​សម្លាប់​ឈ្លើយ​សឹក​ដ៏​ឃោរឃៅ​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ក្រុមព្រះ

ដោយ ជី វិតា

2011-07-05
ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋ​មន្ត្រី​ទី​១ នៅ​ក្នុង​ថ្ងៃ​៥-៦ កក្កដា ឆ្នាំ​១៩៩៧ បាន​បណ្ដាល​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ស្លាប់ និង​រង​របួស​ជា​ច្រើន​រយ​នាក់។

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ឆ្លើយ​បទ​សម្ភាស​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី នៅ​ព្រះ​រាជ​ដំណាក់​របស់​ព្រះអង្គ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១០

ក្នុង​នោះ ទាហាន និង​មន្ត្រី​យោធា​នៃ​គណ​បក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច​រាប់​សិប​នាក់​ត្រូវ ​បាន​ប្រហារ​ជីវិត​ក្រៅ​ច្បាប់។ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​សាក​សព​ជន​រង​គ្រោះ​ដែល​បាន​រក​ឃើញ នៅ​តំបន់​ពេជ្រនិល នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ និង​ជុំវិញ​ទីក្រុង​ភ្នំពេញ ស្លាប់​ក្នុង​ដៃ​ជាប់​ចំណង ដែល​បញ្ជាក់​អំពី​ការ​រង​ទារុណកម្ម​មុន​នឹង​ត្រូវ​ប្រហារ​ជីវិត ដែល​នេះ​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។
ច្បាប់​សង្គ្រាម ឬ​ច្បាប់​មនុស្សធម៌​អន្តរ​ជាតិ ដែល​បាន​កំណត់​ដោយ​អនុសញ្ញា​ក្រុង​ហ្សឺណែវ ចែង​ថា ទាហាន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​សមរភូមិ ឬ​បាន​ទម្លាក់​អាវុធ​ចុះ​ចូល គឺ​ជា​ឈ្លើយ​សឹក ឬ​អ្នក​ទោស​សង្គ្រាម ហើយ​ត្រូវ​តែ​ទទួល​បាន​ការ​ការ​ពារ​ជីវិត និង​ប្រព្រឹត្ត​ចំពោះ​ឲ្យ​បាន​សមរម្យ​ជា​មនុស្ស។ ហើយ​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​វិញ នៅ​ពេល​ការ​ច្បាំង​គ្នា​បាន​បញ្ចប់។ ការ​ប្រហារ​ជីវិត​សត្រូវ​របស់​ខ្លួន ដែល​បាន​ទម្លាក់​អាវុធ​ចុះ​ចូល ឬ​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ គឺ​ជា​អំពើ​រំលោភ​ច្បាប់​សង្គ្រាម ឬ​ហៅ​ថា ការ​សម្លាប់​ក្រៅ​ច្បាប់។
នៅ​លើ​គេហទំព័រ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ដែល​មាន​អាសយដ្ឋាន cambodia.ohchr.org រាយ​ការណ៍​ថា មនុស្ស​ប្រមាណ ៦០​នាក់ ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់ នៅ​ក្នុង​អំឡុង​ពេល​រដ្ឋ​ប្រហារ​គិត​ចាប់​ពី​ថ្ងៃ​ទី​២ កក្កដា ដល់​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩៩៧ កាល​ពី ១៤​ឆ្នាំ​មុន។ ភាគ​ច្រើន​នៃ​ជន​រង​គ្រោះ​ជា​ទាហាន និង​មន្ត្រី​យោធា