មាស សុខជា
មេដឹកនាំគណបក្ស ប្រឆាំង លោក សម រង្ស៊ី បានប្រកាសកាលពីម្សិលមិញថា គណបក្សនេះ នឹងដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មសង្រ្គាម ដែលបានប្រព្រឹត្ត នៅក្នុង និងក្រោយ[រដ្ឋប្រហារ] វាយប្រយុទ្ធគ្នាដ៏បង្ហូរឈាម នៅកណ្តាលទីក្រុងភ្នំពេញ កាលពីថ្ងៃ ទី ៥-៦ កក្កដា ឆ្នាំ១៩៩៧ ។តាមរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា នៅក្នុង និងក្រោយព្រឹត្តិការណ៍វាយប្រយុទ្ធគ្នាដ៏បង្ហូរឈាម ៥-៦ កក្កដា មានមន្ត្រីយោធា មន្ត្រីនគរបាល និងមន្ត្រីស៊ីវិល របស់គណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានគេសម្លាប់ក្រៅច្បាប់ បាត់ខ្លួន ហើយត្រូវបានគេសន្មតថាស្លាប់ មានប្រមាណ ៦០ នាក់។ សាកសពជាច្រើន ដែលត្រូវបានគេរកឃើញ មានដៃជាប់ខ្នោះ ជាប់ចំណង ចងបិទមុខ ស្រាតសម្លៀកបំពាក់ ខ្លះត្រូវគេបាញ់បំបែកក្បាល ឬស្លាកស្នាមធ្វើទារុណកម្មផ្សេងៗ។ លោក ហូ សុខ ដែលពេលនោះ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាមន្ត្រីជំនិតរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ត្រូវបានចាប់ខ្លួន នៅមុខស្ថានទូតសិង្ហបុរី ក្នុងទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី ៧ កក្កដា និងត្រូវបានគេបាញ់សម្លាប់ នៅក្នុងក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃដដែលនោះ ហើយសាកសព ត្រូវបានកងកម្លាំងប្រដាប់អាវុធ ដែលស្មោះត្រង់នឹងលោកហ៊ុន សែន ដឹកយកទៅទម្លាក់ នៅវត្តលង្កា នៅព្រឹកព្រលឹមថ្ងៃទី ៨ កក្កដា ជាមួយនឹងស្លាកស្នាមគ្រាប់កាំភ្លើងពីរគ្រាប់ មួយគ្រាប់ចំក និងមួយគ្រាប់ទៀតចំដើមទ្រូង ហើយបង្ខំបានឲ្យតាអាចារ្យធ្វើការបូជាភ្លាមៗ។
ថ្លែងទៅកាន់អ្នកចូលរួមប្រមាណ ២០០ នាក់ ក្នុងពិធីរំឭកខួប ១៤ ឆ្នាំ ថ្ងៃវាយប្រយុទ្ធគ្នា ៥-៦ កក្កដា ដែលធ្វើឡើងកាលពីម្សិលមិញ នៅទីស្នាក់ការកណ្តាលគណបក្ស តាមរយៈវីដេអូ ខនហ្វឺរ៉េន លោក សម រង្ស៊ី បានចោទលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា បានដឹកនាំកងកម្លាំងប្រដាប់អាវុធ ធ្វើ [រដ្ឋប្រហារ] កំចាត់កងកម្លាំងរបស់អ្នករាជានិយម គណបក្ស ហ៊្វុនស៊ិនប៉ិច ជាគណបក្សឈ្នះឆ្នោត ដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណាឫទិ្ធ ដែលនៅពេលនោះ ជានាយករដ្ឋមន្រ្តីទី ១ បណ្តាលឲ្យមនុស្សរាប់សិបនាក់ ក្នុងគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវកងកម្លាំងដែលស្មោះត្រង់នឹងលោកហ៊ុន សែនសម្លាប់។
លោក សម រង្ស៊ី មិនផ្តល់កាលបរិច្ឆេទច្បាស់លាស់ នៃការដាក់ពាក្យបណ្តឹង ទៅតុលាការអន្តរជាតិនោះទេ ដោយលោកថ្លែងថា លោកកំពុងប្រមូលឯកសារឲ្យបានរឹងមាំ ដើម្បីដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោក ហ៊ុន សែន។ លោក សម រង្ស៊ី បានហៅកងទ័ពគណបក្ស ហ៊្វុនស៊ិនប៉ិច ថា កងកម្លាំងស្នេហាជាតិ ហើយពួកគេជាង ១០០០ នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីកងទ័ពរបស់លោក ហ៊ុន សែន ដែលនៅពេលនោះ ជានាយករដ្ឋមន្ត្រីទី ២ បានចាប់ខ្លួនពួកគេ។
លោក សម រង្ស៊ី បានបញ្ជាក់ថា៖ «យោងតាមច្បាប់អន្តរជាតិ ពួកគេមិនអាចសម្លាប់មនុស្ស ដែលគេបានចាប់ខ្លួនឡើយ នៅពេលអ្នកទាំងនោះគ្មានកាន់អាវុធ ក្រោយការប្រយុទ្ធ»។ លោកបានបន្ថែមទៀតថា ករណីរបស់លោក ហ៊ុន សែន មិនអាចលើកលែងទោសបានឡើយ មិនអាចបំភ្លេចបានឡើយ ព្រោះថា វាជាឧក្រិដ្ឋកម្មសង្គ្រាម វាក៏ដូចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិផងដែរ។
