ដោយ : រតនា
CEN
ភ្នំពេញ: លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស ខណៈដែលត្រូវរួមរឹតដោយទោសជាប់ពន្ធនាគាររយៈពេលជាង ១០ ឆ្នាំនោះ បានធ្វើការរិះគន់ជាថ្មីម្តងទៀត ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. មិនមានភាពឯករាជ្យ និងស្ថិតក្រោមឥទ្ធិពលគណបក្សកាន់អំណាច។ ក៏ប៉ុន្តែអគ្គលេខាធិការ គ.ជ.ប. បានច្រានចោលការរិះគន់ ហើយថា ពុំចាប់អារម្មណ៍នោះទេ។
ការលើករបស់មេបក្សប្រឆាំងសមរង្ស៊ីខាងលើ បានធ្វើឡើង កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១១ តាមរយៈវីដេអូ ខនហ្វេរ៉ង់ ពីប្រទេសបារាំង មកកាន់កិច្ចប្រជុំ នៅទីស្នាក់ការគណបក្សសមរង្ស៊ី ក្នុងរាជធានីភ្នំពេញ។
តាមរយៈវីដេអូខនហ្វេរ៉ង់ លោក សម រង្ស៊ី បានលើកឡើងថា គ.ជ.ប. មិនមានភាពឯករាជ្យ មិនអព្យាក្រឹត្យ និងបានបំរើផលប្រយោជន៍គណបក្សប្រជាជនកម្ពុជា។ ក៏ប៉ុន្តែលោកសមរង្ស៊ី បានសរសើរដល់ គ.ជ.ប. នៅប្រទេសថៃថា ឯករាជ្យ ក្នុងការរៀបចំការបោះឆ្នោតក្នុងប្រទេសថៃ កាលពីថ្ងៃអាទិត្យ ទី៣កក្កដានេះ។
ជាប្រតិកម្មតប លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានលើកឡើងថា ស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ បានបង្កើតឡើងតាមច្បាប់ ហើយបំបពញការងារត្រឹមត្រូវ តាមច្បាប់។ ក្រោយការបោះឆ្នោតជាតិម្តងៗ អង្គការជាតិ និងអន្តរជាតិ តែងតែចេញនូវសេចក្តីថ្លែងការណ៍ថា ការបោះឆ្នោតមានភាពវិជ្ជមាន ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០០៨។ ប៉ុន្តែមានតែគណបក្សប្រឆាំង ដែលចាញ់ឆ្នោតប៉ុណ្ណោះ ដែលលើកឡើងថា គ.ជ.ប. មិនឯករាជ្យ និងថា ការបោះឆ្នោតមិនយុត្តិធម៌។
លោក ទេព នីថា បានបញ្ជាក់ថា ការរិះគន់របស់លោក សម រង្ស៊ី ចំពោះ គ.ជ.ប. ជារឿង ដែលបក្សប្រឆាំងនិយាយដដែលៗ។
ជាមួយគ្នានោះដែរ លោកអគ្គលេខាធិការ គ.ជ.ប. បានបញ្ជាក់ថា អ្នកដែលមានពិរុទ្ធភាព តាមរយៈតុលាការសម្រេចសេចក្តីរួចហើយនោះ ពុំមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឡើយ។
ទោះបីជាអគ្គលេខាធិការ គ.ជ.ប. មិនបាននិយាយចេញឈ្មោះឲ្យចំថា លោកសមរង្ស៊ី ដែលត្រូវតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុងរឿងព្រំដែនកម្ពុជា-វៀតណាម ប៉ុន្តែគេដឹងថា ការលើកឡើងរបស់អគ្គលេខាធិការ គ.ជ.ប. គឺសំដៅលើលោកសមរង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំងសព្វថ្ងៃ ដើម្បីគេចពីការជាប់ពន្ធនាគារ។
ដូច្នេះសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ខាងមុខ បើសិនជាគ្មានការសម្របសម្រួលនយោបាយណាមួយជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះលោកសមរង្ស៊ី ប្រាកដជា ពុំមានសិទ្ធិឈរឈ្មោះ ក្នុងការបោះឆ្នោតជាមិនខានឡើយ។ លោកសមរង្ស៊ី ត្រូវបង្ខំចិត្ត ធ្វើនយោបាយ តាមទូរសារ និងប្រព័ន្ធអ៊ិនថឺណេត ដូចករណីសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ក្នុងសម័យបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០០៧ និងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ កាលពីឆ្នាំ២០០៨៕
ไม่มีความคิดเห็น:
แสดงความคิดเห็น