ប៉ូលិស របស់​គណ​បក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច។ ចំនួន​នេះ​មិន​រាប់​បញ្ចូល​ជីវិត​ជន​ស៊ីវិល និង​ទាហាន​ដែល​បាន​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​ស្មោះ​ត្រង់ ​នឹង​សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋ​មន្ត្រី​ទី​១ និង​កង​ទ័ព​ស្មោះ​ត្រង់​នឹង​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ទី​២ នោះ​ទេ។

ការ​សម្លាប់​មនុស្ស​ដ៏​ឃោរឃៅ​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន

លោក  Christophe Peschoux អតីត​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ព្រឹត្តិការ​ថ្ងៃ​៥-៦ កក្កដា នោះ បាន​បញ្ជាក់​ថា សាក​សព​និមួយៗ ដែល​លោក​បាន​រក​ឃើញ​មាន​សភាព​គួរ​ឲ្យ​រន្ធត់ តក់ស្លុត ៖ «ករណី​ខ្លះ​យើង​ឃើញ​មាន​ឆ្អឹង​មនុស្ស​រាយ​ប៉ាយ​ជាប់​លើ​នឹង​ គំនរ​កង់​ឡាន ដែល​មាន​ស្នាម​ឆេះ​រោល។ នេះ​បញ្ជាក់​ថា ជន​រង​គ្រោះ​មួយ​ចំនួន​ត្រូវ​បាន​គេ​ដុត​នឹង​គំនរ​កង់​ឡាន។ រណ្ដៅ​សព​ខ្លះ​ពេល​ជីក​គាស់​ចេញ​មក យើង​ឃើញ​មាន​ជន​រង​គ្រោះ​ម្នាក់។ រណ្ដៅ​ខ្លះ​ទៀត​ជា​រណ្ដៅ​រួម មាន​សាក​សព​បី​បួន​នាក់។ អ្នក​ដឹង​ទេ សព​ខ្លះ​យើង​រក​ឃើញ​នៅ​ក្នុង​ប្រឡាយ​ទឹក ខ្លះ​ទៀត យើង​ប្រទះ​ឃើញ​អណ្ដែត​ទឹក​នៅ​ក្នុង​ទន្លេ​មេគង្គ។ អ្វី​ដែល​ពិបាក​សម្រាប់​យើង​នោះ គឺ​សាក​សព​ជា​ច្រើន យើង​មិន​អាច​កំណត់​អត្តសញ្ញាណ​ពួក​គេ​បាន ដោយ​សារ​តែ​មាន​សភាព​រលួយ​ពិបាក​ចំណាំ។ គោល​បំណង​របស់​យើង​ក្នុង​ការ​ព្យាយាម​ចំណាំ​អត្តសញ្ញាណ​សាក​សព​ឲ្យ​បាន​ ច្បាស់​នោះ គឺ​ដើម្បី​ជួយ​ផ្ដល់​ដំណឹង​ដល់​សាច់​ញាតិ​របស់​ពូក​គេ ដែល​មក​ពឹង​ពាក់​ឲ្យ​យើង​ជួយ​រក។ ភាគ​ច្រើន​នៃ​ជន​រង​គ្រោះ​ដែល​យើង​រក​ឃើញ​ស្លាប់​ក្នុង​ដៃ​ជាប់​ចំណង។ ដៃ​ទាំង​ពីរ​ចង​ស្លាប​សេក​ទៅ​ក្រោយ ចង​ជា​មួយ​ក្រមា ឬ​ខ្សែ។ យើង​រក​ឃើញ​នៅ​តំបន់​ពេជ្រនិល នៅ​ជិត​ឧដុង្គ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ យើង​រក​ឃើញ​នៅ​តាម​ផ្លូវ​ទៅ​ខេត្ត​កំពង់ឆ្នាំង និង​ទី​កន្លែង​ផ្សេងៗ ទៀត​នៅ​ជិត និង​ជុំវិញ​ទីក្រុង​ភ្នំពេញ»
នៅ​ថ្ងៃ​ទី​៥ ទី​៦ កក្កដា ឆ្នាំ​១៩៩៧ ខណៈ​ការ​ផ្ទុះ​អាវុធ​កំពុង​កើត​ឡើង​នៅ​ក្នុង និង​ជុំវិញ​ទីក្រុង​ភ្នំពេញ រវាង​កង​ទ័ព​ស្មោះ​ត្រង់​នឹង​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋ​មន្ត្រី​ទី​១ និង​កង​ទ័ព​ស្មោះ​ត្រង់​នឹង​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ទី​២ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាស​ថា កង​ទ័ព​រដ្ឋាភិបាល​កំពុង​បង្ក្រាប​ក្រុម​ជ្រុល​និយម និង​កង​ទ័ព​ខ្មែរ​ក្រហម។