លោក សម រង្ស៊ី បានបន្តថា៖ «ខ្ញុំនឹងប្តឹងលោក ហ៊ុន សែន ពីបទឧក្រិដ្ឋក្នុងអំពើរដ្ឋប្រហារឆ្នាំ ១៩៩៧ ហើយខ្ញុំប្តឹងលោក ហ៊ុន សែន មួយករណីទៀត ពីការសម្លាប់បាតុករ បាញ់បាតុករ ដែលបានទាមទារឲ្យរាប់សន្លឹកឆ្នោតឡើយវិញ កាលពីឆ្នាំ ១៩៩៨។ យើងមានមូលដ្ឋានច្បាស់លាស់ មូលដ្ឋានច្បាប់រឹងមាំ ដើម្បីប្តឹងលោក ហ៊ុន សែន»។
លោកបានបន្ថែមទៀតថា លោកក៏នឹងដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ប្រឆាំងនឹងមេដឹកនាំគណបក្ស ប្រជាជនកម្ពុជាដទៃទៀត ប៉ុន្តែលោកមិនបានប្រាប់ឈ្មោះមន្រ្តីទាំងនោះទេ។
ទាក់ទងនឹងការរៀបចំពិធីរំឭកខួប នៃការវាយប្រយុទ្ធគ្នា ៥-៦ កក្កដានេះ លោក ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីម្សិលមិញ ដោយបានសម្តែងនូវចម្ងល់ ការដែលគណបក្សប្រឆាំង រៀបចំពិធីរំឭកខួបថ្ងៃនេះ។ លោក នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ «គណបក្ស ហ៊្វុនស៊ិនប៉ិច មិនរៀបចំ [ពិធីគម្រប់ខួបថ្ងៃរដ្ឋប្រហារ] ប៉ុន្តែគណបក្សប្រឆាំងរៀបចំទៅវិញ»។ ប៉ុន្តែលោក ហ៊ុន សែន បានបញ្ជាក់ថា លោកមិនរិះគន់គណបក្ស សម រង្ស៊ី ពីការរៀបចំខួបថ្ងៃ [រដ្ឋប្រហារ] នោះទេ ប៉ុន្តែលោកចោទសួរថា រវាងគណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា តើអ្នកណាធ្វើរដ្ឋប្រហារ?
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាអតីតមេបញ្ជាការ នៃកងទ័ពគណបក្សហ៊្វុនស៊ិនប៉ិចបានហៅការរៀបចំប្រារព្ធខួប របស់គណបក្ស សម រង្ស៊ី ថា ជាការរៀបចំឡើង ដើម្បីផលប្រយោជន៍នយោបាយ ដោយលោកបានបញ្ជាក់ថា គណបក្ស សម រង្ស៊ី តែងតែយកថ្ងៃទី ៥‑៦ ខែកក្កដា ឆ្នាំ ១៩៩៧ ដើម្បីស្វែងរកផលប្រយោជន៍នយោបាយ និងថា វាមិនសំខាន់ទេ ចំពោះគណបក្ស ហ៊្វុនស៊ិនប៉ិច ក្នុងការរៀបចំគម្រប់ខួបនេះ ពីព្រោះគណបក្ស ហ៊្វុនស៊ិនប៉ិច តែងតែប្រារព្ធពិធីរំឭកដល់អ្នកស្លាប់ នៅថ្ងៃភ្ជុំបិណ្ឌ និងថ្ងៃបុណ្យចូលឆ្នាំខ្មែរ។
ប៉ុន្តែ លោក សម រង្ស៊ី បានបញ្ជាក់ថា ការប្រារព្ធពិធីរំឭកបាញ់សម្លាប់មនុស្សដ៏បង្ហូរឈាម ឆ្នាំ ១៩៩៧ នេះ ជាកិច្ចការសំខាន់ណាស់ ដើម្បីឲ្យប្រជាជនចងចាំ ពីប្រវត្តិនយោបាយ ដែលទាក់ទងនឹងបេះដូងប្រជាជនខ្មែរ។ លោកបញ្ជាក់ថា៖«យើងបានរៀបចំពិធីនេះឡើង ដើម្បីបង្ហាញថា យើងមិនភ្លេចយករឿងនេះ ទៅប្តឹងនៅតុលាការអន្តរជាតិឡើយ។ វាជាការសំខាន់ក្នុងការដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ដើម្បីចាត់វិធានការប្រឆាំងនឹងជនឧក្រិដ្ឋនៅកម្ពុជា»។
យ៉ាងណាក្តី លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា ការប្រកាសរបស់គណបក្ស សម រង្ស៊ី ប្តឹងលោកហ៊ុន សែន ជាលេសមួយ ប៉ុន្តែ នឹងដាក់កំហុសលើរដ្ឋាភិបាល ដោយលោកបានបញ្ជាក់ថា លោក សម រង្ស៊ី មិនអាចវិលត្រឡប់មកកម្ពុជាវិញបានទេ ដោយសារតែគាត់ បានព្យាយាមបង្កើតបញ្ហាដទៃទៀត ដើម្បីប្តឹងរដ្ឋាភិបាល។ លោក ទិត សុធា បញ្ជាក់ថា៖ «ក្នុងព្រឹត្តិការណ៍លើកមុន ជាកាតព្វកិច្ចរបស់រដ្ឋាភិបាល រៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម ដើម្បីចៀសវាងកុំឲ្យកើតមានចលាចល។ បញ្ហានោះ មិនមែនជាកង្វល់របស់រដ្ឋាភិបាលឡើយ»៕
ไม่มีความคิดเห็น:
แสดงความคิดเห็น