ ដឹង​ថា ​យាយ​ជា​​ម្តាយ​ឈ្មោះ​​ហែម ​គង់ និង​កូនស្រីឈ្មោះ​​​ទឹម សុភាព ​បាន​ក្តី​ក្តាំ​ប្តឹង​ប្តល់​គ្នាដណ្តើម​​​​យកផ្ទះលេខ​​១៣៣Eo នេះតាំង​ពីឆ្នាំ​​២០០៧​មកម៉្លេះ​។
លោក​យាយ​​​ហែម គង់ ជា​ម្តាយ​​និយាយ​ថា គាត់​បាន​​ចូល​មក​​​​បោស​សំរាម​​នៅ​ផ្ទះនេះ​តាំង​ពី​ឆ្នាំ​​​១៩៧៩ ពោលគឺ​​​បែក​ពី​របប​ប្រល័យពូជ​សាសន៍​​​ប៉ុល ពត ហើយ​កូនស្រី​គាត់ឈ្មោះ​​​ទឹម សុភាព ​នេះ​​​​​លោកយាយ​ទើបតែ​​ហៅមក​នៅជាមួយ​​ក្នុង​អំឡុង​ឆ្នាំ​​១៩៨០​មក​ទេ​។
ការរស់នៅ​​​ម្តាយ និង​កូន ក្រោយ​​​មក​​​អ្នក​ស្រី​​​​ទឹម សុភាព ​បានធ្វើ​​​ប្លង់​កម្មសិទ្ធិ​​​កាន់កាប់​ផ្ទះ​គឺ ​បានដាក់​ឈ្មោះ​​អ្នកស្រី​​​​ អត់មានឈ្មោះ​​គាត់​ជា​ម្តាយ​ទេ​។ ដូច្នេះ​​ហើយបានជា​​នៅឆ្នាំ​​២០០៧ ​លោកយាយ​ដាក់​ពាក្យ​ប្តឹង​​​​ទៅសាលា​ដំបូង​​រាជ​ធានី​​ទាមទារ​​​យកផ្ទះ​ គាត់វិញ ​​ពោលគឺ​​​​​​ម្តាយ​​ប្តឹង​កូន​ជាលើក​​ដំបូង​ ។
រឿង​​ក្តី​នេះ​បានតតាំង​គ្នារវាង​ម្តាយ និង​កូនបង្កើត​ ពីសាលា​ដំបូង​​រហូត​ដល់​សាលា​ឧទ្ធរណ៍​​ និងចុងក្រោយ​​នេះ​​តុលា​ការ​​កំពូល ​បាន​សម្រេច​​ឱ្យ​អ្នក​ស្រី​​ទឹម សុភាព​ជា​កូន​​ឈ្នះក្តី និង​​កាន់​កាប់ផ្ទះលេខ​​១៣៣Eo នោះតែ​ម្នាក់​ឯង ។ ​ដោយឡែក​​លោកយាយ​​​ហែម គង់ ជា​ម្តាយ​​​ពេលចាញ់​ក្តី​​​ដណ្តើម​​​ផ្ទះ​កូន​តាម​ផ្លូវ​​​តុលាការ​មិនបាន​​ ត្រូវ​​​បាន​សាល​ដីកា​​សម្រេច​ឱ្យជ្រក​​​ក្នុង​បន្ទប់​​តូចមួយ​ខាង​ក្រោយ​ ផ្ទះ​កូន​ដែល​​ឈ្នះក្តី ​ដែល​​ការ​រស់នៅ​​ហាក់ដូចជា​​ពុំ​មាន​សេរីភាព ​និង​យ៉ាង​តប់​ប្រមល់​។​ ពិសេស​ទៅទៀត ម្តាយ​ និង​កូន​​​​ដែល​បាន​ក្តីក្តាំ​គ្នា​នោះ​​មិន​បាន​និយាយ​​​​ស្តីរក​​គ្នាទេ​​ វា​ហាក់​ដូច​លែង​ជា​​ម្តាយ លែង​កូនទៅ​ហើយ​។
អ្នក​​រស់នៅ​​ជិត​ខាង​បាន​ពោល​ថា ​អ្នកស្រី​​​ទឹម សុភាព ​​អតីត​​ជា​គ្រូ​បង្រៀន​​ មានការ​​​ចេះ​ដឹង​​​ដែរ និង​​​ជាស្ត្រីមេ​ម៉ាយ​​​គ្មានកូន​ចៅ មិន​គួរ​​បោះ​បង់​​ម្តាយ​​ចោលយ៉ាង​ដូច្នេះទេ​ ។ ​​ចុង​ក្រោយ​​​​ លោក​យាយ​​ហែម គង់ ជា​ម្តាយ​ដែលមានអាយុ​​៧៥​ឆ្នាំ ពោលទាំង​ចិត្ត​​​ក្តុកក្តួល​​​ថា ​លោកយាយ​មិន​​អាច​ធ្វើ​អ្វី​​​បាន​ទៀត​​ទេ ​​នេះជា​ព្រហ្មលិខិត​បាន​កំណ​ត់​​ឱ្យ​លោក​​យាយ​ និងកូន​​ចែកផ្លូវ​គ្នា​​​ដើរ​ហើយ​​។ លោក​យាយ​និយាយ​ថា តុលា​ការ​ចុង​ក្រោយ​សម្រេច​​​ឱ្យ​លោក​យាយ​រស់នៅក្រៅ​ផ្ទះ ហើយ​ផ្តល់​សិទ្ធិ​​ឱ្យ​កូន​គ្រប់គ្រង​បែបនេះ​ រូបគាត់​គ្មាន​ផ្លូវ​​​ជំទាស់ទៀត​​ទេ​។ ​មិនអាច​សុំ​​ការ​ធ្វើអត្ថាធិប្បាយ​​​​ពីអ្នក​ស្រី​ទឹម សុភាព ជា​កូនដែល​​​ឈ្នះក្តី​​នេះ​បាន​ឡើយ ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น