លោក Brad Adams អតីត​មន្ត្រី​ច្បាប់​ជាន់​ខ្ពស់​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា បច្ចុប្បន្ន​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch ដែល​បាន​ចុះ​ស៊ើប​អង្កេត​គាស់​កកាយ​សាក​សព​ជន​រង​គ្រោះ ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥ និង​ទី​៦ កក្កដា​នោះ និយាយ​ថា បើ​ទោះ​ជា​ការ​សម្លាប់​មនុស្ស​ជា​អំពើ​មិន​ល្អ​ក៏​ដោយ ប្រសិន​បើ​នៅ​ក្នុង​ថ្ងៃ​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥ ទី​៦ កក្កដា នោះ មាន​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់​បាត់​បង់​ជីវិត ដោយ​សារ​តែ​ការ​ប្រយុទ្ធ​គ្នា ហើយ​ចប់​ទៅ​នោះ គេ​អាច​មើល​ឃើញ​ថា នោះ​ជា​ជម្លោះ​នយោបាយ​មួយ នាំ​រហូត​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា។ ហើយ​ការ​បាត់​បង់​ជីវិត​មនុស្ស​នា​ពេល​នោះ អាច​ជា​ការ​ស្លាប់​ក្នុង​ពេល​ប្រយុទ្ធ​គ្នា​លើ​សមរភូមិ ឬ​ក៏​ការ​សម្លាប់​ដោយ​ភ័ន្តច្រឡំ។ បើ​ទោះ​ការ​បាត់​បង់​ជីវិត​មនុស្ស​វា​ជា​រឿង​អាក្រក់ តែ​វា​អាច​ទទួល​យក​បាន ៖ «ប៉ុន្តែ​អ្នក​ដឹង​ទេ នៅ​ពេល​ដែល​មនុស្ស​ទាំង​នោះ​ត្រូវ​បាន​គេ​ដេញ​តាម​ចាប់ ហើយ​សម្រាត​សំលៀក​បំពាក់​ចេញ​ពី​ខ្លួន ចង​មុខ ចង​ស្លាប់​សេក ឬ​ដាក់​ខ្នោះ រួច​ប្រើ​កាំភ្លើង​បាញ់​បំបែក​លលាដ៍​ក្បាល ហើយ​កប់​ក្នុង​រណ្ដៅ​រាក់​ៗ នោះ​គឺ​ជា​រឿង​មួយ​ដ៏​អសីលធម៌ និង​អមនុស្សធម៌​ផ្សេង​ទៀត​ទៅ​វិញ។ វា​ជា​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ខ្លាំង​ណាស់»
នៅ​ក្នុង​របាយ​ការណ៍​ដែល​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ឧត្ដម​ស្នងការ​ អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ចំនួន​មន្ត្រី​យោធា និង​ប៉ូលិស​ជាន់​ខ្ពស់​នៃ​គណ​បក្ស​ហ៊្វុនស៊ិនបិច​ដែល​ត្រូវ​បាន​សម្លាប់​ ក្រៅ​ច្បាប់ និង​បាត់​ខ្លួន​ហើយ​ត្រូវ​បាន​សន្មត​ថា​ស្លាប់​នោះ មាន​ប្រមាណ ៦០​នាក់។ មន្ត្រី​ដែល​ត្រូវ​បាន​សម្លាប់ រួម​មាន​ឧត្ដមសេនីយ៍ ចៅ សម្បត្តិ ឈ្មោះ​ក្រៅ ហៅ ង៉ូវ ឧត្ដមសេនីយ៍ ក្រូច យឿម និង​លោក ហូ សុខ ជា​ដើម។

ផ្ដាច់​ជីវិត​មនុស្ស​ក្នុង​ពេល​កំពុង​ឃុំ​ខ្លួន

