ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ឱ្យ​កម្ពុជា​ខ្ចី​៥០០​លាន​ដុល្លារ សម្រាប់​កាត់​បន្ថយ​ភាព​ក្រីក្រ

ដោយ សុខ សេរី

2011-07-07
ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា អេឌីប៊ី (ADB) ប្រើប្រាស់ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ដោយ​អនុវត្តន៍​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​រយៈ​ពេល ៣ ឆ្នាំ​របស់​ខ្លួន ផ្ដោត​លើ​វិស័យ​កសិកម្ម​ជា​សំខាន់។
RFA/Leng Maly
រូបថត ៖ ១២-មេសា-២០១១ ៖ កុមារា​នេះ​កំពុង​ខាត់​ស្បែកជើង​ឱ្យ​ភ្ញៀវ​នៅ​ហាង​គុយទាវ​មួយ នា​ក្រុង​តា​ខ្មៅ។
ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា អេ. ឌី. ប៊ី នៅ​កម្ពុជា នៅ​ថ្ងៃ​ទី ៧ ខែ កក្កដា ឆ្នាំ ២០១១ បាន​ប្រកាស​ថា ធនាគារ​នេះ បាន​អនុម័ត​ប្រាក់​កម្ចី​ការ​ប្រាក់​ទាប​ចំនួន ៥០០ លាន​ដុល្លារ​អាមេរិក សម្រាប់​ឲ្យ​ប្រទេស​កម្ពុជា អភិវឌ្ឍន៍​វិស័យ​សំខាន់ៗ ចំនួន ៥ ចាប់​ផ្ដើម​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៣  ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​កសិករ​ខ្មែរ។