លោក ហូ សុខ ដែល​មាន​តួ​នាទី​ជា​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​មហា​ផ្ទៃ និង​ជា​មេ​បញ្ជាការ​ក្រុម​អង្គរក្ស​របស់​សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋ​មន្ត្រី​ទី​១ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​៧ កក្កដា ដោយ​កម្លាំង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ទី​២ ហ៊ុន សែន នៅ​ខណៈ​ដែល​លោក​កំពុង​ដើរ​ចេញ​ពី​និវេសនដ្ឋាន​របស់​ឯក​អគ្គ​រដ្ឋ​ទូត​ សិង្ហបុរី ក្នុង​ក្រុង​ភ្នំពេញ។ បន្ទាប់​មក លោក ហូ សុខ ត្រូវ​បាន​នាំ​ខ្លួន​យក​ទៅ​ក្រសួង​មហា​ផ្ទៃ។ នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​ប្រហែល ៥​ល្ងាច លោក ហូ សុខ ត្រូវ​បាន​ផ្ដាច់​ជីវិត​នឹង​គ្រាប់​កាំភ្លើង ខណៈ​កំពុង​ជាប់​ឃុំ​ក្នុង​បន្ទប់​មួយ ក្នុង​ក្រសួង​មហា​ផ្ទៃ។ នៅ​ថ្ងៃ​បន្ទាប់ ទី​៨ កក្កដា វេលា​ម៉ោង ៣​ជិត​ភ្លឺ សាក​សព​មួយ​ពាក់​ឈ្មោះ ហូ សុខ ដែល​មាន​ស្នាម​គ្រាប់​កាំភ្លើង​ទម្លុះ​ចូល​ដើម​ទ្រូង​មួយ​គ្រាប់ និង​បំពង់​ក​មួយ​គ្រាប់​ទៀត​នោះ ត្រូវ​បាន​កង​ប្រដាប់​អាវុធ​មួយ​ក្រុម​ក្នុង​ឯក​សណ្ឋាន​យោធា​ត្រៀម​ប្រយុទ្ធ នាំ​យក​ទៅ​វត្ត​លង្កា ក្នុង​ក្រុង​ភ្នំពេញ ហើយ​បញ្ជា​ឲ្យ​បូជា​ភ្លាមៗ ដោយ​គ្មាន​លិខិត​មរណភាព​បញ្ជាក់​តាម​ផ្លូវ​ច្បាប់​ឡើយ។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ នោះ បន្ទាប់​ពី​សព​លោក ហូ សុខ ត្រូវ​បាន​បូជា​ហើយ គេ​ឃើញ​នាយកដ្ឋាន​សុខាភិបាល​នៃ​សាលា​ក្រុង​ភ្នំពេញ ចេញ​លិខិត​មរណភាព​ដោយ​គ្រាន់​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក ហូ សុខ ត្រូវ​បាន​ស្លាប់​ដោយ​សារ​គ្រាប់​កាំភ្លើង។ នៅ​ក្នុង​របាយ​ការណ៍​អង្គការ​សហ​ប្រជា​ជាតិ​បញ្ជាក់​ថា អតីត​អគ្គ​មេ​បញ្ជា​ការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី គឺ​ជា​អ្នក​ជាប់​សង្ស័យ​ក្នុង​ការ​ធ្វើ​ឃាត​លោក ហូរ សុខ។
នៅ​ក្នុង​ខួប​ទី ១៤​ឆ្នាំ នៃ​ឃាតកម្ម​លើ​លោក ហូ សុខ លោក​ស្រី ជា គិម ជា​ភរិយា​របស់​លោក ហូ សុខ បាន​ថ្លែង​ពី​សហ​រដ្ឋ​អាមេរិក​មក​ថា លោក​ស្រី​គ្មាន​សង្ឃឹម​ថា គេ​អាច​រក​យុត្តិធម៌​ជូន​ស្វាមី​លោក​ស្រី​បាន​ទេ។ ប៉ុន្តែ​មនុស្ស​ហ្នឹង​ក៏​ស្លាប​ដែរ​បាត់​ទៅ​ហើយ ៖ «ប្ដី​ខ្ញុំ​ស្លាប់​ ទាំង​មូល ធ្វើ​ឲ្យ​ខ្ញុំ​រងទុក្ខ​វេទនា​ក្នុង​រយៈ​កាល​ជាង ១០​ឆ្នាំ​នេះ មក​នេះ។ ខ្ញុំ​ឈឺចាប់​ខាង​ក្នុង ខ្ញុំ​និយាយ​វា​មិន​កើត។ កូន​ខ្ញុំ​ទាំង​អស់ ៦​នាក់ ប៉ុន្តែ​ស្លាប់​មួយ​ហើយ។ នៅ​សល់​តែ ៥​នាក់​ទេ។ គេ​សម្លាប់​គាត់​រឿង​គំនុំ​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​មនុស្ស​ហ្នឹង​ក៏​ស្លាប់​ដែរ​បាត់​ទៅ​ហើយ។ ចង់​បាន​យុត្តិធម៌ ប៉ុន្តែ​បើ​គេ​ចង់​រក​យុត្តិធម៌​ឲ្យ​យើង គេ​រក​យូរ​ណាស់​ទៅ​ហើយ។ ប៉ុន្តែ​មាន​អ្នក​អើ​ពើ?»

ការ​រំលោភ​ច្បាប់​សង្គ្រាម

ទាក់ទង​នឹង​ការ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ លោក Brad Adams និយាយ​ថា ទាហាន និង​មន្ត្រី​នៃ​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច ដែល​បាន​ទម្លាក់​អាវុធ និង​ត្រូវ​បាន​ចាប់​ខ្លួន មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឈ្លើយ​សឹក​ឡើយ។ ពួក​គេ​ត្រូវ​បាន​សម្លាប់​យ៉ាង​ទារុណ។ លោក​ថា ទង្វើ​នេះ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ជន​ដៃ​ដល់ និង​អ្នក​បញ្ជា​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់។ ហើយ​ចំពោះ​ថ្នាក់​ដឹក​នាំ​នៃ​ជន​ដៃ​ដល់​ទាំង​នោះ បើ​ទោះ​ជា​មិន​បាន​បញ្ជា​ឲ្យ​សម្លាប់ ប៉ុន្តែ​ដឹង​អំពី​សកម្មភាព​សម្លាប់ ប៉ុន្តែ​មិន​បាន​ព្យាយាម​ទប់​ស្កាត់​ការ​សម្លាប់ ក៏​ត្រូវ​មាន​ពិរុទ្ធភាព​ផង​ដែរ ៖ «មាន​គោល​ការណ៍​មួយ​ហៅ​ថា «ទ្រឹស្ដី​គ្រប់គ្រង​ខ្សែ​រយៈ និង​បញ្ជា»។ ទ្រឹស្ដី​នេះ និយាយ​ថា ប្រសិន​បើ​អ្នក​ជា​មេ​បញ្ជា​ការ ហើយ​អ្នក​បាន​ដឹង ឬ​គួរ​តែ​បាន​ដឹង​ថា ការ​រំលោភ​លើ​ច្បាប់​សង្គ្រាម​កំពុង​បាន​កើត​ឡើង ដូច្នេះ​អ្នក​ត្រូវ​ចាត់​វិធានការ​សម​ស្រប​ណា​មួយ ដើម្បី​បញ្ឈប់​ការ​រំលោភ​ទាំង​នោះ។ ប្រសិន​បើ​អ្នក​មិន​បញ្ឈប់​ទេ អ្នក​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្ដន្ទា​ទោស​តាម​ច្បាប់។ ប្រសិន​បើ​អ្នក​មិន​បាន​ដឹង​ហេតុការណ៍​សម្លាប់​នោះ​ទេ ប៉ុន្តែ​ក្នុង​នាម​ជា​មេ​បញ្ជា​ការ​អ្នក​ព្យាយាម​ប៉ុនប៉ង​មិន​ចង់​ដឹង អ្នក​នឹង​រង​ការ​ចោទ​ថា ធ្វើ​មិន​ដឹង​មិន​ឮ​ដោយ​ចេតនា។ ការ​ចាប់​ឲ្យ​ទទួល​ខុស​ត្រូវ​វា​អាស្រ័យ​លើ​ឋានានុក្រម ឬ​ខ្សែ​សង្វាក់​នៃ​ការ​បញ្ជា និង​ការ​គ្រប់គ្រង ព្រម​ទាំង​ការ​ត្រួត​ត្រា​លើ​ប្រព័ន្ធ​ទំនាក់ទំនង និង​ព័ត៌មាន​ដែល​ត្រូវ​ផ្ដល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក តាម​រយៈ​អ្នក​ចេញ​បញ្ជា»
ចំពោះ​ព្រឹត្តិការណ៍​បាញ់​ប្រហារ​គ្នា​រវាង​កង​ទ័ព​ស្មោះ​ត្រង់​នឹង​ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ និង​កង​ទ័ព​ស្មោះ​ត្រង់​លោក ហ៊ុន សែន នៅ​ក្នុង​ថ្ងៃ​ទី​៥ ទី​៦ កក្កដា លោក Brad Adams បញ្ជាក់​ថា លោក ហ៊ុន សែន ជា​អ្នក​គ្រប់គ្រង និង​បញ្ជា​លើ​ការ​ប្រយុទ្ធ ៖ «ប៉ុន្តែ​សំណួរ​ត្រង់​ថា តើ​លោក ហ៊ុន សែន មាន​ស្ថិត​ក្នុង​បញ្ជា​ការ​លើ​កង​កម្លាំង