ថវិកា​នេះ ត្រូវ​បាន​អនុម័ត នៅ​ថ្ងៃ​ទី ៥ ខែ​កក្កដា ឆ្នាំ ២០១១ ថ្មីៗ នេះ នៅ​ក្នុង​ទី​ក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippine)។ ការ​ប្រាក់​ទាប​នេះ គឺ​ចំនួន ១ % នៅ​ក្នុង​មួយ​ឆ្នាំ រយៈ​ពេល ៨ ឆ្នាំ​ជា​រយៈ​ពេល​អនុគ្រោះ។ ប៉ុន្តែ ក្រោយ​ពី ៨ ឆ្នាំ​នោះ​មក គឺ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី យក​ការ​ប្រាក់​ចំនួន ១,៥ % ក្នុង​មួយ​ឆ្នាំ។
អ្នក​ចាត់​ចែង​កម្មវិធី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លោក ចន្ថា គឹម មាន​ប្រាប់​អ្នក​កាសែត នៅ​ថ្ងៃ​ទី ៧ ខែ​កក្កដា​ថា ផែនការ​យុទ្ធសាស្ត្រ​រយៈ​ពេល ៣ ឆ្នាំ​នេះ គឺ​ផ្ដល់​សារៈសំខាន់​ដល់​កសិករ​ខ្មែរ ៖ «ជួយ​ដល់​ប្រជា​កសិករ ដើម្បី​ពង្រឹង​សមត្ថភាព​ផលិតភាព​របស់​គាត់ ហើយ​ទី​២ យើង​ជួយ​ដល់​គេ​ហៅ​ថា ធ្វើ​យ៉ាង​ណា​បង្កើន​តម្លៃ​ស្រូវ ដែល​គាត់​ផលិត ហើយ​តាមរយៈ។ យើង​ជួយ​ដល់​រោងចក្រ​កិន​ស្រូវ កែច្នៃ​ឲ្យ​បាន​ល្អ និង​យើង​នាំ​ចេញ ជា​ជាង​កាល​កន្លង​មក​យើង​នាំ​ចេញ​តែ​ស្រូវ​ទេ។ អ៊ីចឹង​ទៅ​តម្លៃ​វា​នៅ​ទាប»។
សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ឲ្យ​ដឹង​ថា វិស័យ​សំខាន់ៗ ចំនួន ៥ នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​នោះ មាន​ដូច​ជា ទី​១ ការ​សាងសង់​ផ្លូវ​ថ្នល់​នៅ​តាម​ជនបទ នៅ​ទី​រួម​ខេត្ត។ ទី​២ បង្កើន​ការ​អភិវឌ្ឍន៍​នៅ​តាម​ជនបទ និង​ឲ្យ​មាន​ទឹក​ស្អាត​ប្រើប្រាស់។ ទី​៣ បង្កើន​ធនធាន​ធម្មជាតិ និង​កសិកម្ម។ ទី​៤ បង្កើន​ការ​សិក្សា និង​បណ្ដុះបណ្ដាល​កសិករ និង​ទី​៥ ទ្រទ្រង់​ដល់​វិស័យ​ហិរញ្ញវត្ថុ។
ខេត្ត​ចំនួន ៧ នៅ​ជុំវិញ​បឹងទន្លេសាប ដែល ធនាគារ អភិវឌ្ឍន៍ អាស៊ី ផ្ដោត​លើ​ការ​អភិវឌ្ឍន៍​នោះ មាន​ដូចជា ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និង​ខេត្ត​កំពង់ធំ ដោយសារ​តែ​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ខេត្ត​ទាំង​នោះ មាន​ប្រជា​ពលរដ្ឋ​ក្រីក្រ​ភាគ​ច្រើន និង​ជា​តំបន់​មាន​សក្ដានុពល​ផ្នែក​កសិកម្ម​នៅ​កម្ពុជា។
ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ​នៃ​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ លោក ងិន ឆាយ មាន​ប្រសាសន៍​ថា កម្ពុជា​មាន​ផែនការ​នាំ​ចេញ​អង្ករ​ចំនួន​ជាង ១ លាន​តោន នៅ​ឆ្នាំ ២០១៥ និង​មាន​ផែនការ​បន្ត​បន្ទាប់​ទៀត។
លោក ងិន ឆាយ ៖ «ពីព្រោះ​ថា បើ​យើង​ពិនិត្យ​ទៅ​លើ​ផ្នែក​ផលិតកម្ម វា​ហាក់​ដូចជា​មិន​សូវ​ជា​ចោទ​ប៉ុន្មាន​ទេ។ ប៉ុន្តែ បើ​យើង​គិត​អំពី​ការ​កែច្នៃ ហាក់​ដូចជា​មាន​បញ្ហា​ច្រើន​ទាក់ទង​នឹង​សមត្ថភាព​ក្នុង​ការ​កែច្នៃ​ឲ្យ​បាន​ ល្អ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ។ ទាក់ទង​ទៅ​នឹង​បង្កើត​ជា​ឃ្លាំង ឬ​មួយ​ជា​ផែ​ដឹក​ជញ្ជូន​ជាដើម»។
កសិករ​ឈ្មោះ អឿ អៀ អាយុ ៥៣ ឆ្នាំ​នៅ​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ថ្លែង​ថា ផែនការ​អភិវឌ្ឍន៍​ជា​យុទ្ធសាស្ត្រ​នេះ លោក​គាំទ្រ និង​ត្រេកអរ ហើយ​លោក​បន្ត​ថា ៖ «កន្លែង​ខ្ញុំ​នេះ ចម្ការ​ណា​បង។ ចម្ការ​ផង​ស្រែ​ផង​អត់​មាន​ទឹក។ ខ្វះ​ទាំង​ពូជ និង​សម្ភារៈ​គ្រប់​សព្វ​ទាំង​អស់​ណា​បង»។
សេចក្ដីប្រកាស​ព័ត៌មាន​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ ២០១០ កន្លង​ទៅ បាន​ពណ៌នា​ថា អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​ពី​ចំនួន ៤៧% នៅ​ឆ្នាំ ១៩៩៣ មក​ត្រឹម
៣០% នៅ​ឆ្នាំ ២០០៧។ ប្រទេស​កម្ពុជា​មាន​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​នេះ មក​ត្រឹម ១៩,៥ % នៅ​ឆ្នាំ ២០១៥៕

ไม่มีความคิดเห็น:

แสดงความคิดเห็น