ដែល​បាន​សម្លាប់​មនុស្ស​ក្រោយ​ពី​ព្រឹត្តិការណ៍​ប្រយុទ្ធ​គ្នា​ហើយ​នោះ​ដែរ​ ឬ​ទេ? តាម​ការ​សន្និដ្ឋាន​របស់​ខ្ញុំ គឺ​ថា​មាន។ ប៉ុន្តែ​វា​ជា​រឿង​ដែល​យើង​ត្រូវ​ស៊ើបអង្កេត​បន្ថែម​ទៀត។ យើង​អាច​សួរ​ទៀត​ថា តើ​លោក ហ៊ុន សែន ដឹង​ទេ​ថា កង​កម្លាំង​របស់​លោក​កំពុង​សម្លាប់​មនុស្ស។ ចំពោះ​សំណួរ​នេះ វា​មាន​លទ្ធភាព​ពីរ។ ទី​មួយ គឺ​ថា លោក ហ៊ុន សែន ជា​អ្នក​ចេញ​បញ្ជា​ឲ្យ​សម្លាប់។ ទី​ពីរ គឺ​ថា លោក​មិន​បាន​ចេញ​បញ្ជា​ទេ។ បើ​គាត់​មិន​បាន​ចេញ​បញ្ជា​ទេ អ៊ីចឹង​សួរ​ទៀត​ថា គាត់​គួរ​តែ​បាន​ដឹង​ដែរ ឬ​ទេ ថា​មាន​ការ​សម្លាប់​ឈ្លើយ​សឹក​កើត​ឡើង​នា​ពេល​នោះ។ បើ​តាម​ការ​យល់​របស់​ខ្ញុំ គាត់​គួរ​តែ​បាន​ដឹង។ ពីព្រោះ​មាន​ព័ត៌មាន​អំពី​ការ​សម្លាប់​ហ្នឹង​ច្រើន​ណាស់ រាយ​ការណ៍​ដោយ​ក្រុម​អ្នក​សារព័ត៌មាន និង​ពី​ការិយាល័យ​របស់​យើង​ផង​ដែរ។ ហើយ​មាន​មនុស្ស​ផ្សេង​ទៀត​បាន​ប្រាប់​លោក ហ៊ុន សែន ថា មាន​ការ​សម្លាប់​កំពុង​កើត​ឡើង។ ប៉ុន្តែ​ការ​សម្លាប់​នៅ​ចេះ​តែ​បន្ត។ ដូច្នេះ លោក ហ៊ុន សែន អាច​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​នោះ បើ​ការ​ស៊ើប​អង្កេត​រក​យុត្តិធម៌​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នោះ»
នៅ​ខណៈ​លោក​នាយក​រដ្ឋ​មន្ត្រី​ទី​២ ហ៊ុន សែន កំពុង​បញ្ជា​កង​ទ័ព​របស់​លោក​ក្នុង​ការ​ប្រយុទ្ធ​នឹង​កង​ទ័ព​ហ៊្វុនស៊ិបប៉ិច ដែល​លោក​ហៅ​ថា ពួក​ជ្រុល​និយម​នោះ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ នាយក​រដ្ឋ​មន្ត្រី​ទី​១ និង​ជា​ប្រធាន​ហ៊្វុនស៊ិបប៉ិច កំពុង​ស្ថិត​នៅ ឬ​កំពុង​គង់​នៅ​លើ​យន្ត​ហោះ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​បារាំង បន្ទាប់​ពី​បាន​ភៀស​ព្រះ​កាយ​ចេញ​ពី​កម្ពុជា​នៅ​១ ឬ​២​ថ្ងៃ មុន​ថ្ងៃ​រដ្ឋ​ប្រហារ។
ក្រោយ​ថ្ងៃ​ទី​៥ ទី​៦ កក្កដា ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត​បរទេស​អំពី​ថា តើ​ហេតុ​អ្វី​បាន​ជា​លោក​ប្រើ​កម្លាំង​ទ័ព​វាយ​ប្រហារ​ទៅ​លើ​កង​ទ័ព​របស់​ នាយក​រដ្ឋ​មន្ត្រី​ទី​១ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឆ្លើយ​ថា សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​ដឹក​អាវុធ​ចូល​ខុស​ច្បាប់ និង​នាំ​កម្លាំង​ខ្មែរ​ក្រហម​ចូល​ទីក្រុង​ភ្នំពេញ ហើយ​កង​កម្លាំង​របស់​លោក គ្រាន់​តែ​ជា​អ្នក​ការ​ពារ​ខ្លួន​ប៉ុណ្ណោះ ៖ «បញ្ហា​គឺ​ថា Prince រណឫទ្ធិ​ជា​អ្នក​ប្រើ​កម្លាំង ខ្ញុំ​មិន​បាន​ប្រើ​កម្លាំង​ឯណា។ ខ្ញុំ​ប្រើ​កម្លាំង​គ្រាន់​តែ​ទប់។ ឥឡូវ​លោក​ឯង​ឲ្យ​ខ្ញុំ​ដក​ថយ ឬ​ឲ្យ​ខ្ញុំ​ទប់? ឥឡូវ​លោក​ឯង​ទៅ​អន្លង់វែង​ខ្លួន​ឯង​ទៅ យក​ក្បាល​ទៅ​រង​គ្រាប់​ខ្លួន​ឯង​ទៅ។ You can go to Anlung Veng for shooting by Pol Pot»
ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​ផ្ញើ​របាយ​ការណ៍​ស្ដីពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ចុះ​ថ្ងៃ​ ទី​២១ សីហា ឆ្នាំ​១៩៩៧ ជូន​ទៅ​រដ្ឋាភិបាល​កម្ពុជា។ នៅ​ក្នុង​របាយ​ការណ៍​ពិស្ដារ​នោះ កំណត់​ហេតុ​សង្ខេប​មួយ​ដែល​មាន​ចំណង​ជើង​ថា ភស្តុតាង​បញ្ជាក់​អំពី​ការ​ប្រហារ​ជីវិត​ក្រៅ​ច្បាប់ ការ​ធ្វើ​ទារុណកម្ម និង​ការ​បាត់​ខ្លួន ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​១៩៩៧ បាន​បរិយាយ​ថា នៅ​ចន្លោះ​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៩ កក្កដា សាក​សព​មនុស្ស​ចំនួន ៤៦​នាក់ ត្រូវ​បាន​ទាហាន​របស់​គណ​បក្ស​ប្រជា​ជន​ដឹក​ជញ្ជូន​ទាំង​ថ្ងៃ ទាំង​យប់ យក​ទៅ​ទម្លាក់​នៅ​ក្នុង​វត្ត​មួយ ក្នុង​ទីក្រុង​ភ្នំពេញ។ សាក​សព​ទាំង​នោះ​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ​សំគាល់​ខ្លួន ពុំ​មាន​លិខិត​បញ្ជាក់​មរណភាព ឬ​ពុំ​មាន​លិខិត​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​ពី​សមាជិក​សាច់​ញាតិ​នៃ​សព ដើម្បី​បូជា​សោះ​ឡើយ។ ប៉ុន្តែ​ក្រុម​ទាហាន​ដែល​មាន​អាវុធ​នៅ​ក្នុង​ដៃ គ្រាន់​តែ​ប្រាប់​ថា អ្នក​ស្លាប់​ទាំង​នោះ​គឺ​ជា​ទាហាន​ខ្មែរ​ក្រហម ហើយ​ក៏​បង្គាប់​ឲ្យ​ដុត​បូជា​សាក​សព​ទាំង​នោះ​ភ្លាមៗ។ ចំនួន​ពាក់​កណ្ដាល​នៃ​សាក​សព​ទាំង​នោះ មាន​ស្នាម​គ្រាប់​កាំភ្លើង​បាញ់​ទម្លុះ​លលាដ៍​ក្បាល។
របាយ​ការណ៍​បន្ត​ទៀត​ថា ក្នុង​ចំណោម​សាក​សព​ទាំង​អស់​នោះ មាន​តែ​ពីរ​ទៅ​បី​នាក់​ប៉ុណ្ណោះ ដែល​ជា​ទាហាន​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​លើ​សមរភូមិ ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥ និង​ទី​៦ កក្កដា ឆ្នាំ​១៩៩៧។ សាក​សព​ចំនួន​៤ ទៅ​៥​នាក់​ទៀត ត្រូវ​គេ​នាំ​ចេញ​ពី​មន្ទីរ​ពេទ្យ​កាលម៉ែត្រ។ ហើយ​មាន​តែ​សាក​សព​មន្ត្រី​យោធា​ជាន់​ខ្ពស់​បួន​នាក់​គត់ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ញាតិមិត្ត​លាង​សំអាត​ខ្លួន​ប្រាណ​មុន​ពេល​បូជា៕

ไม่มีความคิดเห็น:

แสดงความคิดเห็น